ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវបាននគរបាលធ្វើស្រាវជ្រាវបង្ក្រាបបាន និងដកហូតថ្នាំញៀន ចំនួន០៦ កញ្ចក់ធំតូច ។
ប្រតិបត្តិការបង្ក្រាបនេះដែល បានធ្វើទ្បើងកាលពីវេលាម៉ោង០៧ និង ២០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ចំណុចភូមិព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១-ឈ្មោះ គុយ សុវណ្ណារិទ្ធហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ម៉ៅ ម៉ារ៉ាឌី ហៅ នៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ មុជ សីហា ហៅហា ភេទប្រុស អាយុ៣៤ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦កញ្ចប់ ទម្ងន់ថ្នាំ ១៤១,៥៤ក្រាម។
២-ទូរស័ព្ទដៃម៉ាកSAMUNG ពណ៌ខ្មៅចំនួន០១គ្រឿង។
៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១។
៤-ម៉ូតូចំនួន០២គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ មិនចាំឆ្នាំផលិត ពាក់ស្លាក់លេខ កំពង់ឆ្នាំ 1A-5374 ចំនួន០១គ្រឿង, ម៉ូតូម៉ាHonda ZoomerX ពណ៌ខ្មៅ សេរីឆ្នាំ2015 ពាក់ស្លាកលេខ ភ្នំពេញ 1FK-3984 ចំនួន០១គ្រឿង។
៥-កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១។
លោកបានបន្តឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង២០នាទីយប់ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មានការចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបានក្រុងតាខ្មៅ បានចុះទៅដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ កំពុងអង្គុយនៅផ្ទះរបស់ឈ្មោះ ម៉ៅ ម៉ារ៉ាឌី ហៅ នៅ ដោយមានការសង្ស័យកម្លាំងក៏បានឃាត់សួរនាំ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៦(ប្រាំមួយកញ្ចប់ ធំ០១កញ្ចប់,មធ្យម០២កញ្ចប់,តូច០៣កញ្ចប់) ដែលជនសង្ស័យឈ្មោះ គុយ សុវណ្ណារិទ្ធ ហៅម៉ូម បានលាក់ទុកក្នុងកាបូបស្ពាយចំហៀង ដែលដាក់នៅក្បែរខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ គុយ សុវណ្ណារិទ្ធ ហៅម៉ូម បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៦កញ្ចប់ ដែលសមត្ថកិច្ចឆែករកឃើញនៅក្នុងកាបូបស្ពាយចំហៀង ពិតជារបស់ខ្លួនបានទិញពីឈ្មោះ ទេព ស្រីពៅ ភេទស្រី នៅពន្ធនាគារព្រៃស (មិនស្គាល់មុខ)ក្នុងតម្លៃ៨០០$ (ប្រាំបីរយដុល្លារ) ដោយទំនាក់ទំនងទិញតាមរយៈលេខទូរសព្ទ ០៧០ ២២៩ ០២០ បានប្រាប់ឱ្យខ្លួនផ្ញើលុយតាមវីងទៅលេខទូរសព្ទ ០៨១ ២៣៥ ១៧៣ រួចទើបប្រាប់ទីកន្លែងយកថ្នាំ តាមក្រោយ ដោយពេលខ្លះគេទម្លាក់ថ្នាំញៀនឱ្យខ្លួនទៅយកនៅម្តុំក្តាន់ពីរ សង្កាត់បឹងកក ខណ្ឌទួលគោក និងពេលខ្លះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ ហើយកន្លងមក ខ្លួនបានទិញថ្នាំពីឈ្មោះ ទេព ស្រីពៅ ចំនួន១០ដងមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីនៃច្បាប់ ៕




ចែករំលែកព័តមាននេះ