ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ជំរុញ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ​បាន​សន្យា​រួម​គ្នា​ថា នឹង​ជំរុញ​ការ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​តំបន់​ព្រំដែន​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ និង​រវាង​ខេត្តកោះកុង និង​ខេត្ត​ត្រា​ត ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ឆ្នាំ​២០១៧​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ​បាន​សន្យា​រួម​គ្នា​ថា នឹង​ជំរុញ​ការ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​តំបន់​ព្រំដែន​រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ និង​រវាង​ខេត្តកោះកុង និង​ខេត្ត​ត្រា​ត ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ឆ្នាំ​២០១៧​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​សន្យា​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង និង​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ពល​ទ័ព ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ចំណងមិត្តភាព​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​កម្ពុជា​-​ថៃ កាន់តែ​រឹង​មាំ និង​បោះ​ជំហាន​ទៅ​មុខ ។
លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា កន្លង​មក កម្ពុជា​-​ថៃ បាន​បើក​ច្រក​បន្ថែម​តាម​ព្រំដែន​រួច​ហើយ ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ខណៈ​ដែល​ភាគី​ថៃ​បាន​និង​កំពុង​ជួយ​កសាង​ស្ពាន​ឆ្លងកាត់​ស្ទឹង​បត់ ហើយ​រំពឹង​ថា ច្រក​ស្ទឹង​បត់ នឹង​បើក​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ទន្ទឹម​នឹង​នោះ ភាគី​កម្ពុជា​-​ថៃ ក៏​បាន​និង​កំពុង​ពិភាក្សា​បើក​ច្រក​អូរ​នាង​ផង​ដែរ ប៉ុន្តែ​តាម​ដឹង ភាគី​ថៃ​បាន​ត្រៀម​រួចរាល់​អស់ហើយ​ក្នុង​ការ​បើក​ច្រក​អូរ​នាង បើ​ទោះបីជា​ភាគី​កម្ពុជា​មិន​ទាន់​បាន​ត្រៀម​ក៏​ដោយ ។

ឯកអគ្គរាជទូត​ថៃ លោក ប៉ាន់​យ៉ា​រ៉ា​ក់ ពល​ទ័ព បាន​ថ្លែង​ដោយ​កត់​សម្គាល់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។ លោក​ក៏​បាន​កោតសរសើរ​ផង​ដែរ​ចំពោះ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តោត​សំខាន់​លើ​កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិភាព​។ ផ្តើម​ពី​នោះ លោក​ក៏​បាន​សន្យា​ថា នឹង​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ​ឲ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត​នៅ​គ្រប់​កាលៈទេសៈ ។

ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​២០១៥ បាន​សន្យា​រួម​គ្នា​ថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ខណៈ​ដែល​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ មាន​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​តុល្យភាព​ពាណិជ្ជកម្ម ។ ចំណែក​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​វិញ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​សម្រាប់​ពលករ​ខ្មែរ ក្នុង​ពេល​ដែល​ភាគី​កម្ពុជា​ក៏​កំពុង​តែ​ជំរុញ​ការ​ធ្វើ​លិខិតឆ្លងដែន​សម្រាប់​ពលករ​ខ្មែរ​ទាំងអស់ ឲ្យ​បាន​កាន់តែ​លឿន ។ ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​អរគុណ​ចំពោះ​ភាគី​ថៃ​ដែល​បាន​ត​ភ្ជាប់​ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តទៅ​អារញ្ញ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​មុខទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ