កីឡាករវ័យក្មេង ៖ លែងខ្លាចគ្រោះថ្នាក់ហើយគិតតែ… ដើម្បីឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣…
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣…
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣ កាលពីថ្ងៃទី១៦ មិថុនា ២០១៨ កីឡាករ សេក ចៅជូត បានក្លាយជាកីឡាករទី៣គួរឱ្យសរសើរដែលដណ្ដើមបានកៅអី១៦នាក់ ក្នុងចំណោម៣២រូបដែលមានឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលគេកត់សម្គាល់ គឺ សេក ចៅជូត គឺកីឡាកររូបនេះ ឡើងវាយដោយសឹងមិនមានបច្ចេកទេសក្នុងនាមជាកីឡាករនោះទេ ដោយដឹងតែវាយសម្រុកចេញឱ្យបានច្រើន មិនខុសពីការបំបាក់ស្មារតីកីឡាករ ផាន រៈ ជាកីឡាករគូប្រកួត ទើបធ្វើឱ្យលោកសង្កត់បានពិន្ទុ ហើយឈ្នះនៅក្នុងការប្រកួតនោះ។
ហើយកីឡាករវ័យក្មេងរូបនេះនិយាយថា លោកមកប្រកួតនៅប៉ុស្ដិ៍លេខ៥លើកនេះ គឺដោយសារតែគ្រូបង្វឹកក្នុងក្លិបអង្គរមានជ័យខេត្តសៀមរាប ផ្ដល់ឱកាសដាក់ឱ្យប្រកួតប៉ុណ្ណោះ បន្ទាប់ពីដឹងថា លោកនៅខេត្តសៀមរាប ក៏មិនមានការងារមួយច្បាស់លាស់ ហើយត្រូវការលុយដើម្បីជីវិត និងគ្រួសារ។ គាប់ជួនជាលោកក៏ចង់ក្លាយជាអ្នកប្រដាល់យ៉ាងអស់ពីកម្លាំងចិត្តផង ទើបគ្រូបង្វឹកឱ្យលោកមានឈ្មោះក្នុងប្រកួតនៅប៉ុស្ដិ៍លេខ៥ ដែលលោកប្រាប់ថា គឺជាឱកាស។ លោកថា ព្រឹត្តិការណ៍ជម្រុះជើងឯកនៅប៉ុស្ដិ៍លេខ៥ លោកធ្លាប់តែមើលធ្លាប់ តែស្រម៉ៃ អ៊ីចឹងហើយក្រោយពេលមានឈ្មោះបានមកប្រកួតជម្រុះ ក៏ខ្ចីលុយគេធ្វើដំណើរពីខេត្តសៀមរាបមក ដើម្បីមកប្រកួត ហើយលទ្ធផលគឺលោកបានឈ្នះ។
កីឡាកររូបនេះបន្តថា ការប្រកួតដែលបានឈ្នះនោះ មិនមែនឈ្នះដោយប្រើសមត្ថភាព និងបច្ចេកទេសទាំងស្រុងនោះទេ ប៉ុន្តែគឺឈ្នះដោយសារលោកលែងខ្លាចគ្រោះថ្នាក់ ហើយគិតតែវាយសម្រុកដើម្បីចង់ឈ្នះ ចង់បានឈ្មោះឡើងវាយបន្ត ពោលគឺដើម្បីបានលុយ និងមានការទទួលស្គាល់។ លោកសារភាពថា ឱកាសឡើងរេញនៅក្នុងព្រឹត្តិការណ៍របស់ប៉ុស្ដិ៍លេខ៥កាលនោះ គឺលោកអត់ដឹងថា ត្រូវវាយយ៉ាងមិចជាលក្ខណៈបច្ចេកទេសទេ គឺដឹងតែត្រឹមថា វាយចេញឱ្យបានច្រើន គឺគ្រប់គ្រាន់ ដោយសារតែលោកខ្លាចគូប្រកួតវាយត្រូវ ឬវាយបានមុនប៉ុណ្ណោះ។
ក្រោយពីកក់បានកៅអី១៦នាក់តាមការចង់បាននេះ កីឡាករ សេក ចៅជូត នឹងត្រូវត្រៀមខ្លួនឡើងប្រកួតក្នុងវគ្គ១៦នាក់យកតែ៨នាក់ទៀត ដោយលោកនិយាយថា ទោះមិនមានសង្ឃឹមច្រើន ក៏ដឹងតែវាយសិនដែរ ដើម្បីឱ្យអ្នកគាំទ្រដឹងថា លោកតស៊ូក្នុងអាជីពកីឡា ហើយបន្តផ្ដល់ឱកាសឱ្យលោកឡើងរេញ ដើម្បីបានលុយដោះស្រាយជីវភាព៕
ចែករំលែកព័តមាននេះ