ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការមេ​ភស្ដុ​ភារ​កម្ម នឹង​ជួយ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ប្រសើរ​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភស្ដុ​ភារ​កម្ម​ល្អ ឬ​ហៅ​ថា LOGISTICS គឺ​សំដៅលើ​ការ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​មួយ​ដែល​ចំណាយ​តិច ចំណេញ​ពេលវេលា​ច្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់ ។ ដើម្បី​​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង…

រាជធានី​ភ្នំពេញ ៖ ភស្ដុ​ភារ​កម្ម​ល្អ ឬ​ហៅ​ថា LOGISTICS គឺ​សំដៅលើ​ការ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​មួយ​ដែល​ចំណាយ​តិច ចំណេញ​ពេលវេលា​ច្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់ ។ ដើម្បី​​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​កំណើន​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ ដែល​ជា​កាលានុវត្តភាព​ទាក់​ទាញ​វិនិយោគិន​ធំ​ៗ​មក​បណ្ដាក់ទុន​វិនិយោគ​ថែម​ទៀត កម្ពុជា​បាន​រៀបចំសេចក្ដី​ព្រាង​ផែនការមេ​ភស្ដុ​ភារ​កម្ម​ប្រកបដោយ​ភាព​វៃឆ្លាត​២៥ (SMART LOGISTICS 2025) ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ នឹង​ត្រូវ​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​ភស្ដុ​ភារ​កម្ម​(NLSC) និង​ក្រុមប្រឹក្សា​ជាតិ​ភស្ដុ​ភារ​កម្ម​(NLC)​ដើម្បី​ពិនិត្យ មុន​នឹង​ដាក់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុម័ត​ជា​ចុង​ក្រោយ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៨ ។

សេចក្ដី​ព្រាង​ផែនការ​មេនេះ មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មាន​លក្ខណៈ​សម្បូរ​បែប​ប្រកប​ដោយ​ការ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ និង​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​ជឿ​ទុកចិត្ត​បាន ដើម្បី​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​ឆ្លើយ​តប​ទៅ​នឹង​នគរូបនីយកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ផែនការ​មេនេះ សង្កត់ធ្ងន់​ទៅ​លើ​ទិស​ដៅ​សំខាន់​ៗ​ដូច​ជា ការ​ឆ្លើយ​តប​គ្រប់គ្រាន់​ទៅ​នឹង​បរិមាណ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​​ទំនិញ និង​ប្រភេទ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​គ្នា​, សេវា​ភស្ដុ​ភារ​កម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ថ្លៃដើម​ទាប​, គួរ​ឲ្យ​ទុកចិត្ត​បាន និង​មិន​មាន​ក្ដី​កង្វល់ ដើម្បី​លើកកម្ពស់​គោលនយោបាយ​វិនិយោគ​នានា និង​គាំទ្រ​ដល់​សេវាកម្ម​ភស្ដុ​ភារ​ទំនើប ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ព័ត៌មាន​ICT ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ដដែល​បាន​បញ្ជាក់ ។

លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​កម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម ដែល​រៀបចំ​ឡើង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ មិថុនា ថា ផែនការ​មេនេះ គឺជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០១៤​មក និង​មានការ​ពិភាក្សា​ជា​មួយ​ក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឲ្យ​មាន​ស្ថាប័ន​ទទួលខុសត្រូវ ។

លោក​បន្ដ​ថា ៖« ក្រោម​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​បង្កើត​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​កម្ម ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​គោលនយោបាយ ហើយ​យើង​ក៏​បាន​ស្នើ​សុំ​ទីភ្នាក់ងារ​JICA និង​ធនាគារពិភពលោក ឲ្យ​ជួយ​សិក្សា និង​រៀបចំ​ផែនការ​មេនេះ​ឡើង ដោយ​បាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ​២០១៨​នេះ » ។ លោក​ថា ៖« ទីភ្នាក់ងារ​JICA ពិតជា​បាន​ធ្វើ​គម្រោង​ជួយ​ប្រទេស​កម្ពុជា​យើង​ច្រើន​ណាស់ ហើយ​ភស្ដុ​ភារ​កម្ម ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​មួយ​នៃ​គម្រោង​របស់​JICA​ផង​ដែរ ដែល​ជា​អ្នក​រៀបចំ​ផែនការមេ​ភស្ដុ​ភារ​កម្មនេះ » ។

លោក សា​នុយ កា​ហ្សូ​ម៉ាសា (Kazumasa Sanui) ប្រធាន​ទីប្រឹក្សា​លើ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​វិញ​នៃ​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម​នៅ​កម្ពុជា បាន​ថ្លែង​ថា បច្ចុប្បន្ន កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់ ។

លោក​បន្ដ​ថា ៖« តាម​ទស្សនវិស័យ​ត្រូវ​បាន​រំពឹង​ទុក​ថា កំណើនប្រជាជន​កម្ពុជា​នឹង​កើន​ឡើង​គុណ​១.១៣​ដង ខណៈ​ទំហំ​នៃ​កំណើនសេដ្ឋកិច្ច នឹង​បន្ដ​កើនឡើង​គុណ​១.៦៥​ដង ហើយ​ទំហំ​ពាណិជ្ជកម្ម នឹង​កើនឡើង​គុណ​នឹង​២.២​ដង នៅ​ក្នុង​ឆ្នាំ​២០២៥ ។ ដូច្នេះ​សមត្ថ​ភាព​នៃ​ភស្ដុ​ភារ​កម្ម​ក្នុងស្រុក​ត្រូវ​តែ​ពង្រីក​បន្ថែម​ដោយ​អាស្រ័យ​លើ​តម្រូវការ​អនាគត​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​ប្រជាជន ។ ម្យ៉ាងទៀត ភស្ដុ​ភារ​កម្ម​ពិតជា​សំខាន់​ណាស់​​ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​អន្តរជាតិ និង​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន » ។

លោក​បន្ដ​ថា ៖« កម្ពុជា​ពិតជា​មាន​កាលា​នុ​ភាព​ខ្ពស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​សារ​​តែ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​មួយ​កំពុង​រីក​ចម្រើន​ជាងគេ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​មាន​វិនិយោគិន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​បណ្ដាក់ទុន​វិនិ​យោគ​នៅ​តំបន់​នេះ ។ ជាមួយ​គ្នា​នេះ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​ជា​កត្តា​មួយ​សំខាន់​ដែរ ដូច្នេះ​ហើយ​បានជា​យើង​សាងសង់​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​) ដែល​ស្ពាន​នេះ​មានគុណ​តម្លៃ​ខ្លាំង​ណាស់​ក្នុង​កា​រត​ភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ទៅ​ក្នុង​តំបន់​អាស៊ាន » ។

លោក​បន្ដ​ថា គោលបំណង​សំខាន់​នៃ​ការ​កែ​លម្អ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម គឺ​ដើម្បី​សន្សំ​ពេលវេលា សន្សំ​ការ​ចំណាយ និង​ដឹក​ជញ្ជូន​ទំនិញ​ប្រកបដោយ​ភាព​ជឿជាក់​កាន់​តែ​ច្រើន តាម​រយៈ​ការ​អភិវឌ្ឍ​ដូច​ជា ផ្លូវដែក​, ព្រ​លាន​យន្ដហោះ​, ផ្លូវថ្នល់​, កំពង់​ផែ​, មូល​ដ្ឋាន​តាម​ព្រំដែន​, ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​, សួន​ឧស្សាហកម្ម និង​ឃ្លាំង​ស្តុក​ទំនិញ ហើយ​ដើម្បី​ឲ្យ​វិស័យ​ភស្ដុ​ភារ​កម្ម​មានការ​រីក​ចម្រើន​នោះ កត្តា​សំខាន់ គឺ​ត្រូវ​មានការ​សម្រប​សម្រួល​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ ក្នុង​នោះ​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​កម្ម​នៃ​ក្រសួង​​សាធារណការ និង​ដឹក​ជញ្ជូន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​សម្របសម្រួល​ការងារ​ទាំង​អស់នេះ ។

លោក យ៉ា​ស៊ូ​ហា​រ៉ា ហ៊ី​រ៉ូ​តូ (Yasuhara Hiroto) ទីប្រឹក្សា​បង្កើត​គម្រោង​របស់​ទីភ្នាក់ងារ​JICA បាន​ឲ្យ​ដឹងផង​ដែរ​ថា JICA មាន​គម្រោង​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ភស្ដុ​ភារ​កម្ម​នៅ​កម្ពុជា ដូច​ជា គម្រោង​ពង្រីក​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ការ​បង្កើត​កំពង់​ផែ​ឆ្លងកាត់​ទំនិញ​រួច​ពន្ធ​ដំបូង​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​JICA​បាន​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​រួច​ហើយ ។

លោក​ថា ៖« កំពង់​ផែ​នេះ​មាន​គម្រោង​ផ្ដល់​សេវា​ភស្ដុ​ភារ​កម្ម និង​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប និង​ចូលរួម​សហការ​ជាមួយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ការ​ទាក់ទាញ​វិនិ​យោគិន​អន្តរជាតិ ដើម្បី​មក​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ » ។

យោង​តាម​សេចក្ដី​ព្រាង​ផែនការមេ​ភស្ដុ​ភារ​កម្ម​ប្រកបដោយ​ភាព​វៃឆ្លាត​២៥ បាន​ផ្ដោត​យកចិត្តទុកដាក់​ទៅ​លើ​កា​រត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ និង​ច្រករបៀង​សេដ្ឋកិច្ច​ទាំង​៣ រួម​មាន ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​, ពី​ភ្នំពេញ​ទៅ​ក្រុង​បា​វិត និង​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ដើម្បី​ឲ្យ​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​៣​នេះ​ក្លាយជា​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់​របស់​ជាតិ តាម​រយៈ​ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ និង​ការ​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម​ដែល​មាន​ប្រសិទ្ធភាព ។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៦ នៃ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ និង​សន្និសីទ​កំពូល​លើក​ទី​១០ ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​រវាង​កម្ពុជា ឡាវ វៀតណាម កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ សម្តេច​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​សកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ជា​ពិសេស គឺ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច ធ្វើការ​ត​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​លើ​ប្រព័ន្ធ​សេវាកម្ម​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​។

កម្ពុជា​ក៏​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អរូប​វ័​ន្ត​ផង​ដែរ តាម​រយៈ​ការ​លើកកម្ពស់​វិស័យ​ភស្តុ​ភារ​កម្ម និង​សេវាកម្ម ក្នុង​គោលបំណង​ដើម្បី​ប្រែក្លាយ​កម្ពុជា ទៅ​ជា​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ តាម​រយៈ​ការ​អនុវត្ត​លើ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ