ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​​ផ្សារ​​កោះ​ធំ​​ទាំង​ស្រុង មហន្ដ​រាយ​​មិន​​ធ្លាប់​មាន​​ភ្លើង​​លេប​​ត្របាក់​អស់​តូប​​២០០​​និង​​ផ្ទះ​៦​​ល្វែង

12 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ តូបលក់​ដូរ​ប្រមាណ​២០០​ និងផ្ទះ​​៦​ល្វែងនៅក្នុង​​ផ្សារ​កោះ​ធំ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ​ឃុំ​ព្រែក​ថ្មី​ស្រុក​កោះ​ធំ ត្រូវ​បាន​ព្រះ​អគ្គី​​លេប​ត្របាក់​​​​អស់​ស្រុង​រួម​ទាំង​​ទំនិញ​គ្រប់​ប្រភេទ​​​ និង​ទ្រព្យ​សម្បត្តិ​​មួយ​​ចំនួន​ទៀត ដែល​គិត​ពី​តម្លៃ​នៃការ​បាត់​បង់​នេះគឺ​ច្រើន​​ឥត​គណនា ​​កាលពី​ម៉ោង​២​និង៣០​នាទី​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី​២២ កុម្ភៈ ។ ទោះ​បីជា​​បែបណា​ម​ិន​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់

ខេត្តកណ្តាល​ ៖ តូបលក់​ដូរ​ប្រមាណ​២០០​  និងផ្ទះ​​៦​ល្វែងនៅក្នុង​​ផ្សារ​កោះ​ធំ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ​ឃុំ​ព្រែក​ថ្មី​ស្រុក​កោះ​ធំ ត្រូវ​បាន​ព្រះ​អគ្គី​​លេប​ត្របាក់​​​​អស់​ស្រុង​រួម​ទាំង​​ទំនិញ​គ្រប់​ប្រភេទ​​​ និង​ទ្រព្យ​សម្បត្តិ​​មួយ​​ចំនួន​ទៀត ដែល​គិត​ពី​តម្លៃ​នៃការ​បាត់​បង់​នេះគឺ​ច្រើន​​ឥត​គណនា ​​កាលពី​ម៉ោង​២​និង៣០​នាទី​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី​២២ កុម្ភៈ ។ ទោះ​បីជា​​បែបណា​ម​ិន​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ ឬរង​របួស​ឡើយ ប៉ុន្តែ​​ទ្រព្យសម្បតិ្ត​របស់​អាជីវករ​បាន​ត្រូវ​ឆេះ​ហ្មត់​អស់​ទាំង​ស្រុង ​។ មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​អគ្គិ​ភ័យ​នេះ ​តាម​ការសន្និ​ដ្ឋាន​ជំហាន​ដំបូង​​ត្រូវ​បាន​គេ​អះ​អាង​ថា ​បណ្តាល​មកពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​ចេញ​ពីតូប​​មួយ​នៅ​កណ្តាល​ផ្សារ ។

លោកចាន់ សុខុម​ អភិបាល​​ស្រុក​កោះធំ​មាន​ប្រសាសន៍​ឱ្យដឹងថា ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុំ​ទាន់​ធ្វើការ​វាយ​តម្លៃ​ពី​ការឆេះ​ផ្សារ​អស់​​គិតជា​ទឹក​ប្រាក់​ប៉ុន្មាន​នោះឡើយ ប៉ុន្តែ​តូបដែល​ត្រូវ​អន្ត​រា​យ​​ដោយ​សារភ្លើង​ឆេះ​នេះគឺ​​អស់​ទាំង​ស្រុង​​នោះ​​ចំនួន​២០០​តូប ​រួម​ទាំង​សម្ភារ​ទំនិញ​ និង​​ទ្រព្យ​សម្បត្តិ​ ​។ ​ចំណែក​ផ្ទះ​ចំនួន​៦​ល្វែង​ដែល​នៅ​ក្បែរ​នោះក៏​ត្រូវ​ឆេះ​អស់​ប្រមាណ​៧០​ភាគ​រយ​ផងដែរ ​។ បើ​តាម​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ហេតុ​ការណ៍​​​ឆេះ​ផ្សារ​នេះ​ គឺ​​​​ភ្លើង​​បាន​ឆេះ​ចេញពី​ចំណុច​កណ្តាល​នៃ​ផ្សារ​មក​ម​ុន​តែម្តង ​ប៉ុន្តែ​មិនដឹង​តូប​ណា​នោះ​ទេ ដោយសារ​ភ្លើង​ឆេះ​រាល​ដាល​ខ្លាំងទៅ​​ហើយ​ទើប​ដឹង ។ ក្នុង​​​គ្រោះ​​មហន្ត​រាយ​​នេះ​អត់​មាន​ម្ចាស់​តូប​ណា​ម្នាក់​យក​ទំនិញ​និងទ្រព្យ​សម្បតិ្ត​របស់ខ្លួន​ចេញ​ទាន់​ឡើយ​ព្រោះ​ម្ចាស់​តូបចាក់​សោ​ហើយ​ទៅ​សម្រាក​​នៅឯ​ផ្ទះ​រៀង​ៗ​ខ្លួន​ ។​ ប្រភព​បាន​ឱ្យ​ដឹង​ទៀតថា ​ភ្លើង​បាន​ឆាប​ឆេះ​យ៉ាងខ្លាំង​ក្នុង​រយៈ​ពេល​តែ​កន្លះ​ម៉ោង​ដោយសារ​តែតូប​ខ្លះ​មាន​ធុងហ្គាស​ធំៗ​នៅ​ក្នុង​នោះ គឺ​ខណៈ​ពេល​ភ្លើង​កំពុង​ឆេះ​បាន​ផ្ទុះ​លាន់​ឮ​សំឡេងយ៉ាង​កក្រើក​រណ្តំ​បណ្តាក់​គ្នា​​​មិនឈប់​ឈរ ។ នៅពេលភ្លើង​ឆេះ​ពេញ​បន្ទុក​​​​​​​អ្នក​ផ្សារ​​​ដែល​មាន​ផ្ទះ​ល្វែង​នៅក្បែរ​ៗ​នោះ​បាន​នាំ​គ្នា​​បើក​​​រ៉ូប៊ី​ណេ​ទឹក​បាញ់​ ដើម្បី​​ការ​ពារ​កុំ​ឱ្យ​ភ្លើង​ឆេះ​រាល​ដាល​ផ្ទះ​របស់​ខ្លួន​ ខ្លះ​ទៀត​ប្រញាប់​ប្រញាល់​ជញ្ជូន​ទ្រព្យសម្បត្តិ​មាន​តម្លៃ​​ចេញ​ពី​ក្នុង​ផ្ទះទាំង​ភាព​​ស្លន់ស្លោ​បំផុត ។

អ្នក​ផ្សារ​និយាយ​​​បន្តទៀតថា ​ចាប់​តាំង​ពី​ភ្លើង​​ឆាបឆេះ​នៅ​ម៉ោង​២​និង៣០​នាទី​​រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​​ទៀប​ភ្លឺ​​ ទើបមាន​រថយន្ត​​ពន្លត់​​​​អគ្គិ​ភ័យ​ជាច្រើន​គ្រឿង​ទៅដល់​ និងបាន​ត្រឹម​តែ​ធ្វើ​អន្តរាគមន៍​បាញ់​ការពារ​កុំ​ឱ្យ​មាន​ការ​ឆេះ​​រាល​ដាល​បន្ត​ដល់​ផ្ទះ​នៅជុំ​វិញ​ផ្សារ​ប៉ុណ្ណោះ​ និង​បាញ់​ទឹក​ពន្លត់​រងើក​ភ្លើង​ដែល​កំពុង​​​ឆេះ​យ៉ាង​ងំនោះ ។

លោកសែ សារឿន ស្នងការ​រង​ប៉ូលិស​ខេត្ត​កណ្តាលបាន​ប្រាប់​ឱ្យដឹងថា ​​ក្រោយពី​ទទួល​បាន​ព័ត៌​មាន​​​ភ្លើង​ឆេះ​ផ្សារ​នៅ​ស្រុក​កោះ​ធំ​ភ្លាម​​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​១០​គ្រឿង​ ​ក្នុងនោះ​មាន​រថយន្ត​របស់​ខេត្ត​​និងរាជធានី​ភ្នំពេញ​​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ​ ប៉ុន្តែ​ដោយ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ​ពេក​​ប្រើ​រយៈ​ពេល​ប្រមាណ​១​ម៉ោង​​​ទើប​​ទៅ​ដល់​ហើយ​​ធ្វើការ​បាញ់​ពន្លត់​ជា​បន្ទាន់ ។ ​ដោយ​សារ​ភ្លើង​ឆេះខ្លាំង​ទៅ​ហើយ​គឺបាន​ត្រឹម​​តែ​ជួយ​​បាញ់​ទឹក​​ការ​ពារ​កុំ​ឱ្យ​ភ្លើងឆេះ​ឆ្លង​រាល​ដាល​ដល​់​ផ្ទះ​​នៅ​ជុំវិញ​​​​​ប៉ុណ្ណោះ​ ខណៈ​​ផ្ទះ​៦ល្វែង​ក៏បាន​ក្លាយ​ជា​ចំណី​ភ្លើង​រួច​ទៅហើយ​នោះ ។ ប៉ុន្តែ​ចាត់​ទុក​ថា សំណាង​ល្អ ដែល​កម្លាំង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ធ្វើការ​ទប់ស្កាត់​​​​​​​កុំ​អី​អាច​នឹងកើត​ហានិ​ភ័យ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​ ព្រោះ​នៅ​ជុំវិញ​ផ្សារ​នោះ​គឺ​សុទ្ធ​តែ​លំនៅ​ឋាន​​​​ដូច​ម្រាម​ដៃ​​ និង​ជា​ពិសេស​​គឺ​​មាន​ដេ​ប៉ូ​លក់​ប្រេង​​ឥន្ធនៈ​​មួយ​កន្លែង​ផងដែរ នៅ​ជិតផ្សារ​នោះ ។

លោកស្នង​ការ​រងបាន​ឱ្យ​ដឹង​ទៀតថា ​រយៈ​ពេល​ជាងមួយ​ម៉ោង​ក្រោយ​មក​ទៀត​ទើប​អាច​​គ្រប់គ្រង​សភាព​ការណ៍​បាន​ ដោយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​១០​គ្រឿង​បាន​បាញ់​អស់​ទឹក​​ចំនួន​១៧​ជើង​រហូត​ដល​​់​​ម៉ោង​៧​ព្រឹក ក្រុម​អន្តរាគមន៍​ក៏​នៅ​តែ​បន្ត​​បាញ់​ពន្លត់​១០០​ភាគរយ​ ហើយ​នៅ​វេ​លា​ម៉ោង​៩​ព្រឹក​កម្លាំង​ប៉ូលិស​ជិត​១០០​នាក់​និងក​ម្លាំង​កង​រាជ​អាវុធ​ហត្ថ​​៤០​នាក់​មក​​ជួយ​ថែរក្សា​សន្តិ​សុខ​ជុំ​វិញ​ផ្សារ​ដែល​ក្លា​យជា​ចំណី​ភ្លើង​នោះ ។

លោក​មុយ ចាន់​ពេជ្រ ​អធិការ​ប៉ូលិស​ស្រុក​កោះ​ធំបាន​ប្រាប​់​ឱ្យដឹង​ដែរថា ​តាមការ​សន្និដ្ឋាន​ជំហ៊ាន​ដំបូង​មូ​លហេតុ​ដែល​ឆេះ​ផ្សារ​នេះ​គឺ​សង្ស័យ​​មកពី​ទុស្សេ​ចរន្ត​អគ្គិសនី​ ។ ចំណែក​ការ​ខូច​នេះដែល​គិតជា​សាច់​ប្រាក់​​​អស់​ប៉ុន្មាន​នោះ គឺ​មិន​​​ទាន់​មាន​តួ​លេខ​ទេ ដោយ​ខាង​សមត្ថកិច្ច​និង​អាជ្ញាធរ​​កំពុង​ធ្វើការ​សាក​សួរ​ម្ចាស់​តូប​ជា​ជន​រង​គ្រោះ​ទាំង​នោះ​សិន ។

បើ​តាម​ការសន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​គឺការ​ខូច​ខាត​សរុប​ជាទឹកប្រាក់​រាប់លាន​ដុល្លារ​ ព្រោះ​សម្ភារ​ទ្រព្យសម្បត្តិ​ត្រូវឆេះ​អស់​ទាំង​ស្រុង​​មាន​តូប​លក់​មាស​ប្តូរ​ប្រាក់ លក់គ្រឿង​អលង្ការ​ គ្រឿង​ទេស​​ និងសម្លៀក​បំពាក់​ជាដើម ។​ នេះ​ជា​មហា​វិនាស​​កម្ម​​​​ដ៏​ធំ​មួយ​ដែល​មិនធ្លាប់​មាន​កន្លង​មក​នោះ​ទេនៅស្រុក​កោះធំ​ ​ជា​ស្រុកដែល​មាន​ភូម​ិ​​​សាស្ត្រ​ជាប់​នឹង​ប្រទេស​វៀតណាម​​​ ៕