ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​លក្ខខណ្ឌ​2​នេះសិន​ចាំ​សម្រេចចិត្តស្រឡាញ់​កីឡាការិនី អេ យ៉ា​នុ​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ​កីឡាការិនី អេ យ៉ា​នុ​ត មាន​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​លោក អុិ​ន សុខ​ហៃ ជា​សាច់ញាតិ​របស់​លោក ម៉ា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ​កីឡាការិនី អេ យ៉ា​នុ​ត មាន​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​លោក អុិ​ន សុខ​ហៃ ជា​សាច់ញាតិ​របស់​លោក ម៉ា សេរី អតីត​អ្នក​អត្ថាធិប្បាយ​កីឡា​ល្បីឈ្មោះ ហើយ​ធ្វើ​ឱ្យ​គ្រួសារ​ខាង​ស្រី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​ថា​នោះ​ជា​ព័ត៌មាន​មិន​ពិត ពេល​នេះ​អ្នកស្រី​ជា​ម្ដាយ​បាន​អះអាង​ថា មិន​ហាមប្រាម​កូនស្រី​រឿង​ជ្រើសរើស​គូស្រករ​នោះ​ទេ សំខាន់​ឱ្យ​តែ​អនាគត​កូនប្រសា​របស់​ខ្លួន​បើក​ចិត្ត​ឱ្យ​អេ យ៉ា​នុ​ត បន្ត​អាជីព​កីឡា ដោយសារ​តែ​អ្នកស្រី​មិន​ចង់ឱ្យ​បាត់បង់​មរតក​កីឡា​បន្ត​ពី​លោក អេ ភូ​ថង ជា​ឪពុក ។

អ្នកស្រី​ថា ក្រោយ​ការ​ទម្លាយ​ថា កូនស្រី​អ្នកស្រី​ត្រៀម​ភ្ជាប់ពាក្យ​រឿងរ៉ាវ​មួយ​នេះ​ចាប់ផ្ដើម​ស្ងប់ស្ងាត់ ហើយ​អ្នកស្រី​ក៏​បើក​ចិត្ត​ទូលាយ​សម្រាប់​កូនស្រី​ឱ្យ​មាន​អ្នក​ស្រឡាញ់​ផង​ដែរ ឱ្យ​តែ​បុរស​ម្នាក់​នោះ​ចូល​ចែចូវ​ដល់​មេបា​ ។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក​អេ ភូ​ថង បាន​ថ្លែង​បញ្ជាក់​ថា រវាង​កូនស្រី​និង​លោក អុិ​ន សុខ​ហៃ បុគ្គលិក​នៅ​ទូរទស្សន៍​CNC​នៅ​តែ​រាប់អាន​គ្នា បន្ទាប់​ពី​ចាស់​ៗ​គ្រួសារ​លោក​ធ្លាប់​ចេញចូល​រាប់អាន​គ្នា ហើយ​លោក និង​កូនស្រី អេ យ៉ា​នុ​ត ក៏​រាប់អាន​គ្នា ដោយ​ធ្លាប់​បណ្ដើរគ្នា​ម្ដង​ពីរ​ដង​ទៅ​ញាំ​បង្អែម ។ យ៉ាងណាមិញ អ្នកស្រី​ថា អ្នក​ទាំង​ពីរ​មិន​បាន​ស្រឡាញ់​គ្នា​ដល់​ថ្នាក់​ត្រូវរ៉ូវ​គ្នា​នោះ ដោយ​អ្នកស្រី​ហ៊ាន​អះអាង​ថា​អ្នក​ទាំង​ពីរ​នៅ​ជា​មិត្តភក្តិ​ច្រើន​ជាង ។

អ្នកស្រី​ទទួលស្គាល់​ថា រវាង​កូនស្រី និង​បុរស​នោះ ជិត​ស្និទ្ធ​គ្នា និង​លេងសើច​ជាមួយ​គ្នា​លើស​ពី​មិត្ត​ធម្មតា ប៉ុន្តែ​លោក​សុខ​ហៃ ដែល​ជា​សាច់ញាតិ​របស់​លោក ម៉ា សេរី មិន​ដែល​បង្ហាញ​ទ​ង្វើ​និង​សកម្មភាព​ណាមួយ​ដែល​អាច​បញ្ជាក់​ថា មានចិត្ត​ចង់បាន​កូនស្រី​អេ យ៉ា​នុ​ត ម្ដងណា​ទេ ទើប​អ្នកស្រី​យល់​ថា អ្នក​ទម្លាយ​ដំណឹង​ថា​កូនស្រី​ខ្លួន និង​បុរស​នោះ​ត្រៀម​ភ្ជាប់ពាក្យ ឬ​ស្រឡាញ់ គឺជា​រឿង​ដែល​ធ្វើ​ឱ្យ អេ យ៉ា​នុ​ត ខូច​ខាត​។

អ្នកស្រី​ថា ខ្លួន​អត់​ត្រូវការ​ជ្រើសរើស​ស្វាមី​ឱ្យ​អេ យ៉ា​នុ​ត នោះ​ទេ ពោល​គឺ​បើក​សិទ្ធិ​ឱ្យ​នាង​ជ្រើសរើស​ដោយ​ខ្លួនឯង​ឱ្យ​តែ​បុរស​ដែល​នាង​ស្រឡាញ់ បើកផ្លូវ​ឱ្យ អេ យ៉ា​នុ​ត បាន​បន្ត​អាជីព​កីឡា ដែល​ហោច​ណាស់​ក៏​អាច​ឱ្យ​នាង​បាន​បំពេញការងារ​ជា​គ្រូបង្វឹក ឬ​ជា​កីឡាការិនី​ជម្រើសជាតិ ដែល​មានមុខ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដែរ ។

អ្នកស្រី​ថា គិត​មក​ដល់​ពេល​នេះ អេ យ៉ា​នុ​ត ទើបតែ​រៀន​ដល់​ថ្នាក់​ទី​១១​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​នៅ​ក្មេង​ឡិកឡក់​ៗមិន​ទាន់​ចេះ​គិត​ផង ទើប​អ្នកស្រី​ចេះ​តែ​តាម​ការពារ និង​មិន​ទាន់​ចង់ឱ្យ​គិតគូរ​គ្រួសារ ដោយ​អ្នកស្រី​ប្រកាស​ថា ហេតុ​ផល​ដែល​ខ្លួន​ហាមប្រាម មិនមែន​ជា​ការ​ឃាត់ឃាំង​កូនស្រី​នោះ​ទេ ប៉ុន្តែ​ជា​ការ​រៀបចំ​ដើម្បី​ឱ្យ​អេ យ៉ា​នុ​ត បាន​នឹងនរ និង​ចាស់ចិត្ត​ចាស់​គំនិត​បាន​បន្តិច ទើប​បើកផ្លូវ​ឱ្យ​នាង​មាន​ស្នេហា ។

អ្នកស្រី​មាន​គម្រោង​ឱ្យ​អ្នក​ដែល​តាម​ស្រឡាញ់​នាង មិនជា​បុរស​ដែល​គេ​ផ្គូផ្គង ឬ​ជា​អ្នក​ណា​ដែល​ទទួលយក​លក្ខខណ្ឌ​២ មុន​នឹង​ចង់បាន​អេ យ៉ា​នុ​ត ធ្វើ​ជា​អនាគត ដោយ​ទី​១​ត្រូវ​រង់ចាំ​រហូត​ដល់​រៀន​មហាវិទ្យាល័យ​ចប់ និង​ទី​២​ត្រូវ​បើក​សិទ្ធិ​ឱ្យ​នាង​បាន​បន្ត​ក្នុង​អាជីព​កីឡា ដើម្បី​កុំឱ្យ​គ្រួសារ​របស់​អ្នកស្រី​ដាច់​ពូជ​អ្នក​ប្រដាល់ ។

អ្នកស្រី​ថា ខ្លួន​មិនមែន​ជា​អ្នក​មានបាន​ទេ ប៉ុន្តែខ្លួន​មាន​បំណង​តស៊ូ​ឱ្យ​កូនស្រី​រៀន​ដល់​ចប់​មហា
វិទ្យាល័យ ដោយសារ​តែ​អ្នកស្រី​ចង់ឱ្យ​កូនស្រី​មានការ​ងារ​មួយ​ល្អ​បន្ថែម​ពីលើ​អាជីព​កីឡាកុំឱ្យ​ពិបាក​ពឹងផ្អែក​តែ​លើ​ស្វាមី ។ អ្នកស្រី​ថា អេ យ៉ា​នុ​ត មិន​ខុស​ពី​ក្មេង​ឡិកឡក់​នោះ​ទេហើយ​អ្នកស្រី​ប្រឆាំង​ដាច់ខាត​សម្រាប់​ការ​ស្ដីដណ្ដឹង​ទុក​ដោយ​មិន​ព្រម​រង់ចាំ​ឱ្យ​នាង​បានរៀន​ចប់ ។ ដោយសារ​អ្នកស្រី​មិន​ចង់ឱ្យ​កូន​បែក​អារម្មណ៍​សិក្សា​មិន​បាន​ល្អ​នោះ​ផង​ទើបអ្នកស្រី​ចេះ​តែ​ចេញ​មុខការ​ពារ ។

អ្នកស្រី​ថា ខ្លួន​នឹង​ឱ្យ​អេ យ៉ា​នុ​ត ចូល​រោងការ​ក្នុង​រង្វង់​៥​ទៅ​៦​ឆ្នាំ​ទៀត ដោយសារ​អ្នកស្រី​យល់​ថា កូនស្រី​គួរតែ​ដល់​ពេល​នោះ​ទើប​សម​ល្មម​នឹង​មានគ្រួសារ​ ។ អ្នកស្រី​សាំង សុ​ម៉ា​លី បន្ត​ថា កូនស្រី​របស់ខ្លួន​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​ស្រឡាញ់​ពេញចិត្ត ឬ​ចែចូវ​នៅឡើយ​ទេ បន្ទាប់ ពី​អ្នកស្រី​ប្រកាស​ជា​មុន​ថា កូនស្រី​អ្នកស្រី​ទាល់តែ​ដល់​អាយុ​២៥​ឆ្នាំ​ទើប​ឱ្យ​មាន​គូ ។ យ៉ាងណាមិ​ញ​អ្នកស្រី​បញ្ជាក់​ថា បើ​កូនស្រី​ក្រោយ​ពេល​រៀន​ចប់​ក៏​មានការ​ងារ​ច្បាស់លាស់ ហើយ​អនាគត​ស្វាមី​របស់​នាង​ក៏​មាន​ជីវភាព​ល្អ នោះ​អ្នកស្រី​ក៏​មិន​ឱ្យ​កូនស្រី​បន្ត​អាជីព​កីឡា​នោះ​ដែរ ដោយសារ​តែ​អាជីព​មួយ​នេះ​ក៏​មិន​អាច​ឱ្យ​នាង​មានបាន​ទៅ​បាន​។

លោក អេ ភូ​ថង ជា​ឪពុក​ក៏​បាន​ប្រកាស​ថា ករណី​ភ្ជាប់ពាក្យ ឬ​គម្រោង​ភ្ជាប់ពាក្យ គឺ​លុះត្រាតែ​ពេល អេ យ៉ា​នុ​ត រៀប​ចប់​ថ្នាក់​ទី​១២​យ៉ាង​ហោច ប៉ុន្តែ​សម្រាប់​រូប​លោក​មិន​ទាន់​ចង់ឱ្យ​កូនស្រី​មាន​ពាក់ព័ន្ធ​នឹង​បុរស​ណា​ទេ ទើប​លោក និង​ភរិយា​ការពារ​ធ្វើ​ឱ្យ​កូនស្រី​មូលអារម្មណ៍​តែ​នឹង​ការ​សិក្សា​ត្រៀមប្រឡង​បញ្ចប់ថ្នាក់​ទី​១២​នៅ​ឆ្នាំ​ក្រោយ និង​យូរ​ៗ​ម្ដង​ឡើង​ប្រកួតតំណាង​ប្រទេស ។

លោក​ថា មិន​ចង់​ឃើញ​កូនស្រី​មាន​ប្ដីសី​ទេ ដរាបណា​កូនស្រី​មិន​ទាន់​មាន​សមត្ថភាព​ធ្វើការ​បន្ថែម​ពីលើ​អាជីព​កីឡា​ច្បាស់លាស់ ហើយ​លោក​មិន​ត្រូវការ​ទេ​សម្រាប់ស្ថានភាព​អនាគត​កូនប្រសា​ប្រកាស​ចិញ្ចឹម​កូនស្រី​ដោយ​មិន​ឱ្យធ្វើ​ការ​រក​លុយ ក្រោយ​ពេល​ពិធី​រៀប​ការ​ត្រូវ​បាន​កើតឡើង​នោះ ។ លោក​និយាយថា​«​សម្រាប់​កូនស្រី យើង​អត់​ដឹង​ថា ស្វាមី គាត់​ជា​អ្នកមាន​ឬ​មនុស្ស​ប្រភេទ​យ៉ាងម៉េចទេ ប៉ុន្តែ​ខ្ញុំ និង​ភរិយា​នៅ​តែ​ចង់ឱ្យ​កូន​រៀន​ចប់​សិន​បានឱ្យ​មាន​ប្ដី អត់​ចង់ឱ្យ​កូន​ទៅ​ស៊ី​លើ​គេ ហើយ​ស្អី​ក៏​មិន​មាន​ក្នុង​ខ្លួន​នោះ​ទេ​!»​។

អ្នកស្រី សាំង សុ​ម៉ា​លី បន្ត​ថា សម្រាប់​កូនស្រី អ្នកស្រី​អត់​មាន​ត្រូវការ​បង្ខាំង​ទុក​នោះ​ទេ គឺ​ត្រូវ​តែ​ឱ្យ​មាន​អនាគត ប៉ុន្តែ​បើ​រៀបចំ​ដោយ​ឆិ​ន​ឆៃ ហើយ​មិន​បាន​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ គឺ​អ្នកស្រី​សុខចិត្ត​ជំទាស់ ជា​ពិសេស​សម្រាប់​អ្នក​ចង់បាន​កូនស្រី​របស់​ខ្លួន​ហើយ​មានគំនិត​ចង់​រៀប​ការឆាប់​ៗ​ឬ​ចង់ឱ្យ​នាង​បោះបង់​ទាំងស្រុង​ពី​ការ​ប្រដាល់ ឬ​ពី​ជា​កីឡាការិនី​ជម្រើសជាតិ ។ អ្នកស្រីថា ការ​ប្រកួត​​កីឡា​កូនស្រី​របស់​ខ្លួន​រវល់​តែ​អំឡុង​ពេល​ត្រូវ​ប្រកួត​ថ្នាក់​ជាតិ និង​ក្រៅ​ស្រុកម្ដង​ៗ​ប៉ុណ្ណោះ ដូច្នេះ​បើ​ទោះជា​នាង​ត្រូវ​រៀនថ្នាក់​ទី​១២ ឬ​មាន​ស្វាមី​ហើយ ក៏​អាច​បន្ត​បានដែរ ទើប​អ្នកស្រី​ចង់ឱ្យ​នាង​បន្ត​កសាង​កេរ្តិ៍ឈ្មោះសិន ចាំ​ដល់​អាយុ​រាង​ជ្រេ​បន្តិច​ឱ្យ​នាង​ធ្វើ​ជា​គ្រូបង្វឹក ឬ​ឱ្យ​លាឈប់​ដាច់​ក៏​មិន​ថ្វី​នោះ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ