រាជធានីភ្នំពេញ ៖ ក្នុងជំនួបចរចារវាងភាគីក្រុមហ៊ុន SK និងភាគីក្រុមគ្រួសារជនរងគ្រោះដែលបានធ្វើឡើងនៅក្នុងសមាគមសិល្បករខ្មែរនាថ្ងៃទី១៥ មីនា ២០១៣ ពាក់ព័ន្ធនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត និងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK កាលពីថ្ងៃទី៧ មីនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ តារាកំប្លែងលោកជួង ជី ហៅកុយ បានអះអាងថា ក្នុងនាមលោកជាតំណាងសាច់ញាតិជនរងគ្រោះ និងជាឪពុកជនរងគ្រោះម្នាក់ដែរនោះ លោកសូមស្នើសុំឲ្យភាគីក្រុមហ៊ុន SK ផ្តល់សំណងដល់ក្រុមគ្រួសារសពក្នុងម្នាក់ចំនួន២ម៉ឺន៥ពាន់ដុល្លារ។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា ចំនួនទឹកប្រាក់នេះមិនមែនជាការទាមទាររបស់ក្រុមគ្រួសារសពដល់ម្ចាស់ក្រុមហ៊ុន SK ឡើយ តែវាជាការស្នើសុំ និងការសំណូមពរដល់ម្ចាស់ក្រុមហ៊ុនឲ្យមានការចូលរួមជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពក្នុងលក្ខខណ្ឌណាមួយដែលភាគីទាំងសងខាងអាចទទួលយកបាន។ លោកបន្ថែមថា គ្រប់ភាគីទាំងអស់ គឺសុទ្ធតែមិនចង់ឲ្យមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើងឡើយ ប៉ុន្តែរឿងវាបានកើតឡើងរួចទៅហើយ ចំណែកអ្នកដែលបានស្លាប់នោះក៏មិនវិលមកវិញដែរ ហេតុនេះយើងជាអ្នកនៅគឺត្រូវនាំគ្នាពិភាក្សាអំពីបញ្ហាអស់ទាំងនេះ ៕
ចែករំលែកព័តមាននេះ