ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​សមាធិ​ត្រូវ​ប្រមូល​ចិត្ត​ឱ្យ​នៅ​មូល​ក្នុង​ទ្រូង

5 ឆ្នាំ មុន

បុគ្គល​ដែល​មាន​សេចក្តី​ប្រាថ្នា ដើម្បី​សម្អាតចិត្ត​ឱ្យ​បាន​បរិសុទ្ធ​ផូរផង់​ល្អ ប្រាសចាក​អកុសល​ផ្សេង​ៗ នឹង​បាន​ធ្វើ​ចិត្តនឹង ស្ងប់ ងាយស្រួល​ក្នុង​ការ​ឃុំគ្រង ត្រូវធ្វើ​សមាធិ​ដើម្បី​អប់រំ​ចិត្ត ។ ការ​ធ្វើ​សមាធិ​ដំបូង​យើង​ត្រូវ​ស្វែងរក​ទី​សេនាសនៈ​សមគួរ គឺ​ស្ងប់ស្ងាត់​ល្អ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ពិចារណា…

បុគ្គល​ដែល​មាន​សេចក្តី​ប្រាថ្នា ដើម្បី​សម្អាតចិត្ត​ឱ្យ​បាន​បរិសុទ្ធ​ផូរផង់​ល្អ ប្រាសចាក​អកុសល​ផ្សេង​ៗ នឹង​បាន​ធ្វើ​ចិត្តនឹង ស្ងប់ ងាយស្រួល​ក្នុង​ការ​ឃុំគ្រង ត្រូវធ្វើ​សមាធិ​ដើម្បី​អប់រំ​ចិត្ត ។

ការ​ធ្វើ​សមាធិ​ដំបូង​យើង​ត្រូវ​ស្វែងរក​ទី​សេនាសនៈ​សមគួរ គឺ​ស្ងប់ស្ងាត់​ល្អ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ពិចារណា ។ យោគាវចរ គប្បី​អង្គុយ​ផ្គត់ភ្នែន​ឱ្យ​មាំ​ល្អ ព្រោះ​ការ​អង្គុយ​ផ្គត់ភ្នែន​នេះ ជា​ឥរិយាបថ​នាំ​មក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្តិ​ចុះឡើង​នៃ​ខ្យល់​ដកដង្ហើម​ចេញចូល​ផង ជា​ឧបាយ​នៃ​កិរិយា​កាន់​យក​ដោយ​ជុំវិញ​នូវ​អារម្មណ៍​ផង​។ ការ​អង្គុយ​តាម​ទម្លាប់​ជើង​ស្តាំ​ដាក់​លើ​ជើង​ឆ្វេង​ដៃស្តាំ​ដាក់​លើ​ដៃ​ឆ្វេង​យក​ម្រាម​មេដៃ​ទល់​គ្នា ដងខ្លួន​ឱ្យ​ត្រង់​ល្អ ការ​តាំង​កាយ​ឱ្យ​ត្រង់​នាំ​ឱ្យ​ស្បែក​សាច់ សរសៃ​មិន​ទ្រោម​ចុះ វេទនា​មិន​ចុកចាប់ ហើយ​ស្បែក សាច់ សរសៃ​មិន​ទ្រោម​ចុះ​សង្កត់​គ្នា​ជាដើម ។

កាលបើ​វេទនា​មាន​សភាព​បែប​នេះ​ហើយ ចិត្ត​ក៏​មាន​អារម្មណ៍​មូល​ល្អ កម្មដ្ឋាន​មិន​ធ្លាក់​ចុះ ក៏​ចូល​ដល់​សេចក្តីចម្រើន​ដ៏​ទូលំទូលាយ​ល្អ ។ បន្ទាប់​មក​ត្រូវ​តម្កល់​សមាធិ គឺ​ស្មារតី​ឱ្យ​មានមុខ​ឆ្ពោះទៅ​រក​អានាបា​នុស្ស​តិក​ម្ម​ដ្ឋា​ន ដែល​ខ្លួន​ត្រូវ​ចម្រើន​តទៅ ។ ត្រង់​វិធី​នេះ​ជា​កិច្ច​សំខាន់​បំផុត ព្រោះ​អ្នក​ចម្រើនកម្មដ្ឋាន បើ​មានចិត្ត​រាយមាយ​អណ្តែតអណ្តូង​នោះ​ក៏​ធ្វើ​មិនកើត​ដែរ ដូចនេះ​មុន​នឹង​ប្រារព្ធ​ដើម្បី​នឹក​រកខ្យល់​ដកដង្ហើម​ចេញ និង​ខ្យល់​ដកដង្ហើម​ចូល​គួរ​ប្រមូល​ចិត្ត​ឱ្យ​មូល​ដក​ចេញ​អំពី​អារម្មណ៍​ផ្សេង​ៗ ហើយ​តម្កល់​ស្មារតី​ឱ្យ​រឹង​មាំ​ល្អ ។

កាលបើ​ប្រមូល​ចិត្ត​មូល​ក្នុង​ទ្រូង​ល្អ​ហើយ យោគាវចរ​ត្រូវ​មាន​ស្មារតី​រលឹក​នូវ​ខ្យល់​ដកដង្ហើម​ចេញ និង​ខ្យល់​ដកដង្ហើម​ចូល​តែ​ម្យា​៉​ង​ប៉ុណ្ណោះ ក្នុង​ន័យ​នេះ​សូម​យល់​ចុះ​ថា អារម្មណ៍​តែ​មួយ ចិត្ត​តែ​មួយ​ដែល​កំពុង​ប្រាកដ​ក្នុង​វេលា​នេះ គឺ​ខ្យល់​ដកដង្ហើម​ចេញ និង​ខ្យល់​ដកដង្ហើម​ចូល​តែ​ម៉្យា​ង ។

អ្នក​ធ្វើ​សមាធិ គប្បី​ជា​អ្នកមាន​ចិត្ត​ស្ថិត​នៅ​ខាងក្នុង​ទ្រូង​តាំងនៅ​មាំ​ស៊ប់​ហើយ​អកុសលធម៌​មិន​អាច​មក​គ្រប់គ្រង​សង្កត់​ចិត្តបាន ឡើយ ។ កាលបើ​ចិត្ត​តាំងនៅ​ល្អ​យ៉ា​ង​នេះ​ហើយ គប្បី​បញ្ជូន​ស្មារតី​រលឹក​តាមដាន​ខ្យល់​ដកដង្ហើម​ចេញ និង​ខ្យល់​ដកដង្ហើម​ចូល​តែ​ម៉្យាង ។