ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ប្រមាទ​ក្នុង​ការងារ​នាំ​ឱ្យ​សម្រេចប្រយោជន៍​សព្វ​យ៉ាង

5 ឆ្នាំ មុន

បុគ្គល​មិន​ប្រមាទ​ មិន​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​ដោយ​ការ​ព្យាយាម​ក្រវើនក្រតើន​ខ្នះខ្នែង​ប្រឹងប្រែង​ក្នុង​វិធានការ គឺ​រៀបចំ​ចាត់ចែង​កិច្ច​ការងារ​ទាំងឡាយ​ដោយ​ខ្វល់ខ្វាយ​ស្រវាស្រទេញ​មិន​ខ្ជិលច្រអូស មិន​ធ្វេសប្រហែស ព្រងើយកន្តើយ​ក្នុង​កិច្ចការ ដែល​គួរ​ធ្វើ គួរ​ចាត់ចែង​យ៉ាងណា មាន​ប្រាជ្ញា​ឆ្លៀវឆ្លាត​រៀង​វៃ​ដឹង​ជាក់ច្បាស់​ថា រឿង​នេះ​គួរ​ចាត់ការ​យ៉ាងនេះ ធ្វើ​យ៉ាងនេះ​ទើបបាន​សុខ…

បុគ្គល​មិន​ប្រមាទ​ មិន​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​ដោយ​ការ​ព្យាយាម​ក្រវើនក្រតើន​ខ្នះខ្នែង​ប្រឹងប្រែង​ក្នុង​វិធានការ គឺ​រៀបចំ​ចាត់ចែង​កិច្ច​ការងារ​ទាំងឡាយ​ដោយ​ខ្វល់ខ្វាយ​ស្រវាស្រទេញ​មិន​ខ្ជិលច្រអូស មិន​ធ្វេសប្រហែស ព្រងើយកន្តើយ​ក្នុង​កិច្ចការ ដែល​គួរ​ធ្វើ គួរ​ចាត់ចែង​យ៉ាងណា មាន​ប្រាជ្ញា​ឆ្លៀវឆ្លាត​រៀង​វៃ​ដឹង​ជាក់ច្បាស់​ថា រឿង​នេះ​គួរ​ចាត់ការ​យ៉ាងនេះ ធ្វើ​យ៉ាងនេះ​ទើបបាន​សុខ បាន​សម្រេច​ផល​ល្អ បាន​ចម្រើន​យូរអង្វែង​។ រឿង​នោះ​មិន​គួរ​ធ្វើ មិន​គួរ​ចាត់ចែង ព្រោះ​នាំ​ឱ្យ​ក្តៅក្រហាយ នាំ​ឱ្យ​វិនាស​ដល់​ខ្លួ ន និង​អ្នក​ដទៃ ហើយ​ក៏​ចាត់ការ​ធ្វើ​តែ​ការងារ​ណា​ដែល​ល្អ ដែល​នាំ​ឱ្យ​កើត​ប្រយោជន៍ ។

អ្នក​ដែល​បរិបូរណ៍​ដោយ​គុណសម្បត្តិ​ទាំងនេះ ជា​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​សេចក្តី​មិន​ប្រមាទ អាច​នាំ​សេចក្តីសុខ​ចម្រើន និង​ប្រយោជន៍​សាធារណ​បាន​ដោយ​ប្រពៃ​។ សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ត្រាស់​ថា អប្បមា​ទោ ច ធ​ម្មេ​សុ ឯ​តម្ម​ង្គ​មុត្ត​មំ ប្រែ​ថា សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

ការ​មិន​ប្រមាទ​គឺ​មិន​ធ្វេសប្រហែស​ក្នុង​កុសលធម៌​ទាំងអស់ អប្បមា​ទោ អម​តំ ប​នំ សេចក្តី​មិន​ប្រមាទ​នេះ​ជា​ឧបាយ​នាំ​ខ្លួន​ទៅ​កាន់​ព្រះ​និព្វាន​ដែល​មិន​មាន​សេចក្តីស្លាប់​ទៀត​ឡើយ អ្នក​ដែល​មិន​ប្រមាទ គឺ​អ្នក​ដែល​មិន​ស្លាប់​ស្មារតី ស្មារតី​នៅ​រស់​រវើក​ជា​និច្ច ទាំង​យប់​ទាំង​ថ្ងៃ​ឥត​រលត់​ឡើយ ។ រមែង​មាន​សតិ​ដាស់តឿន​ចិត្ត​ឱ្យ​រឭក​ដល់​កង​ការ​កុសល ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​រឿយ​ៗ​ផង កុសល​ឯណា​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ សតិ​ដាស់តឿន​ចិត្ត​ឱ្យ​ប្រញាប់ប្រញាល់​ធ្វើ​ឡើង កុំ​បង្អែបង្អង់​ទុក​ថា ចំ​ថ្ងៃនេះ ថ្ងៃ​នោះ ខែ​នេះ ខែ​នោះ ឆ្នាំ​នេះ ឆ្នាំ​នោះ​ទើប​ធ្វើ ព្រោះ​នៅ​ក្រ ឬ​នៅ​ក្មេង​ជាដើម ហៅ​ថា មិន​ប្រមាទ ។

បុគ្គល​ដែល​ត្រេកអរ​ពេញចិត្ត​ស៊ប់​ក្នុង​សេចក្តី​មិន​ប្រមាទ ប្រព្រឹត្ត​ធ្វើ​នូវ​កិច្ចការ​ទាំងពួង​មាន​សមណធម៌​ជាដើម​ដោយ​សេចក្តី​មិន​ប្រមាទ​សព្វ​ៗ​កាល មិន​ឱ្យ​ពេលវេលា​កន្លង​ហួស​ទៅ​ទទេ​ៗ ដោយ​សេចក្តី​ប្រមាទ​ធ្វេសប្រហែស ឬថា​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ សេចក្តី​ប្រមាទ​ជា​មូលហេតុ​នាំ​សត្វ​ឱ្យ​កើត​ក្នុង​អបាយភូមិ​ទាំងឡាយ​មាន​នរក​ជាដើម បុគ្គល​នោះ​មិន​អាច​សាបសូន្យ​ចាក​មគ្គ និង​ផល​ទាំងឡាយ​បាន​ឡើយ​មាន​គតិ​ទៅ​កាន់​សុគតិ​ភាព​ជាទី​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​ទាំងពួង​ដោយ​សេចក្តី​មិន​ប្រមាទ ។