ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​និង​ហាងផ្សេង​ៗ​​ក្នុង​ក្រុង​សៀមរាបទំនង​បំភ្លេចអក្សរសាស្ត្រជាតិ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​និង​ហាងផ្សេង​ៗ​ទៀត​ក្នុង​ក្រុង​សៀមរាប ទំនង​បំភ្លេច​អក្សរសាស្ត្រ​​ជាតិ​របស់​ខ្លួន​ហើយ​មើលទៅ ទើប​ប្រឹង​រំលេច​សុទ្ធតែ​អក្សរ​បរទេស ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត ដែល​មិន​បាន​យកចិត្តទុកដាក់​ពី​អក្សរសាស្ត្រ​ជាតិ ដែលមិន​មាននៅ​តាម​យីហោ​ហាង​នានា ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ ហាង​កាហ្វេ​និង​ហាងផ្សេង​ៗ​ទៀត​ក្នុង​ក្រុង​សៀមរាប ទំនង​បំភ្លេច​អក្សរសាស្ត្រ​​ជាតិ​របស់​ខ្លួន​ហើយ​មើលទៅ ទើប​ប្រឹង​រំលេច​សុទ្ធតែ​អក្សរ​បរទេស ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត ដែល​មិន​បាន​យកចិត្តទុកដាក់​ពី​អក្សរសាស្ត្រ​ជាតិ ដែលមិន​មាននៅ​តាម​យីហោ​ហាង​នានា ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា អ្នក​ដែល​មាន​លុយបើកហាង​គឺ​សុទ្ធតែ​សុំ​ច្បាប់​ពី​ខាង​រដ្ឋបាល​សាលាខេត្ត​នៅ​ច្រក​ចេញចូល​តែ​មួយ​ទាំងអស់ ហើយ​ចំពោះ​ការ​ធ្វើ​ស្លាក​យីហោ​វិញ គឺ​បាន​សុំ​ច្បាប់​ពីខាង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត និង​មន្ទីរ​ព័ត៌មាន​ខេត្ត បើ​ពុំ​ដូច្នេះទេ​ពិតជា​មិន​អនុញ្ញាត​ឱ្យ​លើក​ស្លាក​ឡើយ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ចំពោះ​ស្លាក​យីហោ​ដែល​សរសេរ​អក្សរ​បរទេស គ្មាន​អក្សរ​ខ្មែរ​នោះ គឺជា​ហាង​កូន​ថ្នាក់ដឹកនាំ​ខេត្ត​ទៀត​ផង ហេតុ​អ្វី​បានជា​មិន​ប្រាប់​ឱ្យ​រៀបរៀង​អក្សរ​ខ្មែរ​ឱ្យ​ធំ​នៅ​ពីលើ​អក្សរ​បរទេស​ទៅ បែរជា​គ្មាន​អក្សរ​ខ្មែរ​ឃើញ​តែ​អក្សរ​បរទេស​ទៅ​វិញ ។

នេះ​ជា​បញ្ហា​ដដែល​ៗ​តែង​កើត​មានរឿង​បែប​នេះ ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មាស​ជនបរទេស ឬ​មួយ​យល់​ថា ការ​សរសេរ​អក្សរ​បរទេស​និង​និយាយ​ភាសាបរទេស​ជា​អំនួត​របស់​ខ្លួន ? ផ្ទុយ​ទៅ​វិញ​ជា​ប្រការ​ដែល​មិន​គប្បី​ទាល់តែ​សោះ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​អន្តរ​វិស័យ​សាលាខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ថា បើ​អក្សរ​ទាំង​អស់នោះ​ជា​ពាណិជ្ជ​នាម​មក​ពីក្រៅ​តែ​ម្តង ចេញ​ដោយ​ក្រសួង​វា​អត់​អី​ទេ តែ​ប្រសិន​បើ​ពួក​គាត់​អត់​មាន​ពាណិជ្ជ​នាម ដូច​ជា​កម្មសិទ្ធិ​របស់​ខ្លួន​អត់​មាន​អក្សរ​ខ្មែរលើ​អក្សរ​បរទេស​នោះ បាន​ន័យ​ថា​អក្សរ​ខ្មែរ​ត្រូវ​ធំ​ជាង​អក្សរ​បរទេស​ពាក់កណ្តាល ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ដែល​ជា​អាជីវក​រទាំង​អស់នោះ ខាង​រដ្ឋបាល​សាលាខេត្ត​បាន​ចេញ​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ​ក៏​បាន​ចេញ​ម្តង និង​កែតម្រូវ​ម្តងទៀត​ដែរ ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក លី សំ​រិ​ទ្ធ អ្នកនាំពាក្យ​សាលាខេត្ត​និង​ជា​អភិបាលរង​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ថា បើ​អាជីវករ​ណា​បើកហាង គ្មាន​អក្សរ​ខ្មែរ​នៅ​លើ​ស្លាក​យីហោ​ទេ​នោះ គឺ​វា​ខុស​នឹង​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ទោះបីជា​បែប​ណា សង្ឃឹមថា អាជ្ញាធរ​នឹង​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ ៕ ​

អត្ថបទសរសេរ ដោយ