ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់នៅពេលអ្នកស្រុកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទាំងមានមន្ទិលដោយខ្លះសង្ស័យថា មកពីពុលស្ករគ្រាប់ ឯអ្នកខ្លះថា អាចមកពីជំងឺបេះដូង ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោងជាង១២រសៀល ថ្ងៃទី១៩ មិថុនា ២០១៨ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនរងគ្រោះខាងលើឈ្មោះ នាង ហេង ភេទប្រុស (រៀនផ្នែកជាងម៉ូតូ) មានទីលំនៅភូមិ-សង្កាត់ផ្សារកណ្តាលហើយជនរងគ្រោះបានស្លាប់ពេលដែលអ្នកស្រុកដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយពីមានអាការៈទន់ដៃជើង និងប្រកាច់ធ្វើឱ្យមានការភ្ញាក់ផ្អើលតគ្នាៗតែម្តង ។
បើតាមបុរសឈ្មោះទឹម វិន ជាមេជាងម៉ូតូ និងជាអ្នកបង្រៀនជនរងគ្រោះប្រាប់ថា ដំបូងជនរងគ្រោះទិញកាហ្វេពីតៀមមកផឹកជាមួយគាត់នៅកន្លែងធ្វើម៉ូតូ លុះផឹករួចជនរងគ្រោះរអ៊ូរទាំថា គេមិនសូវស្រួលខ្លួនសោះប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់ក៏ទៅទិញបបរឲ្យហូប បន្ទាប់មកជនរងគ្រោះឃើញស្ករគ្រាប់កាត់ស្លេះបំពង់កដែលគាត់ទុកលើតុក៏សុំហូបអស់មួយគ្រាប់។ ក្រោយហូបបបរ និងស្ករគ្រាប់មួយសន្ទុះ ស្រាប់តែជនរងគ្រោះថា អួលៗទ្រូង គាត់និងគ្រួសារមួយទៀតនៅជិតនោះត្រូវជាបងធម៌ជនរងគ្រោះក៏លួងលោមឲ្យទៅចូលគ្លីនិគឈ្នួលនៅក្បែរនោះពិនិត្យសុខភាព។ ដំបូងពេទ្យប្រាប់ថា ឲ្យឈប់សម្រាកមួយរយៈសិនទៅព្រោះចង្វាក់បេះដូងមិនសូវល្អ ប៉ុន្តែជនរងគ្រោះមិនស្តាប់ក៏ក្រោកដើរទៅដេកអង្រឹងមុខផ្ទះបងធម៌ប្រហែលជាង១០នាទី ស្រាប់តែប្រកាច់ធ្វើឲ្យអ្នកស្រុកនាំគ្នាផ្អើលឆោឡោនាំគ្នាជួយសែងចូលគ្លីនិកដដែល ប៉ុន្តែគ្រូពេទ្យឲ្យដឹកទៅមន្ទីរពេទ្យបង្អែកក្រុងមិនហ៊ានទទួល ព្រោះសភាពធ្ងន់ធ្ងរទៅហើយ។
ជុំវិញករណីនេះលោកប្រធានមន្ទីរពេទ្យបង្អែកប្រាប់ថា ពិតជាមានជនរងគ្រោះស្លាប់ម្នាក់មែន ប៉ុន្តែប្រហែលជាស្លាប់មុននាំដល់មន្ទីរពេទ្យ ព្រោះពេលលោកពិនិត្យជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ការស្លាប់នេះលោកមិនអាចសន្និដ្ឋានថា បណ្តាលមកពីអ្វីនោះទេ ប៉ុន្តែសាច់ញាតិប្រាប់ថា មុនស្លាប់គឺជនរងគ្រោះញ៉ាំស្ករគ្រាប់។
ដោយឡែកលោកមេភូមិដាក់ការសង្ស័យថា ជនរងគ្រោះអាចកើតជំងឺបេះដូង ដោយលោកថា កាលពីអំឡុងលោកធ្វើការនៅភ្នំពេញមានក្រុមការងារម្នាក់ធ្វើទុក្ខបេះដូង ក្រោយទទួលទានកាហ្វេរួចចូលទៅអង្គុយធ្វើការក៏គាំងបេះដូងស្លាប់ដូចជនរងគ្រោះខាងលើដែរ។ រីឯគ្រួសារបងធម៌និយាយថា ក្រោយស្លាប់ជនរងគ្រោះមានឈាមចេញតាមច្រមុះទៀតផង។
ក្រោយមកសពជនរងគ្រោះត្រូវសាច់ញាតិដឹកចេញពីក្រុងប៉ោយប៉ែតយកទៅធ្វើបុណ្យខាងប្រពន្ធឯស្រុកមង្គលបូរី បន្សល់ទុកនៅតែមន្ទិល ព្រោះមិនដឹងថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដទេ ខណៈសមត្ថកិច្ចក្រុងប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ មិថុនាថា មិនទាន់បានដឹងពីរឿងខាងលើនៅឡើយទេ៕
ចែករំលែកព័តមាននេះ