ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ត្រូវ​ត្រៀមខ្លួន​អ្វីខ្លះ មុន​ពេល​ឡើង​យន្ដហោះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ មនុស្ស​ភាគច្រើន​តែង​មាន​អារម្មណ៍​រសាប់រសល់ នៅ​ពេល​ជិត​ដល់​ថ្ងៃ​ចេញដំណើរ​តាម​យន្ដហោះ ពិសេស​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស តែងតែ​គិត និង​បារម្ភ​សព្វបែបយ៉ាង ។ ដើម្បី​ជា​ចំណេះដឹង…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ មនុស្ស​ភាគច្រើន​តែង​មាន​អារម្មណ៍​រសាប់រសល់ នៅ​ពេល​ជិត​ដល់​ថ្ងៃ​ចេញដំណើរ​តាម​យន្ដហោះ ពិសេស​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស តែងតែ​គិត និង​បារម្ភ​សព្វបែបយ៉ាង ។ ដើម្បី​ជា​ចំណេះដឹង និង​ចាត់ទុកជា​ការ​ត្រួសត្រាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត និង​បារម្ភ​នោះ អត្ថបទ​នេះ នឹង​រៀបរាប់​លម្អិត​ចាប់​តាំងពី​មុន​ថ្ងៃ​ចេញដំណើរ​រហូត​ដល់​ពេល​ឡើង​យន្ដហោះ ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​លោក​អ្នក​ប្រកបដោយ​ភាព​រីករាយ និង​កក់ក្ដៅ បើ​ទោះបីជា​ត្រូវធ្វើ​ដំណើរ​ជា​លើក​ទី​មួយ​តែ​ម្នាក់ឯង​ក៏​ដោយ ។

ជា​ធម្មតា ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​មាន​ភាព​ស្មុគស្មាញ​បន្ដិច មិន​ដូច​ជា​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ទេ ហេតុនេះ​លោក​អ្នក​ត្រូវ​រៀបចំ​ជា​ស្រេច និង​អនុ​វន្ត​តាម​វិធី​ដូច​ខាង​ក្រោម៖

១- ទិញ​សំបុត្រ​យន្តហោះ (Book your tickets) ៖ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ អ្នក​គួរតែ​ផ្ទៀងផ្ទាត់​ជាមួយ​ភ្នាក់ងារ​លក់​សំបុត្រ​យន្តហោះ ឬ​ក៏​ក្រុម​ហ៊ុន​អាកាស​ចរ បញ្ជាក់​ថា តើ​មាន​កៅអី​ទំនេរ​ឬទេ នៅ​ថ្ងៃ​ដែល​លោក​អ្នក​ត្រូវធ្វើ​ដំណើរ​។ បើ​មាន​កៅអី​ទំនេរ អ្នក​អាច​កក់​សំបុត្រ ឬ​ក៏​ទិញ​សំបុត្រ​យន្តហោះ ។ ក្នុង​ករណី​ខ្លះ​អ្នក​មិន​​​អាច​ទទួល​សំបុត្រ​បាន​ទេ សម្រាប់​ថ្ងៃ​ដែល​អ្នក​កំពុង​ស្វែងរក​។

ដូច្នេះ​ដំបូន្មាន​ល្អ​ប្រសើរ​ជាងគេ គឺ​ត្រូវធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស នូវ​រដូវ​កាល​មិនសូវ​សំបូរ​ភ្ញៀវ​ធ្វើ​ដំណើរ​ទេសចរណ៍ (Low season) ព្រោះ​វា​មានគុណ​សម្បត្តិ​ចំនួន​២ ៖ ទី​១ អ្នកមាន​ឱកាស​ទទួល​បាន​សំបុត្រ​ភ្លាម​ៗ ហើយ​ទី​២ អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ ឬ​សំបុត្រ​ដែល​មាន​តម្លៃ​ទាប​។ បើ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ក្នុង​រដូវ​កាល ទេសចរ​ខ្ពស់ (high season) អ្នក​អាច​ត្រូវ​ចំណាយ​ខ្ពស់​លើ​សំបុត្រ​យន្តហោះ ។ ការ​កក់ ឬ​ការ​ទិញ​សំបុត្រ​យន្តហោះ​របស់​អ្នក គឺ​អាច​ជាវ​ពី​ភ្នាក់ងារទេសចរណ៍​នៅ​ក្បែរ​អ្នក ឬ​អ្នក​អាច​កក់​តាម​អ៊ី​ន​ធឺ​ណេ​ត​។

២- មុន​ថ្ងៃ​ចេញដំណើរ ៖ ត្រូវ​រៀបចំ​ទុកដាក់​ឯកសារ​ដែល​ចាំបាច់ ពិសេស​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​យ៉ាងតិច​បំផុត​៦​ខែ​ឡើង​ទៅ និង​សំបុត្រ​យន្ដហោះ ព្រមទាំង​ពិនិត្យ​​ទម្ងន់​វ៉ាលិស​ដែល​គេ​អនុញ្ញាត​តាម​ជើង​យន្តហោះ​ដែល​បាន​កំណត់ ព្រោះថា ក្រុម​ហ៊ុន​អាកាសចរណ៍​ខ្លះ​គេ​អនុញ្ញាត​ឲ្យ​ចាប់ពី​២០​ទៅ​៣០​គីឡូក្រាម ហើយ​ខ្លះ​ទៀត​មិន​​អនុញ្ញាត​ទេ គឺ​តម្រូវ​ឲ្យ​ទិញ​ក៏​មាន​ដែរ ។

៣- រូតរះ​មក​ព្រ​លាន​យន្ដហោះ ៖ ដោយសារ​យើង​ត្រូវ Check-in នៅ Counter ជើង​ហោះហើរ និង​បំពេញបែបបទ​មួយ​ចំនួន​ផង​នោះ លោក​អ្នក​ត្រូវ​រូតរះ​ធ្វើ​យ៉ាងណា​មក​ដល់​ព្រ​លាន​យន្ដហោះ​ឲ្យ​បាន​មុន​ប្រមាណ​២​ម៉ោង មិន​ម៉ោង​ហោះហើរ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេង​ៗ, ប្រញាប់ប្រញាល់​នាំ​ភ្លេចរបស់ ឬ​ខក​ជើង​យន្ដហោះ​ក៏​ថា​បាន ។

នៅ​ពេល​ចូល​ដល់​ព្រ​លាន​យន្តហោះ លោក​អ្នក​គួរ​ឆែក​មើល​ព័ត៌មាន​លើ​កញ្ចក់​ទូរទស្សន៍ (information boards) នូវ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ការ​ហោះហើរ ជើង​យន្​តហោះ និង​ប្រទេស​គោលដៅ ជា​ពិសេស​ដើម្បី​បាន​ព័ត៌មាន​ថា ជើង​ហោ​ហើរ​របស់​អ្នក​ត្រូវ​បាន​គេ​ទទួល (open) សម្រាប់​ទទួល​ការ check-in ហើយ​ឬ​នៅ​។

បន្ទាប់​មក​លោក​អ្នក​តម្រង់​ទៅ​លេខ counter ហើយ​លោក​អ្នក​ក៏​អាច​មើល​ជើង​ហោះ​ហើរ​ម្តងទៀត​នៅ​លើ​ស្គ្រី​ន​ទូរទស្សន៍ ដែល​បង្ហាញ​នៅ​ខាងក្រោយ Counter ប៉ុន្តែ​ត្រូវ​មើល​ឲ្យ​ច្បាស់ ចៀសវាង​តម្រង់​ជួរ​ខុស ព្រោះ​ពេល​ខ្លះ នៅ​ពេល​យើង​ទៅ​ដល់ Counter នៅ​មិន​ទាន់​បើក​ក៏​មាន​ដែរ ។ នៅ​ផ្ទាំង​ស្គ្រី​ន​ខាងក្រោយ​នោះ ទោះបី​បង្ហាញ​ជើង​ហោះ​ហើរ​​ដូច​គ្នា តែ​មាន​២​ប្រភេទ​ខុស​គ្នា គឺ​សម្រាប់​កៅអី Business Class និង Economy Class ។ ដូច្នេះ​បើ​យើង​ទិញ Economy Class គឺ​ត្រូវ​តម្រង់​ជួរ​នៅ​ផ្នែក​នេះ ។ យ៉ាងនេះ​ក្ដី ពេល​ខ្លះ​អ្នក​ជិះ​កៅអី Economy Class ក៏​អាច​តម្រង់​ជួរ​ជាមួយ​អ្នក​ជិះ Business Class បាន​ដែរ ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ ។

៤-​ពេល Check-in ៖ អ្នក​ត្រូវ​តម្រង់​ជួរ​តាម​លំដាប់លំដោយ ហើយ​នៅ​ពេល Check-in អ្នក​ត្រូវ​ហុច​លិខិតឆ្លងដែន និង​សំបុត្រ​យន្ដហោះ​ដែល​បាន​ទិញ​រួច ។ ក្រោយ​ពី​បុគ្គលិក​នៅ Counter ពិនិត្យ និង​បំពេញបែបបទ​រួច គេ​នឹង​ផ្ដល់​សំបុត្រ​ឡើង​យន្ដហោះ​មួយ​សន្លឹក ឬ​ហៅ​ថា (Boarding Pass) ដល់​យើង​ដែល​មាន​បញ្ជាក់​លម្អិត​ពី​ទិស​ដៅ​ហោះ​ហើរ​​របស់​យើង​ដូច​ជា ច្រកចូល​ទៅ​កាន់​យន្ដហោះ ឬ​ហៅ​ថា Gate និង​លេខ​កៅអី (Seat) ជាដើម ។ លោក​អ្នក​ត្រូវ​ពិនិត្យ​មើល Gate និង​ពេលវេលា​ឡើង​យន្តហោះ​ឲ្យ​បាន​ច្បាស់​ផង​ដែរ​នៅ​ក្នុង​សំបុត្រ​យន្តហោះ​នោះ ។

ការ​ដែល​យើង​ត្រូវ​មើល​នេះ ព្រោះថា យើង​នឹង​អាច​ដឹង​មុន មិន​ចាំបាច់​ប្រញាប់ ឬ​រត់ ខណៈ​​ដល់​ពេល​ឡើង​ជិះ ។ ចំណែក​វ៉ាលិស​អីវ៉ាន់​ឬ​សម្លៀក​បំពាក់ អ្នក​ត្រូវ​លើកដាក់​នៅ​កន្លែង​ថ្លឹង​ដែល​នៅ​ក្បែរ Counter នោះ ដើម្បី​បញ្ជូន​ឡើង​យន្ដហោះ ដោយ​ទទួល​បាន​កន្ទុយ​សំបុត្រ​វ៉ាលិស​របស់​យើង​មួយ​ដែរ ។ រីឯ​កាបូប​យួរដៃ​វិញ យើង​អាច​ដាក់​តាម​ខ្លួន​បាន តែ​កុំ​ឲ្យ​លើស​ពី​៧ ឬ​៨​គីឡូក្រាម ។

ដើម្បី​កាន់តែ​ងាយស្រួល​នោះ លោក​អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​បន្ដិច ដោយ​អង្កេត​មើល​អ្នក​នៅ​ខាង​មុខ ។

៥- បន្ទាប់​ពី Check-in រួច ៖ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ទៅ​ដក​លុយ​នៅ​កន្លែង​គណ​នេយ្យ​បាន​ចំនួន​៧​ដុល្លារ​វិញ មុន​ឡើង​ទៅ​ជាន់​ទី​១ (​សម្រាប់​ព្រ​លាន​យន្ដហោះ​នៅ​ភ្នំពេញ​) ឬ​លោក​អ្នក​អាច​សួរ​ព័ត៌មាន​ពី​ការ​ដក​លុយ​នេះ​ពី​បុគ្គលិក​នៅ​កន្លែង Counter បាន ។ បន្ទាប់​មក​លោក​អ្នក​ត្រូវ​ឡើង​ទៅ​ជាន់​ទី​១ ដោយ​បង្ហាញ​សំបុត្រ​យន្ដហោះ​ទៅ​កាន់​សមត្ថកិច្ច​ដែល​ឈរ​នៅ​ជណ្ដើរយន្ដ ដើម្បី​ស្កេ​ន​ចូល​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ ។

នៅ​ពេល​ដល់​ជាន់​ទី​១ អ្នក​ត្រូវ​បំពេញ​ឯកសារ​ពី​ការ​ធ្វើ​ដំណើរ​របស់​យើង​១​សន្លឹក​សិន មុន​ឆ្លងកាត់​មន្ត្រី​គយ ដោយ​មាន​ថតរូប និង​ស្កេ​ន​ម្រាមដៃ ដើម្បី​បញ្ជាក់​ថា យើង​ពិតជា​បាន​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​កាន់​ប្រទេស​ណាមួយ​តាម​ផ្លូវអាកាស ។

៦-​ក្រោយ​ឆ្លងកាត់​ប្រព័ន្ធ​ត្រួតពិនិត្យ​មន្ត្រី​គយ​រួច ៖ លោក​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ច្រក​ឡើង​យន្ដហោះ (Gate) ប៉ុន្ដែ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ដំណាក់​កាល​ចុង​ក្រោយ​មួយទៀត ទៅ​លើ​សម្ភារ​ដែល​ដាក់​ជាប់​ខ្លួន​ដូច​ជា​កាបូប​យូរ​ដៃ កាបូប​លុយ និង​សម្ភារ​ផ្សេង​ៗ ហើយ​ភាគច្រើន​តម្រូវ​ឲ្យ​ដោះ​ចេញ និង​ដាក់​ចូល​ក្នុង​កញ្ច្រែង ដើម្បី​​ឆ្លងកាត់​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​។ បន្ទាប់​ពី​អ្វី​ៗ​រួចរាល់​ហើយ លោក​អ្នក​ត្រូវធ្វើ​ដើរទៅ​កាន់​ច្រក​ឡើង​យន្ដហោះ (Gate) របស់​យើង​ដើម្បី​អង្គុយ​រង់ចាំ​ការ​ហោះហើរ ។

៧-​ពេល​ចាប់ផ្ដើម​ឡើង​យន្តហោះ ៖ យើង​ត្រូវ​តម្រង់​ជួរ​ម្ដងទៀត​ដោយ​ភាគច្រើន​ចែក​ជា​២​ជួរ សម្រាប់​អ្នកទិញ​កៅអី Business Class និង Economy Class ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​យូរ​ការ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​អាច​សម្រួល​បាន​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ។

ពេល​ចូល​ដល់​យន្ដហោះ យើង​ត្រូវ​ពិនិត្យ​មើល​កៅអី​របស់​យើង និង​សូម​អង្គុយ​តាម​លេខ​កៅអី ។ ចំណែក​កាបូប​ត្រូវ​ដាក់​នៅ​ថ្នាក់​ខាងលើ​ក្បាល ប៉ុន្តែ​បើជា​កាបូប​ឯកសារ ចូរ​យក​វា​ជាប់​ខ្លួន​នៅ​ផ្នែក​ខាងក្រោម​ជើង ឬ​ក្រោម​កៅអី​អ្នក​ជួរ​មុខ តែ​ត្រូវ​ដាក់​ឲ្យ​មាន​របៀបរៀបរយ ។

៨-​នៅ​លើ​យន្ដហោះ ៖ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ នឹង​ចែក​ក្រដាស​ដើម្បី​បំពេញ​ព័ត៌មាន ដែល​អ្នក​ទៅ​ក្រៅប្រទេស​ដែល​ជា​ឯកសារ​ចាំបាច់​ត្រូវ​បំពេញ និង​ប្រគល់​ជូន​មន្ត្រី​​គយ​របស់​ប្រទេស​គេ ។ ឯកសារ​នេះ​ត្រូវ​ដាក់​ជាមួយ passport សម្រាប់​ប្រគល់​ឲ្យ​ទៅ​ផ្នែក​ពិនិត្យ​មើល ពេល​យើង​ចូល​ព្រ​លាន​យន្ដហោះ​នៃ​ប្រទេស​គោលដៅ​ចុង​ក្រោយ​របស់​​យើង​នោះ បន្ទាប់​មក​យើង​ត្រូវ​ពិនិត្យ​មើល​សម្ភារ និង​ឯកសារ​ផ្សេង​ៗ ដើម្បី​ត្រៀម​ខ្លួន​ចូល​ច្រក​ពិនិត្យ​ទាំងនេះ ។ បញ្ជាក់ ៖ ដាច់ខាត​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ពេល​យន្តហោះ​ឡើង និង​ចុះ​ចត​។

៩-​នៅ​ពេល​ចុះ​ពីលើ​យន្តហោះ ៖ យើង​អាច​ដើរ​តាម​អ្នក​ដទៃ​ក៏​បាន​ដែរ ព្រោះ​សំដៅ​ទៅ​រក​កន្លែង​ត្រួតពិនិត្យ​ដូច​គ្នា ឬ​មើល​ស្លាក​សញ្ញា​សរសេរ​ថា «Arrival» តែបើ​យើង​ត្រូវ​ប្ដូរ​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​ប្រទេស​ទី​៣ ទើប​យើង​ងាក​ទៅ​ផ្លូវ​ផ្សេង​ទៀត ដែល​មាន​ស្លាក​សរសេរ​ថា ជា​ភាសា​អង់គ្លេស​ថា «Transit» ។

១០-​កុំ​ភ្លេច​យក​វ៉ាលិស ៖ នៅ​ពេល​យើង​ពិនិត្យ​រួចរាល់​ហើយ គឺ​ត្រូវ​ទៅ​យក​វ៉ាលិស ឬ​សម្ភារ​របស់​យើង​ដែល​កំពុង​វិល​នៅ​ខ្សែក្រវាត់​ដាក់​វ៉ា​លី​ស ។ យើង​អាច​ដឹង​ថា កន្លែង​យក​​វ៉ាលិស​បាន​តាម​រយៈ​មើល​ស្លាក​សញ្ញា​ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Baggage » ។ ដោយសារ​នៅ​ព្រ​លាន​យន្ដហោះ​គេ​មាន​កន្លែង​ដាក់​វ៉ា​លី​ស​ច្រើន ដូច្នេះ​លោក​អ្នក​ត្រូវ​ពិនិត្យ​កន្ទុយ​សំបុត្រ​វ៉ា​លី​ស​របស់​យើង ដើម្បី​ដឹង​ថា វ៉ាលិស​របស់​យើង​នៅ​កន្លែង​ណា ។ នៅ​ពេល​យក​សម្ភារ ឬ​វ៉ាលិស​ហើយ គឺ​ចប់​ក្បួន​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ហើយ ។

សូម​លោក​អ្នក​ធ្វើ​ដំណើរ​ប្រកបដោយ​សេចក្ដីសុខ និង​សប្បាយ​រីករាយ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ