រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកលក់ដូរនៅផ្សាររ៉ុងក្លឿប្រទេសថៃបានមកធ្វើអត្តឃាតលោតពីលើជាន់ទី៤ក្នុងផ្សារទំនើបសូរិយាផ្លូវលេខ៦៣ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៥ មីនា ។
សាក្សីបាននិយាយឲ្យសមត្ថកិច្ចដឹងថា នៅវេលាខាងលើបុរសម្នាក់មានទឹកមុខក្រៀមក្រំក្នុងសំលៀកបំពាក់ខោខូវប៊ូយជើងវែង ពណ៌ទឹកប៊ិច ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅបានចូលផ្សារទំនើបសូរិយា ហើយឡើងតាមជណ្តើរយន្តឆ្ពោះទៅជាន់ទី៥ លុះបន្តិចក្រោយមកក៏ដើរចុះមកឈរនៅជណ្តើរជាន់ទី៤រួចនិយាយទូរស័ព្ទបណ្តើរយំបណ្តើរ ។ បន្ទាប់មកបានឮបុរសនោះពោលពាក្យថា«ពេលនេះយើងត្រូវចប់គ្នាហើយ!»ហើយក៏លោតទម្លាក់ខ្លួនចុះមកជាន់ក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកាំជណ្តើរក្បែរទូលក់គ្រឿងអេឡិចត្រូនិច បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងសន្តិសុខយាមប្រចាំការក្នុងផ្សារ និងអាជីវករដែលអ្នកខ្លះកំពុងរៀបចំទុកដាក់អីវ៉ាន់ដើម្បីទៅផ្ទះ។ នៅក្នុងហេតុការណ៍នេះត្រូវបានកងសន្តិសុខយាមប្រចាំការនាំគ្នាបិទទ្វារមិនអនុញ្ញាតឲ្យអ្នកកាសែតថតយករូបភាពជនធ្វើអត្តឃាតនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះទំនងជាខឹងសង្សារសុំចែកផ្លូវគ្នាមានឈ្មោះពៅ រស្មី អាយុ២៤ឆ្នាំ ជាអ្នកលក់ដូរមានទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ ឃុំអូរស្មាច់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមប័ណ្ណលេខ០៤០០២០ដែលមានបិទរូបថតជនរងគ្រោះសំរាប់ការចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលរកឃើញក្នុងខ្លួនបុរសរូបនោះ ៕
ចែករំលែកព័តមាននេះ