ខេត្តស្វាយរៀង ៖ បុរសម្នាក់បានទាញកាំបិតខ្វែវដេញកាប់អ្នកបើកត្រាក់ទ័រម្នាក់ឲ្យរងរបួស រួចរត់ឡើងទៅពូនលើដំបូលផ្ទះតែត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាល់តែបាន ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភួមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនសង្ស័យឈ្មោះ អ៊ុក សោភា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភួមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា កាលពីឆ្នាំ២០១៧ ខ្លួន និងប្រពន្ធបានដាក់បញ្ចាំដីស្រែមួយកន្លែងឲ្យទៅឈ្មោះ ជា សុភត្រា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំជាមួយគ្នា ក្នុងតម្លៃ៥០០ដុល្លារ ។ លុះដល់ឆ្នាំ២០១៨ ខ្លួន និងប្រពន្ធបានព្រមព្រៀងទទួលយកម៉ូតូ១គ្រឿង និងមាសចំនួន១ជីទៀតពីឈ្មោះ ជា សុភត្រា ដោយព្រមប្រគល់ដីដែលដាក់បញ្ចាំនោះដាច់តែម្តង ។
រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅពេលដែលខ្លួនផឹកស្រាស្រវឹងស្រឿងៗ ក៏ស្រាប់តែឃើញឈ្មោះ ជា សុភត្រា កំពុងភ្ជួរត្រាក់ទ័រលើដីស្រែដែលខ្លួនបានលក់ ទៅហើយនោះក៏កើតមានចិត្តខឹង ទើបទាញកាំបិតទៅកាប់ បណ្តាលឲ្យរបួសតែម្តង ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់ទៅពួនក្នុងផ្ទះ ។ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ពេលសមត្ថកិច្ចនគរបាលស្រុកស្វាយទាបសហការជាមួយកម្លាំងរដ្ឋបាលពពែត ទៅព័ទ្ធចាប់ ជនសង្ស័យរូបនេះក៏រត់ឡើងលើដំបូលផ្ទះ ប៉ុន្តែដោយសារមិនអាចទ្រាំនឹងកំដៅថ្ងៃបាន ជនសង្ស័យក៏សុខចិត្តប្រគល់ខ្លួនជូនសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។ ហើយនៅវេលាម៉ោង៥និង០០ល្ងាចថ្ងៃទី២៦ មិថុនា ២០១៨ នេះលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង ៕
ចែករំលែកព័តមាននេះ