ខេត្តកំពង់ចាម ៖ ការបាត់ខ្លួនបុរសម្នាក់បានធ្វើឱ្យអ្នកភូមិមានចំងល់ ព្រោះតែធ្លាប់ឃើញបុរសដែលបាត់ខ្លួននេះទៅហាងកាហ្វេរាល់ថ្ងៃ លុះសួរនាំទៅទើបទទួលបានព័ត៌មានថា បុរសរូបនោះបានដួលបោកក្បាលស្លាប់ ។ ទោះជាបែបណាមនុស្សស្លាប់គួរតែមានការរៀបចំធ្វើបុណ្យ ។ ផ្តើមចេញពីការមន្ទិលនេះទើប២០ថ្ងៃក្រោយពីស្លាប់ត្រូវបានបែកការណ៍គឺប្រពន្ធយកកំហឹងខឹងប្តីប្រមឹកបានចាប់អារ.កសម្លាប់ ហើយអូសសពទៅកប់ក្នុងព្រៃមុខផ្ទះ ។
ទាក់ទិនរឿងនេះត្រូវបានឱ្យដឹងថា បុរសប្រមឹកឈ្មោះម៉ម នី អាយុ៣៩ឆ្នាំ រស់នៅភូមិ១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន បានបាត់ខ្លួនអស់រយៈពេលជាង២០ថ្ងៃដោយពុំដឹងជាទៅទីណា ។ ក្រោយមកទើបបានដឹងថា ស្លាប់ដោយសារតែប្រពន្ធវាយនឹងព្រនង់ប្ញស្សី ពីងពង់ចំកញ្ចឹងក និងចាប់អារ.កសម្លាប់ ហើយអូសយកសពទៅកប់នៅក្នុងព្រៃខាងមុខផ្ទះ ដោយគ្មាននរណាដឹង ព្រោះតែខឹងវាយធ្វើបាបទ្រាំលែងបាន ។
តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍ឯកម៉ា ចិន្តា អធិការរងនគរបាលស្រុកកោះសូទិនទទួលផែនយុតិ្តធម៌ប្រាប់ថា នៅព្រឹកថ្ងៃទី៣០វិច្ឆិកានៅហាងកាហ្វេមួយស្ថិតនៅកំពង់ចំបក់ ភូមិ១២ ប្រជាពលរដ្ឋទៅផឹកកាហ្វេបាននាំគ្នានិយាយពីការបាត់បុរសឈ្មោះនី មិនដឹងជាទៅទីណា ព្រោះមិនឃើញស្រវឹងដើរនៅក្នុងភូមិ ។ លោកអធិការរងស្រុកកោះសូទិនបានប្រាប់បន្តថា ពេលនោះលោកនាយប៉ុសិ៍្តរដ្ឋបាលឃុំព្រែកតានង់ ក៏មានវត្តមាននៅក្នុងហាងកាហ្វេដែរ ។ ក្រោយពីបានស្តាប់ឮបែបនេះមានការសង្ស័យក៏ទូរស័ព្ទទៅកាន់រូបលោក (ម៉ា ចិន្តា) ហើយបានស្រាវជ្រាវជាបន្ទាន់ ដោយចាត់ឱ្យនគរបាលក្រោមឱវាទទៅសួរនាំដល់កូនៗ របស់បុរសរងគ្រោះ ដោយប្រើវិធីសាស្ត្រគ្រប់បែបយ៉ាង ។ ទីបំផុតបានទទួលព័ត៌មានថា ឪពុករបស់គេបានស្លាប់ដោយសារតែដួលបាក់ធ្មេញ ហើយត្រូវម្តាយឈ្មោះណាត ផល អាយុ៤២ឆ្នាំ យកទៅកប់នៅក្នុងព្រៃខាងមុខផ្ទះតាំងតែពីយប់ថ្ងៃទី៨ វិច្ឆិកា ។ បន្ទាប់មកសមត្ថកិច្ចចាប់ផ្តើមមានការសង្ស័យព្រោះតែពេលមានមនុស្សស្លាប់ហេតុអ្វីមិនព្រមរៀបចំធ្វើបុណ្យសពទៅតាមប្រពៃណី?
ជាមួយការស្រាវជ្រាវនេះ ខណៈពេលស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះបានចេញពីផ្ទះទៅស៊ីឈ្នួលស្ទូងស្រូវឱ្យគេនៅក្នុងភូមិបាត់ទៅហើយ ។ សមត្ថកិច្ចបានហៅស្ត្រីនោះទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកតានង់ ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប្រពន្ធឈ្មោះណាត ផល សារភាពថា នាងបានយកព្រនង់ប្ញស្សីពីងពង់ប្រវែងជាង១ម៉ែត្រវាយលើកញ្ចឹងកប្តីពីខាងក្រោយបណ្តាលឱ្យដួលផ្កាប់មុខសន្លប់ រួចយកកាំបិតអារ.ក បន្ថែមបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ វិច្ឆិកា ។ នាងធ្វើបែបនេះព្រោះតែខឹងប្តីពេលផឹកស៊ីស្រវឹងម្តងៗតែងបានយកពូថៅដាក់ជន្ល.ក ព្រមទាំងគំរាមរកកាប់នាង ។ ក្នុងពេលប្តីភ្លេចខ្លួននាងយកព្រនង់វាយ រួចអារ.កសម្លាប់ ។ នាងអូសយកសពទៅខាងមុខផ្ទះ ចំងាយប្រហែល១០០ម៉ែត្រដែលមានព្រៃដុះទ្រុបទ្រល់រួចជីករណ្តៅកប់សពតែម្តង មិនមានអ្នកជិតខាងណាម្នាក់បានឃើញទេ ។
លោកអធិការរងនគរបាលស្រុកកោះសូទិនបញ្ជាក់ថា លោកបានសុំគោលការណ៍ទៅលោកស្នងការនគរបាលខេត្តឱ្យជំនាញបច្ចេកទេសវិទ្យាសាស្ត្រទៅគាស់ផ្នូរសព ដើម្បីពិនិត្យ ។ ចំពោះវត្ថុតាងដកហូតបានរួមមានកាំបិតប៉័ងតោ១ និងចបកាប់១ ។ ប្តីប្រពន្ធនេះមានកូន២នាក់ និងស្ត្រីជាប់ចោទមានកូន២នាក់ទៀតជាមួយប្តីមុន ។ ជារឿយៗបុរសរងគ្រោះតែងតែប្រើអំពើហិង្សាលើស្ត្រីជាប្រពន្ធជាញឹកញាប់រហូតនាងទ្រាំមិនបានទើបសំរេចចិត្តលើកដៃសម្លាប់តែម្តង ។ ព័ត៌មាននេះបានកើតឡើងស្របពេលដែលមានយុទ្ធនាការ១៦ថ្ងៃបំពាក់បូពណ៌សប្រឆាំងនឹងអំពើហិង្សាផងដែរ ៕
ចែករំលែកព័តមាននេះ