ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រឡានថ្មគ្រែ​ចង់​មានការទទួលស្គាល់ម៉ាកសម្គាល់ដូចក្រូចថ្លុងកោះទ្រង់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ថ្ម​គ្រែ​ដែល​ភាគច្រើន​មាន​របរ​ធ្វើ​នំក្រឡាន ចង់​ឲ្យ​ផលិតផល​របស់​ពួក​គាត់​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ផ្តាច់មុខ​ដូច​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ ស្រប​ពេល​សព្វ​ថ្ងៃនេះ នំក្រឡាន​ថ្ម​គ្រែ កំពុង​មានឈ្មោះ​បោះ​សំឡេង និង​ទទួលស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្ដែ​ត្រូវ​បាន​គេ​លួច​ផលិត​ចេញពី​តំបន់​ផ្សេង…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ថ្ម​គ្រែ​ដែល​ភាគច្រើន​មាន​របរ​ធ្វើ​នំក្រឡាន ចង់​ឲ្យ​ផលិតផល​របស់​ពួក​គាត់​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ផ្តាច់មុខ​ដូច​ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ដែរ ស្រប​ពេល​សព្វ​ថ្ងៃនេះ នំក្រឡាន​ថ្ម​គ្រែ កំពុង​មានឈ្មោះ​បោះ​សំឡេង និង​ទទួលស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្ដែ​ត្រូវ​បាន​គេ​លួច​ផលិត​ចេញពី​តំបន់​ផ្សេង ខុស​រសជាតិ​ដើម ។

ការ​លើក​ឡើង​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ដាក់​បញ្ចូល​ក្រូចថ្លុង​កោះ​ទ្រង់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​(GI)​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា កន្លង​ទៅ ។ផលិតផល​នំក្រឡាន ក្រៅពី​មាន​លក់​តាម​រោង​តូច​ធំ​នៅ​ពេញមាត់​ផ្លូវ​ក្នុងភូមិ​នេះ ក្នុង​នោះ​មួយ​ចំនួន​ធំ​ទៀត ក៏​ត្រូវ​បាន​សហគមន៍​ចែកចាយ​លក់ដុំ និង​រាយ​បន្ត​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្ត​ផង​ដែរ ជា​ពិសេស នៅ​តាម​ចំណតរថយន្ត និង​តាម​ទីប្រជុំជន​ផ្សារ ជាដើម ។ ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ជា​ច្រើន​រយ​គ្រួ​សារបាន​ចាប់​យក​របរ​ផលិត​នំក្រឡាន​លក់​តាំងពី​ដើម​មក ដោយ​ក្នុង​១​ថ្ងៃ​ៗ មាន​នំក្រឡាន​រាប់រយ​គីឡូក្រាម​ត្រូវ​បាន​ផលិត​ចេញ និង​ខ្លះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​តំបន់​ផ្សេង​ៗ ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ផលិត​នំក្រឡាន​ជាង​២០០​គ្រួសារ​នៅ​ឃុំ​ថ្ម​គ្រែ បាន​ប្រាប់​កោះសន្ដិភាព​ថា នាង​ឈ្មោះ ខៀវ ពិសិដ្ឋ មាន​វ័យ​៣៥​ឆ្នាំ ដែល​បាន​ប្រកប​របរ​ធ្វើ​នំ​នេះ​លក់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ។
នាង​និយាយ​ថា ៖« ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​យើង​ពិតជា​ព្រួយបារម្ភ​នៅ​ពេល​ដែល នំក្រឡាន ត្រូវ​បាន​គេ​លួច​ផលិត​នៅ​តំបន់​ផ្សេង​ៗ ហើយ​ប្រើប្រាស់​ឈ្មោះ​និង​ត្រា​ថា​ជា «​ក្រឡាន​ថ្ម​គ្រែ​» តែ​រសជាតិ​មិន​ដូច​គ្នា​នោះ​ទេ » ។

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ឈ្មោះ​នំក្រឡាន​ថ្ម​គ្រែ​នេះ ពួក​គាត់​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គិតគូរ​ដាក់​បញ្ចូល​ផលិតផល​ប្រចាំ​តំបន់​ឲ្យ​មាន​ម៉ាក​សញ្ញា​សម្គាល់​ភូមិសាស្ត្រ​ផង ដើម្បី​ជា​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ឃុំ​ថ្ម​គ្រែ​នេះ ។

អ្នក​ផលិត​នំក្រឡាន ឈ្មោះ ប្លោក សម្ផស្ស អាយុ​៣៥​ឆ្នាំ បាន​អំពាវនាវ​ថា ៖« សូម​អាជ្ញាធរ​ជួយ​ផ្តល់​សិទ្ធិ​ការ​ប្រើប្រាស់​ម៉ាក​សញ្ញា​សម្គាល់​បិទ​លើ​នំក្រឡាន ដូច​ក្រូចថ្លុង​កោះ​ទ្រង់​ផង ដើម្បី​គេច​ពី​ការ​ក្លែងបន្លំ​នេះ » ។
នាង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ កក្កដា ថា នំក្រឡាន ជា​ផលិតផល​ដែល​អ្នក​ភូមិ​ថ្ម​គ្រែ បាន​ធ្វើ​តាំងពី​យូរណាស់​មក​ហើយ ។ ការ​លក់ដាច់​ភាគច្រើន​គឺ​នៅ​រដូវ​បុណ្យ​ទាន ដែល​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​លេង​តំបន់​រមណីយដ្ឋាន​នៅ​ប៉ែក​ខាងលើ​ច្រើន ។ នាង​ថា ៖«​នៅ​ក្នុង​រដូវវស្សា​នេះ សម្រាប់​តូប​ខ្ញុំ​លក់​បាន​តែ​១៥​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ខណៈ​រដូវប្រាំង​លក់​បាន​រហូត​ដល់​ជាង​៣០​គីឡូក្រាម ។

ចំណែក​ការ​ផលិត​មាន​បញ្ហា​ប្រឈម​ច្រើន​ដូច​ជា ខ្វះ​ឫស្សី និង​អង្ករដំណើប​ដែល​សុទ្ធ​ល្អ ជាដើម ហើយ​ពេល​នេះ មាន​គេ​លួច​ផលិត ដោយ​ដាក់​ឈ្មោះ​ថា ក្រឡាន​ថ្ម​គ្រែ​ទៀត ដែល​ធ្វើ​ឲ្យ​ការ​លក់​របស់​ពួក​យើង​កាន់តែ​ធ្លាក់​ចុះ » ។ នាង​កត់​សម្គាល់ថា ៖« ពលរដ្ឋ​ក្នុងភូមិ​មានការ​កែប្រែ​ជីវភាព​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បន្ទាប់​ពី​ពួក​គាត់​បាន​នាំ​គ្នា​ចាប់​របរ​ធ្វើ​នំក្រឡាន​លក់​ត​ៗ​គ្នា » ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ មិថុនា ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ដាក់​បញ្ចូល​ជា​ផ្លូវការ​ក្រូចថ្លុង​កោះ​ទ្រង់ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ។ ការ​ដាក់​បញ្ចូល​នេះ អាច​ទទួល​បាន​ផលប្រយោជន៍​បន្ថែម​ទៀត​ដូច​ជា ទទួល​បាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី និង​កាន់តែ​មាន​អ្នក​ស្គាល់​ពី​គុណភាព​ក្រូចថ្លុង​នៅ​កោះ​ទ្រង់ ។ អ្វី​ដែល​ពិសេស​នោះ នឹង​ជួយ​លើកកម្ពស់​ជីវភាព​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ ។ យ៉ាងណាមិញ ប្រសិនបើ​ក្រឡាន​ថ្ម​គ្រែ ត្រូវ​បាន​អាជ្ញាធរ​គិតគូរ​ដាក់​បញ្ចូល​ដូច​ការ​ចង់បាន​របស់​សហគមន៍​ថ្ម​គ្រែ​មែន​នោះ នឹង​ជួយ​ឲ្យ​ផលិតផល​មួយ​នេះ​កាន់តែ​ល្បីឈ្មោះ និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គាត់​កាន់តែ​ដំណើរការ​ល្អ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ