ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីត្រៀមធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃដោយរាប់បញ្ចូលទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ និងចូលរួមដោយកងទ័ពរាប់ម៉ឺននាក់ទូទាំងប្រទេស។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូនទៅលើរុស្ស៊ី និងស្របពេលដែលលោកពូទីនត្រៀមបំពេញទស្សនកិច្ចនៅប្រទេសចិន។ ឆ្លងកាត់សង្គ្រាមអ៊ុយក្រែនរយៈពេលជាងបួនឆ្នាំកន្លងទៅនេះ រុស្ស៊ីឧស្សាហ៍ព្រលយពាក្យសម្ដីជាញឹកញាប់អំពីការត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

គម្រោងធ្វើសមយុទ្ធយោធាលើកនេះក៏កើតមានឡើងបន្ទាប់ពីសន្ធិសញ្ញានុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយរវាងរុស្ស៊ី និងអាមេរិកបានផុតសុពលភាព។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាចាប់ពីថ្ងៃទី១៩ដល់២១ ខែឧសភាកងទ័ពរុស្ស៊ីនឹងធ្វើសមយុទ្ធយោធាដើម្បីត្រៀមលក្ខណៈប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងករណីដែលខ្លួនរងការគំរាមកំហែង។ ការបិទបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរញូស្តាត (New START) កាលពីខែកុម្ភៈមានន័យថាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២លែងមានអ្វីជាការដាក់កំហិតតទៅទៀតហើយ។

សមយុទ្ធយោធារបស់រុស្ស៊ីលើកនេះនឹងប្រើប្រាស់កងទ័ពជាង៦៥០០០នាក់ គ្រឿងបរិក្ខារយោធា និងអាវុធគ្រប់ធុនចំនួន៧៨០០មុខ។ ក្នុងនោះមានជើងទម្របាញ់មីស៊ីលជាង២០០គ្រឿង។ យន្តហោះ នាវាចម្បាំង នាវាមុជទឹកធម្មតា និងនាវាមុជទឹកនុយក្លេអ៊ែរនឹងចូលរួមនៅក្នុងសមយុទ្ធយោធាលើកនេះ។ ក្រសួងការពារជាតិថ្លែងថាខ្លួននឹងបញ្ចេញមីស៊ីលបណ្ដែត និងមីស៊ីលផ្លោងដើម្បីធ្វើតេស្តសមត្ថភាពរបស់វា។

សមយុទ្ធយោធាលើកនេះក៏ពាក់ព័ន្ធនឹងការហ្វឹកហាត់រួមគ្នា និងវិញ្ញាសាហ្វឹកហាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយនៅលើទឹកដីបេឡារូសផងដែរ។ រុស្ស៊ីបានដាក់ពង្រាយគ្រាប់មីស៊ីលអូរេស្នីក (Oreshnik) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីបេឡារូសដែលជាប់ព្រំដែនជាមួយប្រទេសសមាជិកអង្គការណាតូ។ ទីក្រុងម៉ូស្គូប្រកាសអំពីការធ្វើសមយុទ្ធយោធានេះតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលលោកពូទីនត្រៀមចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល២ថ្ងៃ៕ ប្រភព៖ Arab News
ចែករំលែកព័តមាននេះ