រាជធានីភ្នំពេញ ៖ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមពិតជាផ្ដល់នូវប្រយោជន៍ច្រើន ប្រសិនបើអ្នកប្រើចំគោលដៅត្រឹមត្រូវ ប៉ុន្ដែវាក៏ផ្ដល់គ្រោះថ្នាក់ផងដែរ ប្រសិនបើការចែកចាយព័ត៌មាន, រូបភាពឬវីដេអូនោះ ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ ។ មិនតែប៉ុណ្ណោះ វាក៏ជាផ្ទាំងស៊ីបសម្រាប់ជនខិលខូចប្រើប្រាស់គណនី ឬព័ត៌មានផ្សេងៗក្នុងគោលដៅទុច្ចរិតនានាផងដែរ ហើយអ្នកអាចក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន ឬមហន្ដរាយដល់គ្រួសារ បងប្អូននិងសាច់ញាតិក៏ថាបាន ។
មន្ត្រីនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅពេលបច្ចុប្បន្ន ត្រូវឈ្វេងយល់បន្ថែមទៀតពីការប្រើប្រាស់ ចៀសវាងនាំទុក្ខដាក់ខ្លួននៅថ្ងៃណាមួយ ។
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានប្រាប់កោះសន្ដិភាពថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ពិសេសហ្វេសប៊ុក ពិតជាផ្ដល់ប្រយោជន៍ច្រើននៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចកសាងទំនាក់ទំនង, បង្កើតធុរកិច្ច ឬពាណិជ្ជកម្មសព្វបែបយ៉ាង ប្រសិនបើអ្នកប្រើចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ ប៉ុន្ដែប្រសិនបើអ្នកប្រើមិនបានឈ្វេងយល់ស៊ីជម្រៅ ហើយចេះតែចែករំលែកព័ត៌មានផ្ទាល់ខ្លួន បង្ហោះរូបថត វីដេអូ ឬ Check-in ប្រាប់ទីតាំងដែលខ្លួនកំពុងស្ថិតនៅ ហើយបង្ហោះជាសាធារណៈ នេះជាគ្រោះថ្នាក់មួយ ប្រសិនបើមានជនខិលខូចចង់ព្យាបាទ ។
លោក ផាន់ណារិទ្ធ និយាយថា ៖« ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន វាបង្ហាញអំពីជម្រើស និងគោលដៅថា តើយើងចង់ចែកចាយព័ត៌មានទៅអ្នកណា ? ទៅមិត្តភក្ដិ ជាក្រុម ឬជាលក្ខណៈសាធារណៈ ? » ។ លោកថា ៖« បើយើងចែករំលែកជាសាធារណៈ មានន័យថា អ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងពិភពលោក អាចមើលឃើញព័ត៌មានផ្ទាល់ខ្លួនរបស់យើងហើយ ដែលនេះវាអាចជាគ្រោះថ្នាក់មួយ » ។
លោកបញ្ជាក់ថា ៖« ប្រសិនប្រាប់ថាយើងកំពុងស្ថិតនៅកន្លែងណាមួយ ហើយមានអ្នកណាមានបំណងមិនល្អមកលើយើង គេដឹងថាយើងកំពុងស្ថិតនៅកន្លែងណា គេអាចទៅធ្វើអំពើមិនល្អបាននៅទីនោះ ឬម្យ៉ាងទៀត គេអាចមកធ្វើទុក្ខបុកម្នេញនៅលំនៅឋានយើងក៏បាន ដោយសារយើងនៅឆ្ងាយពីផ្ទះទៅហើយ។ ម្យ៉ាងទៀត វាអាចមានករណីកើតឡើងជាច្រើនទៀត ដែលយើងនឹកស្មានមិនដល់ ដូចជា គេយករូបយើងហើយបង្កើតគណនីថ្មីសម្រាប់បោកប្រាស់អ្នកដទៃ ឬលួចគណនីផ្ទាល់ខ្លួនយើងយកទៅប្រើប្រាស់ក្នុងគោលដៅទុច្ចរិតផ្សេងៗទៀត ហើយអ្នកអាចក្លាយជាជនរងគ្រោះនៅថ្ងៃណាមួយ » ។
លោកបញ្ជាក់ថា ៖« ជារួម បើសិនជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មិនបានយល់ដឹងអំពីព័ត៌មានឯកជនភាពថាជារឿងសំខាន់ មិនបានរក្សាទុកព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវទេ គឺអាចក្លាយជាជនរងគ្រោះវិញ ដោយសារព័ត៌មានទាំងនោះ ។ បើសិនអ្នកណាមួយមានគោលបំណងមិនល្អ គឺគេអាចតាមដានយើង ហើយធ្វើបាបយើងដោយងាយស្រួល » ។
បើតាមរបាយការណ៍ក្រសួងប្រៃសណីយ៍ គិតត្រឹមដើមឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានចំនួនប្រមាណ៧លាននាក់ ក្នុងនោះ៨១%ប្រើប្រាស់តាមទូរស័ព្ទ ខណៈអ្នកប្រើប្រាស់អុីនធើរណេតទូទាំងប្រទេសមានប្រមាណ១០លាននាក់ ស្មើនឹង៦៧%នៃប្រជាពលរដ្ឋសរុប និងអ្នកចុះឈ្មោះប្រើប្រាស់ស៊ីមកាតសព្វថ្ងៃ មានប្រមាណ២០លានស៊ីម ខណៈប្រជាពលរដ្ឋសរុបមានតែប្រមាណ១៦លាននាក់ប៉ុណ្ណោះ ។ បើទោះបីជាចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកច្រើនក្ដី ប៉ុន្តែចំណេះដឹងទាក់ទងនឹងព័ត៌មានឯកជនភាពរបស់ពួកគេនៅមានកម្រិតនៅឡើយ ។
លោក ហ៊ី បូរិន បុគ្គលិកបម្រើការក្នុងស្ថាប័នសារព័ត៌មានមួយបាននិយាយថា ពលរដ្ឋកម្ពុជាភាគច្រើនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមិនសូវជាខ្វល់ ឬព្រួយបារម្ភអំពីការបាត់ព័ត៌មានផ្ទាល់ខ្លួននោះទេ នៅពេលចែករំលែកព័ត៌មានជាសាធារណៈ ។
លោកនិយាយថា ៖« អ្នកប្រើហ្វេសប៊ុកមួយចំនួនបានថតទីតាំងនៅក្នុងផ្ទះខ្លួនឯង ឬសកម្មភាពផ្សេងៗ រួចចែករំលែកជាសាធារណៈ អីចឹង បើមានជនណាម្នាក់មានបំណងអាក្រក់ គេអាចលួចចូលក្នុងផ្ទះធ្វើសកម្មភាពផ្សេងៗបានយ៉ាងស្រួល ។ មួយវិញទៀត អ្នកមួយចំនួនបានថតរូប ឬវីដេអូ ដែលមានលក្ខណៈផ្ទុយនឹងច្បាប់ នៅពេលសមត្ថកិច្ចដឹង អាចនាំទុក្ខដាក់ខ្លួនដែលករណីបែបនេះកើតឡើងជាញឹកញាប់នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន ។ ដូចនេះ ព័ត៌មានឯកជនភាព ឬព័ត៌មានផ្ទាល់ខ្លួននេះ វាសំខាន់ណាស់ កុំចេះតែចែករំលែកផ្តេសផ្តាស » ។
បើតាមលោក អ៊ូ ផាន់ណារិទ្ធ ដើម្បីជៀសវាងក្លាយជាជនរងគ្រោះ អ្នកប្រើប្រាស់គួរឈ្វេងយល់បន្ថែមតាមរយៈមិត្តភក្តិ ឬទទួលការបណ្តុះបណ្តាលតាមដែលអាចធ្វើទៅបាន និងកុំចេះតែបង្ហោះព័ត៌មានផ្ទាល់ខ្លួនណាមួយដែលមិនគួរឲ្យគេដឹង ហើយមិនគួរចុច Like ឬ Share នូវព័ត៌មានដែលខ្លួនយល់ថាមិនត្រឹមត្រូវ ជាដើម ៕
ចែករំលែកព័តមាននេះ