ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ភ្ញាក់ផ្អើល​នឹង​ចំណេះដឹង​ខាង​បច្ចេកវិទ្យា​របស់​នាយក​រដ្ឋមន្ត្រី​

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ មហាសេដ្ឋី​ចិន លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ មហាសេដ្ឋី​ចិន លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ម្សិលមិញ បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក មហា​ធា មហាម៉ាត់ (Mahathir Mohamad) នៅ​ឯ​ការិយាល័យ​របស់​លោក ស្ថិត​ក្នុង​ទីក្រុង​ពូ​ត្រា​ចា​យ៉ា (Putrajaya) ។

លោក ជេ​ក ម៉ា ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​របស់​ប្រទេស​នេះ​ស្រង់​សម្ដី​ថា មាន​បំណង​ចង់​ជួប​លោក​មហា​ធា ចាប់តាំងពី​ការ​វិល​ត្រឡប់​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​រដ្ឋាភិបាល​UMNO ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ ។បន្ទាប់​ពី​ជំនួប​នេះ លោក​ម៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Bernama ថា ៖« ពិតជា​ភ្ញាក់​ផ្អើល​​នឹង​ចំណេះដឹង​របស់​លោកនាយក​រដ្ឋមន្ត្រី​មហា​ធា អំពី​បច្ចេកវិទ្យា » ។

លោក​ម៉ា និយាយ​ថា ៖« រយៈពេល​១​ម៉ោង​នៃ​ជំនួប​នេះ ពួក​យើង​បាន​ចែករំលែក​នូវ​គំនិត​យ៉ាងច្រើន និង​ពិភាក្សា​ធ្វើ​យ៉ាងណា លើកកម្ពស់​ប្រជាពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ឲ្យ​ចាក​ផុត​ពី​ភាព​​ក្រីក្រ និង​គាំទ្រ​យុវជន​វ័យក្មេង ព្រមទាំង​អាជីវកម្ម​ខ្នាត​តូច​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​» ។ លោក​ថា ៖« វា​ជា​ជំនួប​ដ៏​មាន​អត្ថន័យ​បំផុត ខណៈ​ដែល​លោក​បាន​បើក​ការិយា​ល័យ​ក្រុមហ៊ុន Alibaba នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​បង់​សា (Bangsar)» ។ លោកនាយក​រដ្ឋមន្ត្រី​មហា​ធា បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter របស់​លោក​ថា ៖«​យើង​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ជា​ច្រើន​ទៅ​លើ​ប្រធានបទ​ដ៏​ទូលំទូលាយមួយ » ។

យោង​តាម​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ក្នុង​ប្រទេស​នេះ បាន​ស្រង់​សម្ដី​លោក ជេ​ក ម៉ា ដោយ​លើក​ឡើង​ថា មហាសេដ្ឋី​ចិន​រូប​នេះ​មាន​បំណង​ចង់​ជួប​លោកនាយក​រដ្ឋមន្ត្រី​មហា​ធា តាំងពី​ដើមខែ​នេះ​មក​ម្ល៉េះ ប៉ុន្ដែ​សំណើ​ជំនួប​នេះ​ត្រូវ​បាន​ពន្យារពេល ដោយសារ​លោកនាយក​រដ្ឋមន្ត្រី​កំពុង​មមាញឹក​នឹង​ការងារ​រៀបចំ​រដ្ឋាភិបាល​ថ្មី​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ