ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ទីតាំង​រង្វង់​មូល​ចោម​ចៅ​ត្រូវ​ពង្វាងសិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉ត មាស​ភក្តី បាន​ឲ្យ​ដឹង​ថា បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉ត មាស​ភក្តី បាន​ឲ្យ​ដឹង​ថា បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។


លោក​បន្ត​ថា មុន​នឹង​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​នោះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ទៅ​តាម​ប្រពៃណី ។


លោក ម៉ត មាស​ភក្តី បាន​បញ្ជាក់​ថា សំណង់​ការ​រ​ដ្ឋា​ន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ​នោះ គឺជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុវត្ត​ដោយ​ក្រុមហ៊ុន វិនិយោគទុន​អនិកជន​កម្ពុជា (O C I C ) មាន​រយៈពេល​៣០​ខែ​នឹង​ត្រូវ​បញ្ចប់ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​សំណង់​ការ​រ​ដ្ឋា​ន​នេះ​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​ចេញ សេចក្ដីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ត្រង់​ចំណុច​រង្វង់ មូល​ចោម​ចៅ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ដល់​ម្ចាស់​រថយន្ដ​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ដ​ដឹក​អ្នកដំណើរ​ដែល​ត្រូវ​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ទីតាំង​រង្វង់​មូល​ចោម​ចៅ​ត្រូវ​ពង្វាង​ចរាចរណ៍​រួម​មាន ចំពោះ​រថយន្ដ​ចរាចរណ៍​មក​ពី​ទិស​ខាងលិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចូល​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ពង្វាង​ទៅ​តាម​ផ្លូវបែក​ចាន​បត់​ស្ដាំ​ទៅ​ទិស​ខាងត្បូង ឬ​ផ្លូវ​កប់​ស្រូវ​បត់​ឆ្វេង​ទៅ​ទិស​ខាងជើង ។ ចំពោះ​រថយន្ត​ចរាចរណ៍​មក​ពី​ផ្លូវជាតិ​លេខ​៣​ចូល​រាជធានី​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ពង្វាង​បត់​ស្ដាំ​ទៅ​តាម​ផ្លូវ​ព្រៃ​ស មុខ​វត្ត​ស្លែង ឬ​ទៅ​តាម​ផ្លូវ​ទួល​ពង្រ​បត់​ស្ដាំ​តាម​ផ្លូវ​៣០​ម៉ែត្រ​ឆ្ពោះទៅ​ផ្លូវ​ចោម​ចៅ ។ ចំពោះ​រថយន្ដ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ចោម​ចៅ​ចេញ​ក្រៅ​រាជធានី​ទៅ​ផ្លូវជាតិ​លេខ​៣​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ទួល​ពង្រ​បត់​ឆ្វេង​ត្រង់​ចំណុច​ស្ដុ​ប ។ ចំពោះ​ចរាចរណ៍​ពី​ផ្លូវ​ចោម​ចៅ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ អនុញ្ញាត​ឲ្យ​ចរាចរណ៍​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ