ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​មនុស្សធម៌​នៅ​តែ​បន្ត ដើម្បី​សុខភាព​កម្មករ​កម្មការិនី និងប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​- កម្មការិនី និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​រកា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​- កម្មការិនី និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ ដោយ​ឥត​គិតថ្លៃ ។ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យ៉េ​ង អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​បេសកកម្ម​រោងចក្រ​នៃ​សមាគម​បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​សកម្មភាព​មនុស្សធម៌​នេះ គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋា ភិបាល​លើ​ផ្នែក​សុខុមាលភាព​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពណ៌​សម្បុរ​អ្វី​ឡើយ ។

លើស​ពី​នេះ​សមាគម​បាន​ពង្រីក​សកម្មភាព​មនុស្សធម៌​ឱ្យ​កៀក​ដល់​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ និង​ប្រជាជន​តាម​សហ​គម​ក្រីក្រ​ទូ​ទាំង​ប្រទេស និង​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សមាជិក​តាម​រយៈ​ការ​ចុះ​បេសកកម្ម​ផ្ទាល់​ជាមួយ​សមាគម និង​ដៃគូរ និង​តាម​ការ​បណ្តុះបណ្តាល​ជំនាញ​នានា​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ 

លោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពី​តាម​បណ្តា​មន្ទីរពេទ្យ​នានា​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​មក​ព្យាបាល​ដល់​បងប្អូន​នៅ​មូលដ្ឋាន​ផ្ទាល់​នេះ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​បាន​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ សរុប​ចំនួន​២,៩៣២ និង​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចំនួន​៤០​នាក់ ក្នុង​នោះ​ជំងឺ​ទូទៅ​ចំនួន​១៣៥០​នាក់ ជំងឺ​មាត់​ធ្មេញ​១២៣​នាក់ ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក​១១២​នាក់ ជំងឺ​ភ្នែក​២២៩​នាក់ រោគ​ស្ត្រី​១១៥​នាក់ វះកាត់​តូច​១៩​នាក់ អេកូ​សាស្ត្រ​៥០​នាក់ ផ្នែក​បេះដូង​០២​នាក់ ជំងឺ​សើ​ស្បែក​១១៥​នាក់ ឫសដូងបាត​៥០​នាក់ ជំងឺ​សន្លាក់​៤៤​នាក់ ផ្នែក​មន្ទីរពិសោធន៍​៥០​នាក់ និង​ចុះ​អប់រំ​សុខភាព​តាម​បន្ទប់​ជួល​ចំនួន​៣០០​បន្ទប់ ។ ក្នុង​ឱកាស​នោះ​រទេះ​ពិការ​ចំនួន​០៥​រទេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគល់​ជូន​ដល់​ជន​ពិការ​ទីទាល់​ក្រ​ផង​ដែរ ។

សូម​រំលឹក​ថា លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បាន​ថ្លែង​ថា យើង​មាន​ជំនាញ និង​មាន​បេះដូង យើង​ត្រូវ​អនុវត្ត​ជំនាញ​នឹង​យក​បេះដូង​ជួយ​ដល់​ប្រជាពលរដ្ឋ​ព្រោះថា ការ​ពិនិត្យ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ គឺ​មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ យើង​បាន​ផ្ដល់​នូវ​ស្នាមញញឹម ក្តី​សង្ឃឹម និង​សុភមង្គល​ដល់​គ្រួសារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ