ប្រទេសវៀតណាម៖ ទោះបីជាអាកាសធាតុនៅចុងសប្តាហ៍មានភាពក្តៅហួតហែងយ៉ាងណាក៏ដោយ ក៏ប្រជាជននៅក្នុងទីក្រុងហូជីមិញយ៉ាងកកកុញបានសម្រុកទៅកាន់ផ្សារទំនើបក្នុងស្រុកមួយ ដើម្បីចូលរួមក្នុងកម្មវិធីប៊ូហ្វេញ៉ាំទុរេនមិនកំណត់ ដែលក្នុងនោះអ្នករៀបចំកម្មវិធីបានត្រៀមទុរេនរហូតដល់ទៅ ១ តោន ដើម្បីបំពេញតាមតម្រូវការដ៏ខ្លាំងក្លារបស់អតិថិជន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នៅថ្ងៃទី១៩ ខែឧសភានេះ។
កម្មវិធីដ៏ប្លែកភ្នែកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមួយដែលជាក្រុមហ៊ុននាំចេញកសិផលឈានមុខគេរបស់វៀតណាម។ អតិថិជនគ្រាន់តែចំណាយប្រាក់ចំនួន ១៩៩,០០០ ដុង (ប្រហែល ៧.៥៥ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ គឺអាចចូលទៅញ៉ាំទុរេនដែលនាំមកពីតំបន់ដីសណ្តទន្លេមេគង្គ ដោយសេរីក្នុងរយៈពេល ១ ម៉ោងពេញ។ តាមការឱ្យដឹងពីអ្នករៀបចំ កម្មវិធីនេះទទួលបានភ្ញៀវចូលរួមជាមធ្យមប្រមាណ ៦០ នាក់ក្នុងមួយថ្ងៃ។
អតិថិជនជាច្រើនបានសម្តែងការពេញចិត្តយ៉ាងខ្លាំង ដោយសារកម្មវិធីនេះមិនត្រឹមតែផ្តល់នូវបទពិសោធន៍ញ៉ាំអាហារដ៏ថ្មីប្លែក និងចំណេញលុយសម្រាប់អ្នកចូលចិត្តទុរេនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយផ្សព្វផ្សាយផ្លែឈើប្រចាំតំបន់ និងជួយគាំទ្រដល់កសិករក្នុងការនាំយកកសិផលមកកាន់ដៃអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។
គួររំលឹកថា ទម្រង់ប៊ូហ្វេទុរេនបែបនេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសផលិតទុរេនធំៗដូចជា ថៃ និងម៉ាឡេស៊ី ដែលសូម្បីតែសណ្ឋាគារមួយចំនួនក៏បានចាប់ដៃគូជាមួយម្ចាស់ចម្ការដើម្បីបង្កើតជាកញ្ចប់ទេសចរណ៍ញ៉ាំទុរេនទៀតផង៕
ចែករំលែកព័តមាននេះ