ខេត្តពោធិ៍សាត់ ៖ ដោយសារទំនាស់រឿងតទុយោទឹកបានឈានដល់ក្មួយប្រុសវាយសំពងម្តាយមីងនឹងឈើជ្រុងបណ្តាលឱ្យបែកក្បាលហូរឈាមដល់ទៅ២នាក់ រួចហើយគេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់បញ្ជូនទៅសង្គ្រោះដល់ប្រទេសវៀតណាម ។ អំពើហិង្សាដោយចេតនានេះ កើតឡើងកាលពីថ្ងៃទី១៥ មីនា វេលាម៉ោង៣និង៥០នាទីរសៀល នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
លោកអនុសេនីយ៍ទោប៉ិច ស៊ីផាន់ នាយប៉ុស្តិ៍ផ្ទះព្រៃឱ្យដឹងថា ស្ត្រីរងគ្រោះទាំងពីរនាក់នេះម្នាក់ឈ្មោះចេង សេងឃីម អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះចេង សេងឃន អាយុ៣១ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។ ចំណែកក្មួយប្រុសជាជនដៃដល់ឈ្មោះចេង ចិន្តា ហៅបារាំង អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា ។ លោកនាយប៉ុស្តិ៍បន្តទៀតថា រឿងរា៉វខាងលើនេះលោកមិនបានដឹងច្បាស់ទេ ព្រោះមកដល់ពេលនេះពុំទាន់មានពាក្យបណ្តឹងនៅឡើយ ។ លោកគ្រាន់តែដឹងតាមអ្នកផ្សារពោធិ៍សាត់និយាយតៗគ្នាថា ពីមុនមកក្នុងគ្រួសារខាងលើនេះមានទំនាស់គ្នាពីរឿងបែងចែកដីធ្លី ផ្ទះសម្បែងដែលជាកេរមរតកពីឪពុកម្តាយ ធ្វើឱ្យពួកគេមានគំនុំនឹងគ្នា ។
ប្រភពដដែលបន្តទៀតថា លុះមកដល់ថ្ងៃទី១៥ មីនា រវាងម្តាយមីងនិងក្មួយនេះក៏ទាស់គ្នាពីរឿងតទុយោទឹកម្តងទៀត ដោយប្រកែកគ្នាបែកជាអូរហូរជាស្ទឹងរហូតក្មួយប្រុសឈ្មោះបារាំងទ្រាំលែងបានក៏ទាញឈើជ្រុងវែងសំពងក្បាលមីងហូរឈាមស្រោចខ្លួន ។ ខណៈឃើញដូច្នេះម្តាយមីងម្នាក់ទៀតមកជួយក៏ត្រូវវាយបែកក្បាលហូរឈាមទាំងពីរនាក់តែម្តង រួចហើយគេចខ្លួនបាត់ ។ ភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់មកបញ្ជូនទៅភ្នំពេញ ហើយឥឡូវនេះឮថាបញ្ជូនទៅដល់ប្រទេសវៀតណាមឯណោះដោយសារមានសភាពធ្ងន់ធ្ងរពេក ។
ប្រភពព័ត៌មាននិយាយថា ជនរងគ្រោះទាំងពីរនាក់ខាងលើនេះមិនសូវត្រូវជាមួយបងប្អូនទេ សូម្បីតែម្តាយបង្កើតរបស់ខ្លួនក៏មិនរាប់រកដែរ ។ ដោយសារមានគំនុំនឹងគ្នាពីរឿងដីធ្លីពីមុនមកផង ហើយពេលនេះមានទំនាស់រឿងតទុយោទឹកទៀតនោះ ទើបធ្វើឱ្យក្មួយប្រុសដែលមុននេះប៉ូលិសធ្លាប់ឃុំខ្លួនម្តងហើយពីរឿងវាយបំបែករានព្រះភូមិគេនៅរា៉នោះ ឥឡូវនេះហ៊ានសំពងម្តាយមីងទាំងពីរបែកក្បាលហូរឈាមទៀត ។កោះសន្តិភាព មិនអាចសុំការបំភ្លឺពីភាគីទាំងសងខាងបានទេ ដោយសារបិទទ្វារផ្ទះទាំងអស់គ្នាមិនដឹងទៅរកនៅឯណា ប៉ុន្តែអ្វីៗស្ថិតនៅលើច្បាប់ជាអ្នកសម្រេច ៕
ចែករំលែកព័តមាននេះ