ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជម្រាប​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​ បញ្ជល់មាន់​ និង​អាប៉ោងថា…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សូម​ជម្រាប​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​ បញ្ជល់មាន់​និង​អាប៉ោង​ថា ពេល​នេះ​រក​កន្លែង​បើក​សង្វៀន​បញ្ជល់​ថ្មី​បាន​ហើយ បើ​ចង់ទៅ​លេង​សូម​ទាក់ទង​តាម​ខ្សែបណ្តោយ​(​មេ​)នោះ​នឹង​មាន​អ្នក​នាំ​ផ្លូវ​ទៅ​ជាក់​​ជា​មិន​ខាន​ឡើយ​។បើ​ធ្វើ​ដំណើរ​ចេញពី​រង្វង់​មូល​វិមាន​ឯករាជ្យកាត់មុខ​សាលាខេត្ត​ឆ្ពោះទៅ​ទិស​ខាង​ត្បូង ហួស​ឃុំ​ស្គុះ​នឹង​ទៅ​ដល់​ឃុំ​ក្រាំង​អំពិល ស្ថិត​ក្នុងស្រុក​សំរោង​ទង​ហើយ ។ ពេល​ទៅ​ដល់​មាន​អ្នក​ចាំ​នាំ​ផ្លូវ​ចូល​ទៅ​សង្វៀន​នោះ​ជាក់​ជា​មិន​ខាន​ឡើយ​តែបើ​មិនឃើញ​អ្នក​នាំ​ផ្លូវ​ទេ…

ខេត្តកំពង់ស្ពឺ ៖ សូម​ជម្រាប​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​ បញ្ជល់មាន់​និង​អាប៉ោង​ថា ពេល​នេះ​រក​កន្លែង​បើក​សង្វៀន​បញ្ជល់​ថ្មី​បាន​ហើយ បើ​ចង់ទៅ​លេង​សូម​ទាក់ទង​តាម​ខ្សែបណ្តោយ​(​មេ​)នោះ​នឹង​មាន​អ្នក​នាំ​ផ្លូវ​ទៅ​ជាក់​​ជា​មិន​ខាន​ឡើយ​។បើ​ធ្វើ​ដំណើរ​ចេញពី​រង្វង់​មូល​វិមាន​ឯករាជ្យកាត់មុខ​សាលាខេត្ត​ឆ្ពោះទៅ​ទិស​ខាង​ត្បូង ហួស​ឃុំ​ស្គុះ​នឹង​ទៅ​ដល់​ឃុំ​ក្រាំង​អំពិល ស្ថិត​ក្នុងស្រុក​សំរោង​ទង​ហើយ ។ ពេល​ទៅ​ដល់​មាន​អ្នក​ចាំ​នាំ​ផ្លូវ​ចូល​ទៅ​សង្វៀន​នោះ​ជាក់​ជា​មិន​ខាន​ឡើយ​តែបើ​មិនឃើញ​អ្នក​នាំ​ផ្លូវ​ទេ គ្រាន់តែ​សួរ​រក​ផ្លូវ​ចូល​ទៅ​បន្ទាយ​​ទាហាន​ដែល​ទើបនឹង​មក​ដាក់​ថ្មី(​ថ្លុក​តា​សេក​) នៅ​ទីនោះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​ព្រោះនៅ​ជិត​បន្ទាយ​តែ​ម្តង ។ មាន​ផ្លូវ​មួយ​ខ្សែ​ទៀត គឺ​ចេញពី​ផ្លូវ​សាលាស្រុក​គងពិសី តាម​ផ្លូវ​ទៅ​ភ្នំ​ជាលជិត​ដល់​វត្ត​ជ្រោះ​កន្លង អាច​សួរ​រក​ផ្លូវ​ទៅ​សង្វៀន​នោះ​បាន​ដូច​គ្នា ។

សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​នេះ​ត្រូវ​បានដឹង​ថា មាន​សុវត្ថិភាព​គ្រប់គ្រាន់​ព្រោះតែ​អ្នក​កាងនៅ​ទីនោះ​សុទ្ធតែ​មាន​ឋានៈ​បុណ្យ​ស័ក្តិធំ​ៗ​សម្បើម​ណាស់ ដែល​អាជ្ញាធរ​ថ្នាក់​ក្រោម​ល្មម​ៗ​មិន​ហា៑ន​ឡើយ កុំ​ថា​បង្ក្រាប​សូ​ម្បី​តែ​ទៅ​អើត​មើល​ក៏​មិន​ហ៊ាន​ដែរ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​ចិត្ត​ទៅ​លេង​អាប៉ោង​និង​បញ្ជល់មាន់​ភាគច្រើន​ជា​អ្នក​ចម្ងាយ អ្នក​មូលដ្ឋាន​មិនសូវ​មាន​ទេ ហើយបើ​មាន​ក៏​តិចតួច​ដែរ ។ មន្ត្រី​នគរបាល​មូលដ្ឋាន​មួយ​រូប ធ្លាប់​ឮ​ម្ចាស់ភាគ​ហ៑​ុ​ន​មួយ​រូបរ​អូ​៊​ថា រាល់​ថ្ងៃនេះ​តុង​មិនសូវបាន​ទេ​ព្រោះ​ខាង​ទាហាន​គេ​ចង់​បាញ់អាប៉ោង​តែឯង ឯខាង​គាត់​មាន​តែ​មាន់ ដូច្នេះ​ចំណូល​បាន​តិច​ជាង​ខាង​ទាហាន ។ ទោះជា​យ៉ាងណា​ក៏​ត្រូវ​តែ​ខំ ព្រោះ​បាន​ប្រមូល​លុយ​បង់​ឲ្យ​មេ​ៗ​នៅ​ខេត្ត​អស់​ច្រើន​គួរសម​ហើយ​ដែរ បើ​មិន​ខំ​កៀរគរ​គ្នា​មក​លេង​ខ្លាច​ខាតដើម ។

មន្ត្រី​ដដែល​នេះ​បន្ត​ថា មិនដឹង​ថា​តើ​ការបើក​ឲ្យ​មាន​លេងល្បែង​បញ្ជល់មាន់​និង​អាប៉ោងនេះ ថ្នាក់ដឹកនាំ​បាន​ជ្រាប​ដែរ​ឬទេ​ថា ក្រុម​អ្នកញៀន​ល្បែង​ទាំងនេះ​បាន​យកឈ្មោះ​អស់លោកមេ​ៗ​មក​បិទ​បាំង​ដើម្បី​បន្លាច​ថ្នាក់​ក្រោម ។ កូនចៅ​ក្រោម​ៗ​ឮ​តែ​ឈ្មោះ​មេ​ៗ តើ​អ្នក​ណា​ហា៑ន​សួរ​មេ ?បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​បច្ចេកទេស​មួយ​រូប​បាន​បង្ហើប​ថា មេ​សង្វៀន​នេះ​គេ​បាន​រត់ការ​ជាមួយ​មេ​ៗ​អស់ហើយ ជា​ពិសេស​ខាង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ ចំពោះ​ការ​បើក​លេង​គឺ​គេ​លេង​បាន​មួយ​អាទិត្យ​ហើយ ដោយ​ចំណូល​បាន​ពី​អាប៉ោង​រាប់​លាន​រៀល​ក្នុង​១​ថ្ងៃ​ៗ ហើយ​ចំពោះ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​គឺ​បាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា ព្រោះថា​មនុស្ស​ទៅ​លេង​ច្រើន ។ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ខាងលើ បានសំណូមពរ​ទៅ​លោក​អភិបាលខេត្ត មេត្តា​ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​នេះ​ផង បើ​មិន​ដូច្នោះ​ទេ​ប្រជាពលរដ្ឋ​ច្បាស់​ជា​ដេកមិន​លក់​ជា​មិន​ខាន​ឡើយ ព្រោះថា​វង់ល្បែង​បាន​មក​បើក​លេង​នៅ​ជិត​ភូមិ ឃុំ​របស់​ពួក​គាត់​បែប​នេះ ។ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ​មាន​សង្ឃឹម​និង​ជឿជាក់​តែ​លើ​លោក​អភិបាលខេត្ត​ម្នាក់​គត់ ដែល​អាច​ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​នេះ​បាន ៕​

អត្ថបទសរសេរ ដោយ