ខេត្តស្វាយរៀង ៖ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូន កូនក្មួយ សិស្សានុសិស្សប្រជាពលរដ្ឋដែលជួបការលំបាកធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រោមចំនួន២ នៅស្រុកស្វាយទាប នាពេលកន្លងទៅរដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងដោះស្រាយបញ្ហាទាំងនេះហើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងរួមដំណើរដោយលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តរួម និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានចំនួន៣កន្លែង នៅក្នុងស្រុកស្វាយទាប និងក្រុងស្វាយរៀង ។
ស្ពានទាំងនោះរួមមានទី១- ស្ពានដាឡូព្រែកតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប មានបណ្តោយ៨ម៉ែត្រ ជាថវិការបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលសាងសង់ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។ ២- ស្ពានតាភូមិ (ស្ពានបេឡេ) មានបណ្តោយ២៤ម៉ែត្រ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជាថវិការបស់រដ្ឋបាលខេត្តស្វាយរៀង ។ ៣- ស្ពានតាហោ (ស្ពានបេតុង) មានបណ្តោយ៧៣ម៉ែត្រ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង សាងសង់ ដោយកងវិស្វកម្ម ។ ឯកឧត្តមរួមជាមួយលោកប្រធានមន្ទីរពាក់ព័ន្ធក៏បានអញ្ជើញចុះពិនិត្យមើលច្រាំងទន្លេដែលកំពុងតែចាក់ដីសាងសង់ផងដែរ ។
លោកមានប្រសាសន៍នៅក្នុងការអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានទាំង៣ខាងលើនេះ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការក៏សាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាដើម ចាប់ទីក្រុងដល់ជនបទឲ្យមានការរីកចំរើនលើគ្រប់វិស័យ សម្តៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
បច្ចុប្បន្ននេះខេត្តស្វាយរៀងមានផ្លូវស្ពានតភ្ជាប់ពីភូមិមួយទៅភូមិមួយពីឃុំមួយទៅឃុំមួយ ដែលជាសសៃរឈាមសេដ្ឋកិច្ចក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងសំខាន់ ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនូវមូលដ្ឋានខាងលើបានសំដែងនូវក្តីរំភើបរីករាយខ្លាំង ជាមួយសមិទ្ធិផលថ្មី ដែលបង្ហាញឲ្យឃើញពីការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទៅលើសុខទុក្ខរបស់ពួកគាត់ ៕
ចែករំលែកព័តមាននេះ