កម្ពុជាបញ្ជូនប្រតិភូសរុប ៨៨នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីគុនខ្មែរ៦៦នាក់ ទៅចូលរួមប្រកួតជើងឯកអាស៊ីលើកទី១ នៅវៀតណាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនប្រតិភូសរុប៨៨នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី៦៦នាក់ទៅចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីលើកទី១ នៅទីក្រុង Can Tho ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះមានប្រទេសចំនួន១៦ចូលរួម ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី១ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។
លោក ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញថា គុនខ្មែរជាក្បាច់គុនដ៏មានវ័យចំណាស់ និងជាមរតកវប្បធម៌របស់បុព្វបុរសខ្មែរ កំពុងទទួលបានការគាំទ្រនិងការទទួលស្គាល់យ៉ាងទូលំទូលាយនៅតំបន់អាស៊ី និងលើឆាកអន្តរជាតិ។ ដូច្នេះកម្ពុជាក្នុងនាមជាម្ចាស់ក្បាច់គុន បានបញ្ជូនកីឡាករ កីឡាការិនីចំនួន៦៦នាក់ មន្ត្រី២២នាក់ ឱ្យទៅចូលរួមប្រកួតប្រជែងនិងមានការបែងចែកជា៥កម្រិតអាយុ។
ចំពោះការទៅចូលរួមប្រកួតលើកនេះ យើងមិនត្រឹមតែផ្ដោតលើការប្រជែងដណ្ដើមយកមេដាយនិងជ័យលាភីមួយមុខនោះទេ គឺមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
ទី១-បង្ហាញសមត្ថភាព បច្ចេកទេស និងសក្ដានុពលរបស់កីឡាករ កីឡាការិនីគុនខ្មែរនៅលើឆាកកីឡាទ្វីបអាស៊ី។
ទី២-ផ្ដល់ឱកាសដល់អត្តពលិក គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេសរបស់យើងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ។
ទី៣-ផ្សព្វផ្សាយគុនខ្មែរ ដែលជាក្បាច់គុនដូនតា និងជាអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃរបស់ជាតិឱ្យកាន់តែល្បីនៅទូទាំងតំបន់អាស៊ីនិងលើឆាកអន្តរជាតិនិង
ទី៤-ដើម្បីកសាងធនធានកីឡាករ កីឡាការិនីជំនាន់ថ្មីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាកម្រិតតំបន់ ទ្វីប និងនៅលើពិភពលោក។
លោកខូវ ឆាយ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណៈប្រតិភូ គ្រូបង្វឹក ព្រមទាំងមានការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីគុនខ្មែរផងនោះ យើងនឹងដណ្ដើមបានលទ្ធផលល្អជូនជាតិមាតុភូមិមិនខាន។ ពិសេសជាងនេះទៅទៀត ជ័យជម្នះរបស់យើងមិនវាស់វែងត្រឹមតែមេដាយនោះទេ ជ័យជម្នះដ៏ធំធេងមួយទៀតគឺធ្វើឱ្យបណ្ដាប្រទេសនៅតំបន់អាស៊ីទទួលស្គាល់ យល់ដឹង គោរព និងចូលរួមអភិវឌ្ឍគុនខ្មែរជាមួយយើងកាន់តែច្រើនឡើង ។
ដូច្នេះយើងទាំងអស់គ្នាជាពិសេសអត្តពលិកគុនខ្មែរត្រូវបង្ហាញអកប្បកិរិយាល្អរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែររបស់យើងឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិតាមរយៈការចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ីមួយនេះ ៕




ចែករំលែកព័តមាននេះ