ខេត្តស្វាយរៀងបង្កើតឡើងដោយពួកអាណានិគមបារាំងសេសក្នុងគោលបំណងចង់ឲ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្ត និងប្រមូលពន្ធអាករពីប្រជារាស្ត្រខ្មែរ ។ យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួនដូចជា Histoire du Cambodge ស្រាវជ្រាវដោយ Adhemard Leclere ឯកសារមហាបុរសខ្មែរបានបញ្ជាក់ថា ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំភូមិស្រុកមួយចំនួនសម្រាប់ជាការគ្រប់គ្រងដឹកនាំលើវិស័យដឹកនាំរដ្ឋបាល ។
នៅអំឡុងឆ្នាំ១៩២២ បារាំងបានយកខេត្តស្វាយទាប ខេត្តរំដួល ខេត្តរមាសហែក និងផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំមកបង្កើតខេត្តស្វាយរៀងបច្ចុប្បន្ន ។
អ្នកប្រវត្តិសាស្ត្រជាច្រើនបានបញ្ជាក់ពីការកកើតខេត្តមួយចំនួននៃដែនដីអាណាចក្រមហានគរខ្មែរ ខេត្តរោងដំរី មានភ្នំមួយឈ្មោះថា «ភ្នំជើមីដែង»ជាឈ្មោះខ្មែរ តែក្រោយមកខេត្តរោងដំរីត្រូវបានបារាំងកាត់ដែនរដ្ឋបាលគ្រប់គ្រង (កូសាំងស៊ីន) វៀតណាមបានប្តូរឈ្មោះពីរភ្នំជើមីដែង ទៅជា «ភ្នំតៃនិញ»បច្ចុប្បន្នភ្នំនេះគ្រប់គ្រងដោយប្រទេសវៀតណាម ហើយវៀតណាមបានរៀបចំទៅជាតំបន់ទេសចរណ៍ ។

បើតាមការស្រាវជ្រាវរបស់លោកប៊ុន សាត មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង និងការបង្ហាញពីលោកតាមោក ស៊ឹម អាយុ៧៦ឆ្នាំ អតីតអភិបាលខេត្តស្វាយរៀងឆ្នាំ១៩៨២-១៩៨៨ ឆ្នាំ២០១៤ ជាគណៈកម្មការអាចារ្យវត្តព្រៃឆ្លាក់ឲ្យដឹងថា បើតាមប្រវត្តិសាស្ត្រនៅក្នុងសតវត្សទី១៣ ក្នុងរាជព្រះបាទពញាយ៉ាត ខេត្តមួយចំនួនត្រូវបានបង្កើតឡើង និងក្នុងសតវត្សទី១៤ ក៏ឃើញមានការរៀបចំបង្កើតខេត្តមួយចំនួនបន្ថែមទៀត ដូចជាខេត្តរំដួល ខេត្តស្វាយទាប ខេត្តរមាសហែក ដែលបានផ្តាច់ចេញពីខេត្តរោងដំរី ព្រៃនគរ ខេត្តបាភ្នំ និងខេត្តត្បូងឃ្មុំ ។ ខេត្តស្វាយទាប និងខេត្តរំដួល ភាគខាងត្បូងលាតសន្ធឹងដល់ខេត្តទួលតាមោគ និងខេត្តគោកសណ្តែក (បច្ចុប្បន្នខេត្តឡុងអាងប្រទេសវៀតណាម) ។ ខេត្តបង្កើតថ្មីទាំងបីត្រូវកំណត់បង់ពន្ធ ប្រមូលពន្ធដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ ។ បារាំងបានចាប់ផ្តើមមកត្រួតត្រាធ្វើអាណានិគម និងគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាក្នុងរាជព្រះបាទនរោត្តមអំឡុងឆ្នាំ១៨៦៣-១៨៨៤ មានរ៉េស៊ីដង់បារាំង ប្រចាំនៅប៉ុស្តិ៍ខេត្តរំដួលគ្រប់គ្រងខេត្តស្វាយទាប និងខេត្តរមាសហែក ។
បារាំងបានយកខេត្តទាំងបីនេះបង្កើតខេត្តតែមួយដើម្បីងាយស្រួលគ្រប់គ្រង ។ នៅឆ្នាំ១៨៨៩ បារាំងបានបង្កើតប៉ុស្តិ៍រដ្ឋបាលថ្មី សម្រាប់ជាជំនួយដល់ការប្រមូលពន្ធជូនរាជការបារាំង ព្រះមហាក្សត្រខ្មែរបានរៀបចំព្រះរាជ្យប្រកាសដើម្បីរៀបចំរាជការខ្មែរ និងរៀបចំ បែងចែករដ្ឋបាលដែនដីតាមបែបបារាំងដោយចែកចេញជាភូមិ ឃុំ ចំណុះឲ្យរាជការខណ្ឌ ស្រុកខេត្ត ។
នៅអំឡុងឆ្នាំ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនបានរៀបចំខេត្តខ្មែរមួយចំនួនឡើងវិញ ។ បន្ទាប់មកនៅឆ្នាំ១៨៩៧ ដោយមានជំនួយផ្នែករៀបចំរាជការ ពីអាណាព្យាបាលបារាំងព្រះមហាក្សត្រខ្មែរបានរៀបចំព្រះរាជប្រកាស ដើម្បីរៀបចំរាជការខ្មែរ និងរៀបចំបែងចែករដ្ឋបាលដែនដី តាមបែបបារាំងដោយចែកជាភូមិឃុំចំណុះឲ្យរាជការខណ្ឌ ស្រុកខេត្ត ។ អំឡុងឆ្នាំ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានរៀបចំនូវខេត្តខ្មែរមួយចំនួនឡើងវិញ ។ ការរៀបចំនេះដោយពិនិត្យឃើញថា ខេត្តមួយចំនួនត្រូវបានលុបចេញ និងប្តូរឈ្មោះ ហើយរៀបចំបង្កើតខេត្តថ្មីមួយចំនួនឡើងពីប៉ុស្តិ៍រដ្ឋបាលទៅជាខេត្ត ហើយខេត្តចាស់មួយចំនួនត្រូវប្តូរជាខណ្ឌ ឬស្រុកវិញ ទៅតាមស្ថានភាពប្រជារាស្ត្រ ។
អំឡុងពេលដែលអាណាព្យាបាលបារាំង ត្រួតត្រាលើរាជការខ្មែរសម័យនោះ អគ្គទេសាភិបាលបារាំង ប្រចាំភ្នំពេញ បានរៀបចំឲ្យទេសាភិបាលបារាំងនៅតាមបណ្តាប៉ុស្តិ៍ នីមួយៗ មានសិទ្ធិត្រួតត្រាលើខេត្តចំនួនពីរ ឬបី ទៅតាមស្ថានភាពជាក់ស្តែង។ ដោយឡែកប៉ុស្តិ៍រដ្ឋបាលស្វាយរៀង( Post Administration de Svay Rieng) ដែលបានបង្កើតនៅឆ្នាំ១៨៨៩ ជាទីតាំងដែលខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក ត្រូវឡើងមកបង់ពន្ធជូនរាជការបារាំង-ខ្មែរ ។ ប៉ុស្តិ៍រដ្ឋបាលនេះ មានទីតាំងនៅទីប្រជុំជនស្វាយរៀង ស្ថិតក្នុងខេត្តរំដួល បច្ចុប្បន្ន ភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
១.១ កាបង្កើតខេត្តស្វាយរៀង ផ្អែកលើលក្ខណៈភូមិសាស្ត្រ ប្រជារាស្ត្រ តម្រូវឲ្យរាជការខ្មែរ បារាំសម័យនោះត្រូវរៀបចំខេត្តថ្មី ដោយធ្វើសមាហរណកម្មបញ្ចូលខេត្តចំនួន៣ទៀត មកជាចំណុះ និងប្តូរឈ្មោះខេត្តទាំងនោះទៅជាខណ្ឌវិញ ។ ជុំវិញបញ្ហានេះភូឈួយ រដ្ឋបាលស្វាយរៀង បានរៀបចំរបាយការណ៍ពិស្តារមួយ ចំនួនជូនអគ្គទេសាភិបាលបារាំង និងត្រៀមថ្វាយព្រះមហាក្សត្រខ្មែរដើម្បីរៀបចំបង្កើតខេត្តថ្មី។ តាមរបាយការណ៍បានបញ្ជាក់ថា សរុបទាំង៣ខេត្ត គឺខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក មានប្រជារាស្ត្រ ប្រមាណ៥០០គ្រួសារ និងមានមនុស្សសរុបជាង៥០.០០០នាក់ប៉ុណ្ណោះ ។ កំណើន និងចំនួនប្រជារាស្ត្រដ៏តិចតួចនេះ បានធ្វើឲ្យរដ្ឋការបារាំង-ខ្មែរសម័យនោះសម្រេចបញ្ចូលខេត្តទាំង៣ខាងលើមក បង្កើតជាខេត្តតែមួយដើម្បីងាយស្រួលគ្រប់គ្រង ។

មុនពេលបង្កើតខេត្តថ្មី ទេសាភិបាលបារាំងបានកោះហៅមេឃុំដែលហៅថា ចៅហ្វាយស្រុក និងចៅហ្វាយខេត្តទាំងបីមកប្រជុំរកឈ្មោះដាក់ប៉ុស្តិ៍ គ្រប់គ្រងខេត្តទាំងបី ជាខេត្តតែមួយ ។ ការប្រជុំធ្វើឡើងនៅក្រោលគោ ដែលមានមេឃុំ មេស្រុក មកពីគ្រប់ឃុំនៃខេត្តទាំងបី ជាអ្នកផ្តល់យោបាល់ឲ្យបារាំងស្តាប់។ ពេលនោះក្នុងបណ្តាមេឃុំ មានលោកមេឃុំ ស្វាយជ្រំ ឈ្មោះ«ព្រហ្ម» មានប្រសាសន៍ថា ក្នុងភូមិសាស្ត្រទាំងបីខេត្ត គឺមានឈ្មោះផ្តើមដោយពាក្យ «ស្វាយ» ដូចជាឈ្មោះភូមិ-ឃុំ និងឈ្មោះវត្ត និងឈ្មោះខេត្ត។ លោករ៉េស៊ីដង់បារាំងរូបនោះ ក៏បានឲ្យលោកមេឃុំ រាប់ឈ្មោះភូមិ ឈ្មោះឃុំ និងឈ្មោះវត្តឃើញថា ឈ្មោះភូមិ មានពាក្យផ្តើមដោយ «ស្វាយ» មានចំនួន៣៨ភូមិ គឺ៖ ភូមិស្វាយ ភូមិស្វាយតាភ្ល ភូមិស្វាយធំ ភូមិស្វាយក្ងោក ភូមិស្វាយផ្អែម ភូមិស្វាយព្រហូត ភូមិស្វាយជ្រំ ភូមិស្វាយអង្គ ភូមិស្វាយដូនអី ភូមិស្វាយយា ភូមិស្វាយជម្រៅ ភូមិស្វាយគយ ភូមិស្វាយក្អែរ ភូមិស្វាយចេក ភូមិស្វាយរំពា ភូមិស្វាយកណ្តាល ភូមិស្វាយគុយ ភូមិស្វាយតាយាន ភូមិស្វាយអាណាត ភូមិស្វាយតឿ ភូមិស្វាយប៉ោ ភូមិស្វាយរូង ភូមិស្វាយរលំ ភូមិស្វាយជុំ ភូមិស្វាយទន្ទឹម ភូមិស្វាយបទុម្ព ភូមិត្រពាំងស្វាយ ភូមិអារក្សស្វាយ ភូមិបុស្សស្វាយ និងភូមិអង្គស្វាយ ។
ចំពោះខេត្តរំដួលមានភូមិដែលមានពាក្យ«ស្វាយ» ចំនួន៣ភូមិ បច្ចុប្បន្នភូមិមួយនៅស្រុកស្វាយជ្រំ «ភូមិស្វាយតាភ្ល» ភូមិមួយនៅសង្កាត់ចេក «ភូមិស្វាយ»ក្រុងស្វាយរៀង ភូមិមួយទៀតនៅស្រុកស្វាយទាប គឺភូមិស្វាយរំពា និងស្រុកំពង់រោទ៍ ឃុំសំឡី មានភូមិផ្តើមដោយពាក្យ«ស្វាយ»ដែរស្វាយអាណាត ។
ចំណែកឃុំពពែត ស្រុកស្វាយទាបមានឈ្មោះភូមិ«ស្វាយផ្អែម» និងឃុំស្វាយអង្គស្រុកស្វាយជ្រំ មានភូមិមួយឈ្មោះ«ស្វាយផ្អែម»ដែរ។ រីឯស្វាយបីដើម ក្នុងខេត្តស្វាយទាប(មានប្រាសាទមួយគឺប្រាសទព្រះនាងអង្គចូវ )បច្ចុប្បន្ន (ហៅឌឹកវ៉េ ខេត្តឡុងអាង ប្រទេសវៀតណាម)។ ឈ្មោះឃុំ ផ្តើមដោយពាក្យស្វាយ មានចំនួន៨ឃុំ គឺ៖ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយធំ ឃុំស្វាយយារ ឃុំស្វាយរំពា ឃុំស្វាយចេក ឃុំស្វាយតាយាន និងឃុំស្វាយតឿ បច្ចុប្បន្នមាន៩ឃុំគឺឃុំស្វាយរៀង ។
វត្តមានឈ្មោះផ្តើមដោយពាក្យ« ស្វាយ» មានចំនួន១៥ និងទួលបុរាណជាទួលវត្តចាស់មាន១៦ គឺ ៖ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយារ វត្តស្វាយរំពា វត្តស្វាយកណ្តាល វត្តស្វាយតាយាន វត្តស្វាយបទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយ (វត្តស្វាយមាន២វត្ត )។
ទួលវបុរាណ គឺ៖ ទួលស្វាយរ៉ាំ ទួលស្វាយពុំគ្រង ទួលស្វាយអណ្តើក ទួលស្វាយកន្ត្រៃ និងទួលវត្តចាស់ផ្តើមដោយពាក្យស្វាយ ចំនួន១១ គឺវត្តស្វាយទាប ។ល។

១.២ ដោយសារឃើញភូមិសាស្ត្រ មានពាក្យស្វាយច្រើនដូច្នេះហើយទើបរ៉េស៊ីដង់បារាំងរូបនោះពិភាក្សាក្នុងអង្គប្រជុំបានសម្រេចដាក់ឈ្មោះ «ប៉ុស្តិ៍ស្វាយរៀង»នេះទៅ ។ បន្ទាប់ពីកិច្ចប្រុំពិភាក្សាជាមួយមេស្រុក មេឃុំ នៅក្រោលគោរួចមក ជំនាញការលោករ៉េស៊ីដង់បារាំងរូបនោះបានបន្តសាកសួរបន្ថែមពីអ្នកស្រុកភូម ិផ្សេងៗទៀត រហូតដល់តំបន់ចឹកពូ ឬជីពូវ បច្ចុប្បន្នជីភូ ។ នៅតំបន់ជីភូនេះភាគច្រើនមានជនជាតិចិនរស់នៅប្រកបមុខរបរលក់ដូរទំនិញ គ្រឿងទេស ។ ជីភូនេះជាឈ្មោះជនជាតិចិនម្នាក់ជំនាន់នោះ ហៅថាដង្ខៅ ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលប្រជារាស្ត្រខ្មែររស់នៅជុំវិញតំបន់នោះតែងតែទៅទិញទំនិញគ្រប់មុខពីចឹកពូ ឬជីពូវ ។ តំណក្រោយមកបានក្លាយជាឈ្មោះជីភូ រហូតសព្វថ្ងៃ ។
យោងតាមកិច្ចប្រជុំពិភាក្សានិងការសាកសួរពីប្រជារាស្ត្រ អ្នកជំនាញបារាំងនៅអមលោករ៉េស៊ីដង់ បានវាយតម្លៃថា ឈ្មោះដែលគួរដាក់សម្រាប់ខេត្តថ្មីនេះគឺ«ស្វាយរៀង» ។ បើយោងតាមប្រវត្តិសាស្ត្រស្របពេលជាមួយគ្នានោះខេត្តមួយចំនូនទៀតនៃដែនដីមហានគរអាណាចក្រខ្មែរសម័យនោះ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ដូចជាខេត្តបាភ្នំ ប្តូរទៅជាខេត្តព្រៃវែង ខេត្តបាទី ប្តូរទៅជាខេត្តតាកែវ ខេត្តក្រគរ ប្តូរទៅជាខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ប្តូរទៅជាខេត្តកំពង់ចាម ។ ក្រោយពីធ្វើការសិក្សាប្រជាសាស្ត្រ ភូមិសាស្ត្រ និងគូសវាសផែនទី ដោយក្រុមលេខាគណិតបារាំងរួចមក អគ្គទេសាភិបាលបារាំងប្រចាំនៅភ្នំពេញ អមដោយសេនាបតីរាជការខ្មែរជាន់ខ្ពស់ មានក្រសួងមហាផ្ទៃ ក្រសួងពន្ធដារ និងឧញ៉ាសេនាបតី តំណាងព្រះមហាក្សត្រខ្មែរ ក្នុងរាជ ព្រះបាទស៊ីសុវត្ថិ បានបើកការប្រជុំពិគ្រោះកិច្ចការបង្កើត ខេត្តថ្មីនេះនៅថ្ងៃទី២ខែមេសាឆ្នាំ១៩២២ ។
ពេលនោះមន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ បានឯកភាពរៀបចំរាជការថ្មី ស្របតាមសភាពការណ៍ដែលបារាំង ត្រូវការរៀបចំសម្រាប់ធ្វើការអភិវឌ្ឍន៍ទីក្រុង ទីរួមខេត្តនានាឲ្យដូចស្រុកបារាំង ។ ព្រះមហាក្សត្រខ្មែរ បានឯកភាពលើសំណូមពរនេះ និងព្រះអង្គបានចេញព្រះរាជប្បញ្ញត្តិលេខ៤៩ ចុះថ្ងៃទី៩ខែមេសា ឆ្នាំ១៩២២ ចុះព្រះហស្តលេខាដោយព្រះបាទស៊ីសុវត្ថិ ត្រាស់បង្គាប់បង្កើត«ខេត្តស្វាយរៀង» ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ។
ខេត្តស្វាយរៀងនេះកើតចេញពីការរួមបញ្ចូលគ្នានៃខេត្តចំនួនបី គឺខេត្តរំដួល ខេត្តរមាសហែក និងខេត្តស្វាយទាប និងកាត់ឃុំចំនួន២ ពីខេត្តបាភ្នំ គឺឃុំចិន្ត្រី និងឃុំល្ងើន ។ ខេត្តរំដួល ប្តូរទៅជាខណ្ឌរំដួល ខេត្តរមាសហែកប្តូរទៅជាខណ្ឌរមាសហែក និងខេត្តស្វាយទាបប្តូរទៅជាខណ្ឌស្វាយទាបចំណុះឲ្យខេត្តស្វាយរៀងវិញ ។ ការរៀបចំទៅជាខណ្ឌនេះគឺយកតាមលំនាំរបស់រាជការបារាំងមានខណ្ឌសង្កាត់ជាដើម ។ ក្នុងនោះខណ្ឌចែកចេញជាស្រុក ហើយស្រុកចែកចេញជាឃុំ និងឃុំចែកចេញជាភូមិ ៕
ចែករំលែកព័តមាននេះ