កុងតឺន័របុកជាមួយរថយន្ដដឹកផ្លែឈើ ស្លាប់៣នាក់របួសធ្ងន់ម្នាក់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ រថយន្ដពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឲ្យមនុស្ស០៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីនេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែតលេខ១៩២ ១៩៣ ខាងលិចស្ថានីយថ្លឹងរថយន្ដចម្ងាយ៥០០ម៉ែត្រ…
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ដដឹកកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ 3A-1452 បើកបរដោយឈ្មោះ ម៉ាញ ភេទប្រុស នៅខេត្តកំពង់ធំ។ រថយន្ដមួយគ្រឿងទៀតម៉ាកសាំយ៉ុងដឹកផ្លែសាវម៉ាវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-8965 បើកបរដោយឈ្មោះ វ៉ាន់ វឿន ភេទប្រុស រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើរ០២នាក់ទៀត។ នៅវេលាទៀបភ្លឺនោះ រថយន្ដកុងតឺន័រធ្វើដំណើរពីកើតទៅលិច រីឯរថយន្ដសាំយ៉ុងដឹកផ្លែឈើធ្វើដំណើរពីលិចទៅកើត បញ្ច្រាសទិសគ្នា។
រថយន្ដទាំងពីរគ្រឿងបានបើកក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែបុកគ្នាពេញយ៉ាងទំហឹងតែម្ដង។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាល ឲ្យភាគីខាងរថយន្ដសាំយ៉ុងស្លាប់០៣នាក់ ក្នុងនោះមានក្មេងស្រីម្នាក់ផងដែរ។ ចំណែកភាគីខាងរថយន្ដ កុងតឺន័ររបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ រថយន្តទាំងពីរគ្រឿងត្រូវបាន មន្ត្រីនគរបាលយកចេញពីកន្លែងកើតហេតុ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រីឯសាកសពទាំង០៣នាក់ រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ