ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ហាប់​គី​ដូ​ ឈ្នះ​មេដាយ​៣៥​គ្រឿង ​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​លើក​ទី​៣​នៅ​ប្រទេស​ចិន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ប្រតិភូ​កីឡា​ហាប់​គី​ដូ​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១៧​ខែសីហា​ឆ្នាំ​២០២៥ ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​៣៥​គ្រឿង​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​លើក​ទី​៣​នៅ​ទីក្រុង​ហុងកុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​គង់ ចាន់​ធី​ណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មរតក​តេ​ជោ​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែសីហា​ ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ជើងឯក​កម្រិត​អាស៊ី ខណៈ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ដំណើរការ​ទៅ​ចំនួន​២​លើក​រួច​មក​ហើយ​។​ទោះជា​យ៉ាងណា​សម្រាប់​ដំណើរការ​ប្រកួត​នេះ​អត្ត​ព​លិ​ក​កម្ពុជា ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត រហូត​ដណ្ដើម​បាន​ជ័យជម្នះ​ដ៏​ធំធេង​និង​ជា​ប្រវត្តិសាស្ត្រ​ជូ​ជាតិ ដែល​បាន​នាំ​មក​ជាមួយ​នូវ​មេដាយ​ចំនួន​៣៥​គ្រឿង​។​ក្នុង​នោះ​មេដាយ​ចំនួន​១២​គ្រឿង មេដាយ​ប្រាក់​ចំនួន​៩​គ្រឿង​និង​មេដាយ​សំរឹទ្ធ​ចំនួន​១៤​គ្រឿង​។

លោក​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នេះ​ជា​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ជា​ពិសេស​បានការ​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវ​ជ​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​បានការ​យកចិត្តទុកដាក់​ពី​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិការ ក្នុង​ការ​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​តាំងពី​ដើម​ដល់​ចប់​និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

លោក​បាន​សង្កត់ធ្ងន់​ថា សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែ​ដែរ​អត្ត​ព​លិ​ក​កម្ពុជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ទោះបីជា​យើង​ត្រូវ​ប៉ះ​ជាមួយ​គូប្រកួត​ខ្លាំង​ៗ​មក​ពី​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​គេ​ខ្លាំង​ៗ​ដែរ​។ ជា​ពិសេស​ការ​ឆ្លងកាត់​តាំងពី​វគ្គ​ជម្រុះ​រហូត​ឈាន​ទៅ​ដណ្ដើម​យក​មេដាយមាស​។​ហើយ​អ្វី​ដែល​កីឡា​ហាប់​គី​ដូ​កម្ពុជា​ទទួល​បាន​ថ្ងៃ​នោះ កាន់តែ​ធ្វើ​ឱ្យ​កីឡា​ហាប់​គី​ដូ​មានឈ្មោះ​បោះ​សម្លេង​កាន់តែ​ល្បី​រន្ទឺ​រទាំង​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​។​មិនតែប៉ុណ្ណោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រភេទ​កីឡា​ហាប់​គី​ដូ​ពេល​នេះ ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​មិន​ចាញ់​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ដ៏​ទៃ​ទៀត​នោះ​ទេ​៕