ពាក្យថាវិន័យមិនមែនសម្រាប់តែព្រះសង្ឃទេ វិន័យនេះបើនិយាយឱ្យមែនទែនទៅ និងងាយស្តាប់បាននោះគឺសំដៅលើច្បាប់ ឬច្បាប់វិន័យក៏បាន ប្រែថា ការដឹកនាំទៅរកផ្លូវល្អ ច្បាប់ប្រដៅឱ្យប្រព្រឹត្តត្រឹមត្រូវ ច្បាប់សម្រាប់បព្វជិតកាន់វិន័យ ធ្វើតាមវិន័យបានល្អ ច្បាប់ប្រដៅឱ្យមានការសង្រួមកាយវាចាត្រឹមត្រូវ ឱ្យមានសណ្តាប់ធ្នាប់ល្អ…។
វិន័យនាំមកនូវឧត្តមភាព ព្រះពុទ្ធសាសនាយកព្រះវិន័យជាគ្រឹះ កាលបើអ្នកបួសមិនប្រតិបត្តិតាមវិន័យ បរិស័ទលែងមានជំនឿអស់សទ្ធា ពេលនឹងហើយព្រះសង្ឃដែលរស់នៅក្នុងសាសនាដែលតែងអាស្រ័យទេយ្យទានពីបរិស័ទនោះ មិនអាចទ្រទ្រង់ភេទជាបព្វជិតបានតទៅទៀត ទេ នឹងត្រូវប្តូរពីឧត្តមភេទមកហីនភេទវិញ ពេលនោះហើយព្រះពុទ្ធសាសនានឹងត្រូវរលាយសាបសូន្យ។ ព្រោះហេតុនោះទើបព្រះពុទ្ធសាសនា តម្រូវឱ្យអ្នកបួសត្រូវតែគោរពប្រតិបត្តិធម៌វិន័យយា៉ងជាក់លាក់ប្រាកដណាស់ ទ្រង់ហាមដាច់ខាតមិនឱ្យព្រះសង្ឃលូកដៃចូលច្របូកច្របល់ក្នុងការងារគ្រហស្ថទេ ការធ្វើបែបនេះនឹងប្រាស់ចាកការប្រតិបត្តិត្រៃសិក្ខា(សីល សមាធិ បញ្ញា) ។
ដោយឡែកវិន័យនេះបើនិយាយចំពោះគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែងវិញ កាលណាគ្រួសារណាមួយអត់វិន័យ គ្មានសីលធម៌ សុជីវធម៌ ក្នុងជីវិតរស់នៅ សមាជិកគ្រួសារនោះទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ មានចរិតក្រឡោងខាម លែងស្តាប់បង្គាប់អ្នកណាទាំងអស់ ធ្វើឱ្យគ្រួសារនោះឃើញតែភាពអន្ធការលែងស្គាល់ពន្លឺនៃសុភមង្គល ។
ចែករំលែកព័តមាននេះ