ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​រាស្ត្រប្រជា​រុងរឿង អ្នកដឹកនាំ​គួរ​មាន​មេត្តា​៣​ប្រការ

5 ឆ្នាំ មុន

មេត្តា​ទាំង​បី​ប្រការ​ខាងក្រោម​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​រុងរឿង​ក្នុង​នោះ ៖ ១-​មេត្តាមនោកម្ម គឺ​មេត្តា​តាម​ផ្លូវចិត្ត តាម​ការ​គិត​គឺៈ គិតតែ​រឿង​ដែល​នាំ​ឱ្យ​រាស្ត្រ​បាន​សុខ​, គិតតែ​រឿង​ណា​មិន​ឱ្យ​រាស្ត្រ​មានការ​ចងគំនុំ ព្យាបាទ​គ្នា​និង​គ្នា​, គិតតែ​រឿង​ណា…

មេត្តា​ទាំង​បី​ប្រការ​ខាងក្រោម​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​រុងរឿង​ក្នុង​នោះ ៖
១-​មេត្តាមនោកម្ម គឺ​មេត្តា​តាម​ផ្លូវចិត្ត តាម​ការ​គិត​គឺៈ
គិតតែ​រឿង​ដែល​នាំ​ឱ្យ​រាស្ត្រ​បាន​សុខ​, គិតតែ​រឿង​ណា​មិន​ឱ្យ​រាស្ត្រ​មានការ​ចងគំនុំ ព្យាបាទ​គ្នា​និង​គ្នា​, គិតតែ​រឿង​ណា ដែល​ឱ្យ​រាស្ត្រ​សម្បូរ​សប្បាយ មានទ្រព្យ​, សម្បត្តិ មិន​មាន​ជំងឺ មានការ​ចេះ​ដឹង បាន​ចម្រុងចម្រើន​ក្នុង​ការងារ​, គិតតែ​ពី​រឿង​ណា ដែល​អាច​ការពារ​មិន​ឱ្យ​ឧបសគ្គ​, សត្រូវ​ទាំងឡាយ​ចូល​មក​បំផ្លាញ​សេចក្តីសុខ​, សិទ្ធិ​សេរីភាព​, សីលធម៌​ប្រជាធិបតេយ្យ​របស់​រាស្ត្រប្រជា​ខ្លួន​បាន ។
ភាវនា​ទន្ទេញ ផ្សាយ​មេត្តា​ដល់​រាស្ត្រប្រជា​ខ្លួន​ជាប់​ជា​និច្ច​ថា សូម​ឱ្យ​រាស្ត្រប្រជា​ទាំងឡាយ​ដែល​នៅ​ទិស​ខាងកើត ខាងលិច ខាងជើង ខាងត្បូង​កុំបី​មាន​ពៀរ​វេរា​នឹង​គ្នា​ឡើយ សូម​ឱ្យ​បាន​នូវ​សេចក្តីសុខ សូមកុំ​ឱ្យ​មាន​សេចក្តី​ទុក្ខ សូមកុំ​មានការ​ព្យាបាទ​គ្នា សូម​ឱ្យ​បាន​អាយុ​វែង សូមកុំ​ឱ្យ​មាន​រោគ សូម​ឱ្យ​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ សូម​ឱ្យ​បាន​សុខ​គ្រប់​ៗ​គ្នា​ទាំងអស់ បើ​ទុក្ខ​មាន​ក៏​សូម​ឱ្យ​អស់​ទៅ ភ័យ​ឯណា​ដែល​មាន ក៏​សូម​ឱ្យ​អស់​ទៅ សេចក្តី​សោកសៅ​ដែល​កំពុង​មាន ក៏​សូម​ឱ្យ​អស់​ទៅ​ហោង​ ។

២-​មេត្តាវចីកម្ម គឺ​មេត្តា​តាម​ផ្លូវ​សំដី តាម​វាចា គឺ​បាន​ដល់ៈ
និយាយ​តែ​ពាក្យ​ពិ​រោះ មិន​ទ្រគោះបោះបោក​, និយាយ​តែ​ពាក្យពិត ពាក្យ​មិន​បោក​បញ្ឆោត ភូតភរ​, និយាយ​តែ​ពាក្យ​ដែល​នាំ​ឱ្យ​គេ​ស្រឡាញ់​គ្នា មាន​សាមគ្គី​, និយាយ​តែ​ពាក្យ​ដែល​មាន​ប្រយោជន៍​, ពាក្យ​ដែល​នាំ​ឱ្យ​ចម្រើន​ដល់​ជីវិត​រស់នៅ​របស់​រាស្ត្រប្រជា ។

៣-​មេត្តាកាយកម្ម គឺ​មេត្តា​តាម​ទ​ង្វើ​ដែល​ប្រព្រឹត្ត​ដោយ​កាយៈ
ធ្វើ​តែ​កម្ម​ណា ដែល​មិន​ប៉ះពាល់​ដល់​ជីវិត រាង​កាយ​របស់​រាស្ត្រប្រជា ដូច​ជា មិន​ប្រើ​អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ ផ្តាច់​ការ​ដោយ​អាវុធ​ជាដើម​។ ធ្វើ​តែ​កម្ម​ណា ដែល​មិន​ប៉ះពាល់​ដល់​សេចក្តីសុខ ទ្រព្យសម្បត្តិ​របស់​រាស្ត្រ​ដូច​ជា ស៊ីសំណូក លួច​ទ្រព្យ​ជាតិ រឹបអូស​ទ្រព្យ​រាស្ត្រ​ដោយ​អាង​អំណាច​ទាំង​ខុសច្បាប់ យកពន្ធ ភាស៊ី អាករ​ធ្ងន់​ពេក​ជាដើម ។ ធ្វើ​តែ​អំពើ​ណា ដែល​ធ្វើ​ឱ្យ​សុភមង្គល​ក្នុង​គ្រួសារ​របស់​រាស្ត្រប្រជា រឹងប៉ឹង សុខដុមរមនា​។

ធ្វើ​តែ​អំពើ​ណា ដែល​មេត្តាមនោកម្ម​បាន​គិត មេត្តាវចីកម្ម​បាន​និយាយ​ដោយ​ការ​មាន​មេត្តា​ស្រឡាញ់​រាស្ត្រ​ស្មើនឹង​ស្រឡាញ់​ខ្លួនឯង ។