ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន ៖ វិស័យ​កីឡា​ជាតិ​កំពុង​កក្រើក​ក្នុង​សង្គម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា វិស័យ​កីឡា​ជាតិ​កំពុង​កក្រើក​ក្នុង​សង្គ​ម​ក្រោយ​​ពី​មើលឃើញ​ការ​អភិវឌ្ឍ​ក្រុម​ចូលរួម​ពី​អត់​មេដាយ​មក​ទទួល​បាន​មេដាយ ។ លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ថ្លែង​បែប​នេះ​នៅ​ក្រោយ​​បញ្ចប់​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា វិស័យ​កីឡា​ជាតិ​កំពុង​កក្រើក​ក្នុង​សង្គ​ម​ក្រោយ​​ពី​មើលឃើញ​ការ​អភិវឌ្ឍ​ក្រុម​ចូលរួម​ពី​អត់​មេដាយ​មក​ទទួល​បាន​មេដាយ ។

លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ថ្លែង​បែប​នេះ​នៅ​ក្រោយ​​បញ្ចប់​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោម​អធិ​បតី​ភាព​​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទៅ​តាម​ប្រភេទ​កីឡានីមួយ​ៗ យើង​សង្កេត​ឃើញ​ថា ខេត្ត​ខ្លះ​ដែល​ពុំ​ទទួល​បាន​មេដាយ​ទាល់តែ​សោះ​កាលពី​កីឡា​ជាតិ​​លើក​ទី​១​ឆ្នាំ​២០១៦​នោះ ដូច​ជា​ខេត្ត​ត្បូងឃ្មុំ​ជាដើម បាន​វិ​វ​ឌ្ឍ​ខ្លួន​រកបាន​មេដាយ​មាស​​លើសការ​រំពឹង​ទុក​រហូត​ដល់​ទៅ​៦​គ្រឿង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា វិស័យ​កីឡា​ជាតិ​កំពុង​តែ​កក្រើក​ក្នុង​សង្គម ។ ជាមួយ​គ្នា​នេះ​លោក​បញ្ជាក់​ថា ការ​មាន​មេដាយ និង​អត់​មេដាយ​ទាល់តែ​សោះ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ជាតិ​លើក​ទី​២​នេះ គឺជា​ការ​ដាសតឿន​រំលឹក​ដល់​ខេត្ត​ដែល​ជា​សាមីខ្លួន​ឲ្យ​ខិតខំ​ពង្រឹង​សក្តានុពល​កីឡា​នៅ​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ខ្លាំងក្លា ពិសេស​គឺ​ប្រភេទ​កីឡា​ជំនាញ ស្វែងរក​សិទ្ធិ​ផល​ល្អ​ប្រសើរ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​នៅ​ឆ្នាំ​២០២០ ដើម្បី​ទាមទារ​កេរ្តិ៍ឈ្មោះ​ជូន​ខេត្ត ។

លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ថា កីឡាករ​-​កីឡាការិនី​មក​ពី​បណ្តា​ខេត្ត​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​២ ជួប​បញ្ហា​ប្រឈម​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​គុណ​ភាព​កម្លាំងកាយ​បើ​ប្រៀបធៀប​ទៅ​នឹង​កីឡាករ​-​កីឡាការិនី​នៅ​រាជធានី​ភ្នំពេញ ពោល​បញ្ហា​នេះ​មក​ពី​កត្តា​ពួក​គេ​ជា​អ្នក​ហ្វឹកហាត់​ដោយស្ម័គ្រចិត្ត​ទើប​មិន​មាន​ពេល​វេលា​ហ្វឹកហាត់​គ្រប់គ្រាន់ ។ តាម​រយៈ​ការ​វាស់​ស្ទង់​កីឡា​ជាតិ​លើក​ទី​២​នេះ វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា បាន​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​ដើម្បី​ប្រែក្លាយ​អភិវឌ្ឍន៍​ចំណុច​ខ្វះខាត​ទាំងនោះ​ឆ្ពោះ​ទៅ​រក​គុណភាព​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ។ ជាមួយ​គ្នា​នេះ​ដែរ ខេត្ត​ដែល​មិន​បាន​មេដាយ​ទាល់តែ​សោះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ដូច​ជា​ខេត្ត​ប៉ៃលិន គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជំរុញ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​ប្រភេទ​កីឡា​ជំនាញ​ដែល​ជា​កីឡា​សក្តានុពល​នៅ​ក្នុង​ខេត្ត​ដូច​ជា​បាល់ទះ និង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ជាដើម ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​មាន​២៧​ប្រភេទ​កីឡា​ស្មើនឹង​២៧១​វិញ្ញា​សា ក្នុង​នោះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជាង​៤០០០​នាក់​មក​ពី​២៥​រាជធានី​-​ខេត្ត និង​៣​ក្រសួង​មាន​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

រីឯ​អង្គភាព​កីឡា​ដែល​ដណ្តើម​បាន​មេដាយមាស​ច្រើន​ជាងគេ គឺ​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ​ដែល​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​១៤៩​គ្រឿងក្នុង​នោះ​មេដាយមាស​៨៣​គ្រឿង មេដាយ​ប្រាក់​៤៣គ្រឿង និង​មេដាយ​សំរឹទ្ធ​២៣​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ