ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិត​4​ពាន់​នាក់ចូលរួមព្រឹត្តិការណ៍​​​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC) ​បាន​ថ្លែង​នៅ​​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ថា រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​ទាំង​ខ្មែរ​ និង​បរទេស​ជិត​៤​ពាន់​​នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC) ​បាន​ថ្លែង​នៅ​​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ថា រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​ទាំង​ខ្មែរ​ និង​បរទេស​ជិត​៤​ពាន់​​នាក់​ហើយ ខណៈ​កម្មវិធី​រត់​ជា​ផ្លូវការ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី​១៧ មិថុនា​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឱ្យ​ដឹង​បន្ថែម​ថា
កម្មវិធី​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិលើក​ទី​៨​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម​សម្ដេចព្រះ​មហាក្សត្រី​នរោត្តមមុនិនាថ សីហ​នុ ក៏​ដូច​ជា​បំផុស​ឱ្យ​មានការ​ចូលរួម​ថែរក្សា​បរិស្ថាន​បៃតង​ឱ្យ​មានការ​ទាក់​ទាញ​ចំពោះ​ទីតាំង​សំខាន់​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយទៅជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​រាជធានី​ភ្នំពេញ​របស់​យើង​ផង​ដែរ ។ លោក​សង្ឃឹមថា កម្ម​វិធី​នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នឹង​មាន​អ្នកចូលរួម​គាំទ្រ​កាន់តែ​ច្រើន​ឡើង ។ កម្មវិធី​រត់​នេះ​ត្រូវ​ចេញដំណើរ​ពី​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ឆ្លងកាត់​ផ្លូវ​សំខាន់​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ឆ្នាំ​នេះ​មិន​បាន​រត់​ឆ្លងកាត់​ផ្លូវ​នៅ​ត្រើយ​ខាង​កើត​ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយ​សារ​តែ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​កំពុង​តែ​ធ្វើការ​ជួស​ជុល ។

ដោយឡែក​ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​រត់​ និងតម្លៃ​សំបុត្រ​ចូលរួម​មាន​ដូច​ខាងក្រោម​៖ រត់​​ចម្ងាយ​២១​គីឡូម៉ែត្រ​សម្រាប់​ជនបរទេស​៤០​ដុល្លារ ជនជាតិ​ខ្មែរ​១៥​ដុល្លារ ។ រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​សម្រាប់​ជនបរទេស​៣០​ដុល្លារ ជនជាតិ​ខ្មែរ​១០​ដុល្លារ និង​រត់​ចម្ងាយ​៣​គីឡូ​ម៉ែត្រ​សម្រាប់​ជនបរទេស​១០​ដុល្លារ ជនជាតិ​ខ្មែរ​៥​ដុល្លារ ។ ទីកន្លែង​លក់​សំបុត្រ​ស្ថិត​នៅ​ខាងជើង​ព្រះ​បរមរាជវាំង​។ លោក​បញ្ជាក់​ថា ឆ្នាំ​មុន​មាន​អ្នកចូលរួមរត់​ជិត​៤​ពាន់​ប៉ុន្តែ​ឆ្នាំ​នេះ​យោង​តាម​របាយ​ការណ៍​ត្រួស​ៗ​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ជន​បរទេស​មាន​ជាង​២០០​នាក់​ ជន​ជាតិ​ខ្មែរ​ជាង​១០០​នាក់​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ជន​បរទេស​មាន​ចំនួន​ជិត​៣០០​នាក់ ជនជាតិ​ខ្មែរ​ជាង​១​ពាន់​នាក់ និង​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ ជនបរទេស​ជាង​៥០​នាក់ ជន​ជាតិ​​ខ្មែរ​ជាង​២​ពាន់​នាក់ ។ ចំពោះជនបរទេស​ដែល​បាន​មក​​ចូលរួម​រត់​លើក​នេះ គឺ​​មក​ពី​៣៦​ប្រទេស​ក្នុង​នោះ​ជនជាតិ​ជប៉ុន​មាន​ចំនួន​ច្រើន​ជាង​គេ បន្ទាប់​មក​ចិន និង​បារាំង​។

ជា​ការ​កត់សម្គាល់​រហូត​មក​ទល់​ពេល​នេះ ជនជាតិ​ខ្មែរ​យើង​ចូលរួម​រត់​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​​កាន់តែ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ពួក​គាត់​កាន់តែ​មានការ​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​កាន់តែ​ច្រើន ។ ជាមួយ​គ្នា​នេះ ជប៉ុន​បាន​ទាម​ទារ​ឱ្យ​យើង​រៀបចំ​កម្មវិធី​រត់​ម៉ា​រ៉ា​តុង​ពេញ​៤១គីឡូម៉ែត្រ​នៅ​ពេល​ក្រោយ​ៗ​ទៀត ប៉ុន្តែ​កិច្ច​សហការ​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង​ភាគី​ជប៉ុន​នៅ​មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ ។ ទោះបីជា​យ៉ាង​ណា កម្ពុជា​យើង​នឹង​ខិតខំ​ធ្វើ​ឱ្យ​បាន​ដើម្បី​ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដូច​នៅ​ប្រទេស​គេ​ដែរ ដូច​ជា​តូ​ក្យូម៉ា​រ៉ា​តុង ញូ​វ​យ៉​ក​ម៉ា​រ៉ា​តុង និង​ប៉ា​រី​ស​ម៉ា​រ៉ា​តុង​ជាដើម ។ បើ​សិនជា​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នៅ​ឆ្នាំ​ក្រោយ​យើង​សង្ឃឹមថានឹង​ធ្វើ​ឱ្យ​បាន​សម្រេច​។ តាម​ការ​ឱ្យ​ដឹង​បន្ថែម ជនជាតិ​ជប៉ុន​ចូល​ចិត្ត​រត់​ណាស់ ពោល​គឺ​១០០​នាក់​គឺ​មាន​៥០​នាក់​ហើយ​ទើប​ជនជាតិ​មួយ​នេះ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន​អាយុ​យ៉ឺន​យូរ​។

តាម​​ប្រសាសន៍​របស់​លោក​បណ្ឌិត​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ នឹង​ធ្វើ​ឡើងជា​រៀង​​រាល់​ឆ្នាំ​រហូត​ដល់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ស្រស់​ស្អាត និង​ធ្វើ​ឱ្យ​ប្រជាជន​យើង​មាន​ទម្លាប់ល្អ​ក្នុង​ការ​ចូល​រួម​​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ