អាជ្ញាធរខេត្តគ្រោងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រៃបាសាក់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានរួមដំណើរជាមួយលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានរួមដំណើរជាមួយលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បានរួមដំណើរជាមួយលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទៅពិនិត្យរមណីយដ្ឋានប្រាសាទព្រៃបាសាក់ ហើយគ្រោងអភិវឌ្ឍន៍ឱ្យប្រសើរឡើង ។
លោកម៉ែន វិបុល ថ្លែងថា បច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងពិនិត្យរៀបចំដើម្បីអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រៃបាសាក់ឱ្យក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនា ក្នុងនោះកំពុងកសាងផ្លូវបេតុងប្រវែងប្រមាណ៤គីឡូម៉ែត្រ ។ គោលបំណងនៃការបង្កើតរមណីយដ្ឋាននេះ គឺដើម្បីរក្សាការពារទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីយូរលង់មកហើយ ។ ក្នុងនោះក៏លើកកម្ពស់វិស័យទេសចរណ៍ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ហើយបានបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ។
រមណីយដ្ឋានប្រាសាទព្រៃបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែកខាងកើតឆៀងខាងត្បូងនៃទីរួមខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីទីរួមខេត្ត ហើយមានក្រឡាផ្ទៃប្រមាណ៩ហិកតា ដែលមានទីតាំងស្ថិតនៅខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃគោ ខាងលិច និងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ ។
រមណីយដ្ឋានប្រាសាទព្រៃបាសាក់ស្រូបបានភ្ងៀវទេសចរទៅទស្សនាកម្សាន្តជាបន្តបន្ទាប់នាពេលកន្លងមក ។ ចំពោះទីតាំងភូមិសាស្ត្រនៃរមណីយដ្ឋាននេះ ជាដីទួលដ៏ចំណាស់មួយមានព្រៃឈើហ៊ុមព័ទ្ធ ។ បើតាមការឱ្យដឹង និងការសិក្សាស្រាវជ្រាវរបស់មន្ទីវប្បធម៌ និងវិត្រសិល្បៈខេត្តថា រមណីយដ្ឋាននេះមានតាំងពីសម័យបុព្វកាលមក ហើយបន្សល់ទុកប្រាសាទបុរាណមួយហៅថា ប្រាសាទព្រៃបាសាក់ ។ អ្វីគួរឲ្យសោកស្តាយ ប្រាសាទបុរាណនេះបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្ទួចប៉ុណ្ណោះ ។ បានសន្មតថា ប្រាសាទព្រៃបាសាក់ស្ថិតនៅក្នុងរចនាបថបាខែង កសាងក្នុងអំឡុងឆ្នាំ៩១៥ ដល់៩២៥នៃគ.ស ។
ដោយរមណីយដ្ឋានប្រាសាទព្រៃបាសាក់មានភ្ងៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ទៅកម្សាន្ត រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំកសាងរូបព្រះពុទ្ធបដិមាសម្រាប់ភ្ញៀវទស្សនា និងធ្វើជាកន្លែងសក្ការបូជា នៅពេលមានបុណ្យទាន ឬការកម្សាន្ត ម្យ៉ាងទៀតមានលក់ម្ហូបអាហារជូនភ្ញៀវ ៕
ចែករំលែកព័តមាននេះ