ខេត្តរតនគិរី ៖ រថយន្តម៉ាកកាមរីគូទហើមបោះពួយយ៉ាងលឿន ខណៈមេឃកំពុងភ្លៀងលាយឡំខ្យល់ព្យុះខ្លាំងបានទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងជិះពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូវាលថ្មរំប្លង់ ស្ថិតក្នុងភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹងមានទីលំនៅភូមិសាទុក ឃុំប៉ូយ ស្រុកអូរជុំ បើកបររថយន្តមួយគ្រឿងម៉ាកកាមរីគូទហើម ស៊េរីឆ្នាំ៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២B-០៣៦២ ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះម៉ាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ (ត្រូវជាប្តី) ជនជាតិគ្រឹង ជានគរបាលមានឋានៈនាយរងការិយាល័យ រស់នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ីរុស ពណ៌ខ្មៅ និងជនរងគ្រោះម្នាក់ទៀតត្រូវជាប្រពន្ធឈ្មោះឡញ រេល អាយុ៤០ឆ្នាំ ជនជាតិទំពួន រងរបួសបាក់ជើង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី។
បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបណ្តោះអាសន្ននៅជំនាញអធិការដ្ឋានស្រុកអូរជុំក្រោមការសំរបសំរួលដោយលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ចំណែករថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាលស្រុកអូរជុំធ្វើកំណត់ហេតុ រង់ចាំចាត់ការសំរបសំរួលតាមនិតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ