មើលលក្ខខណ្ឌ2សិនចាំសម្រេចចិត្តស្រឡាញ់កីឡាការិនី អេ យ៉ានុត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានជុំវិញកីឡាការិនី អេ យ៉ានុត មានគម្រោងភ្ជាប់ពាក្យជាមួយលោក អ៊ិន សុខហៃ ជាសាច់ញាតិរបស់លោក ម៉ា…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានជុំវិញកីឡាការិនី អេ យ៉ានុត មានគម្រោងភ្ជាប់ពាក្យជាមួយលោក អ៊ិន សុខហៃ ជាសាច់ញាតិរបស់លោក ម៉ា…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានជុំវិញកីឡាការិនី អេ យ៉ានុត មានគម្រោងភ្ជាប់ពាក្យជាមួយលោក អ៊ិន សុខហៃ ជាសាច់ញាតិរបស់លោក ម៉ា សេរី អតីតអ្នកអត្ថាធិប្បាយកីឡាល្បីឈ្មោះ ហើយធ្វើឱ្យគ្រួសារខាងស្រីមានប្រតិកម្មយ៉ាងខ្លាំង និងថា នោះជាព័ត៌មានមិនពិត ពេលនេះអ្នកស្រីជាម្ដាយបានអះអាងថា មិនហាមប្រាមកូនស្រីរឿងជ្រើសរើសគូស្រករនោះទេ សំខាន់ឱ្យតែអនាគតកូនប្រសារបស់ខ្លួនបើកចិត្តឱ្យ អេ យ៉ានុត បន្តអាជីពកីឡា ដោយសារតែអ្នកស្រីមិនចង់ឱ្យបាត់បង់មរតកកីឡាបន្តពីលោក អេ ភូថង ជាឪពុក ។
អ្នកស្រីថា ក្រោយការទម្លាយថា កូនស្រីអ្នកស្រីត្រៀមភ្ជាប់ពាក្យរឿងរ៉ាវមួយនេះចាប់ផ្ដើមស្ងប់ស្ងាត់ ហើយអ្នកស្រីក៏បើកចិត្តទូលាយសម្រាប់កូនស្រីឱ្យមានអ្នកស្រឡាញ់ផងដែរ ឱ្យតែបុរសម្នាក់នោះចូលចែចូវដល់មេបា។
អ្នកស្រី សាំង សុម៉ាលី ភរិយាលោកអេ ភូថង បានថ្លែងបញ្ជាក់ថា រវាងកូនស្រី និងលោក អ៊ិន សុខហៃ បុគ្គលិកនៅទូរទស្សន៍ CNC នៅតែរាប់អានគ្នា បន្ទាប់ពីចាស់ៗគ្រួសារលោកធ្លាប់ចេញចូលរាប់អានគ្នា ហើយលោក និងកូនស្រី អេ យ៉ានុត ក៏រាប់អានគ្នា ដោយធ្លាប់បណ្ដើរគ្នាម្ដងពីរដងទៅញាំបង្អែម ។ យ៉ាងណាមិញ អ្នកស្រីថា អ្នកទាំងពីរមិនបានស្រឡាញ់គ្នាដល់ថ្នាក់ត្រូវរ៉ូវគ្នានោះ ដោយអ្នកស្រីហ៊ានអះអាងថា អ្នកទាំងពីរនៅជាមិត្តភក្តិច្រើនជាង ។ អ្នកស្រីទទួលស្គាល់ថា រវាងកូនស្រី និងបុរសនោះ ជិតស្និទ្ធគ្នា និងលេងសើចជាមួយគ្នាលើសពីមិត្តធម្មតា ប៉ុន្តែលោកសុខ ហៃ ដែលជាសាច់ញាតិរបស់លោក ម៉ា សេរី មិនដែលបង្ហាញទង្វើ និងសកម្មភាពណាមួយដែលអាចបញ្ជាក់ថា មានចិត្តចង់បានកូនស្រី អេ យ៉ានុត ម្ដងណាទេ ទើបអ្នកស្រីយល់ថា អ្នកទម្លាយដំណឹងថា កូនស្រីខ្លួន និងបុរសនោះត្រៀមភ្ជាប់ពាក្យ ឬស្រឡាញ់ គឺជារឿងដែលធ្វើឱ្យ អេ យ៉ានុត ខូចខាត។
អ្នកស្រីថា ខ្លួនអត់ត្រូវការជ្រើសរើសស្វាមីឱ្យ អេ យ៉ានុត នោះទេ ពោលគឺបើកសិទ្ធិឱ្យនាងជ្រើសរើសដោយខ្លួនឯងឱ្យតែបុរសដែលនាងស្រឡាញ់ បើកផ្លូវឱ្យ អេ យ៉ានុត បានបន្តអាជីពកីឡា ដែលហោចណាស់ក៏អាចឱ្យនាងបានបំពេញការងារជាគ្រូបង្វឹក ឬជាកីឡាការិនីជម្រើសជាតិ ដែលមានមុខឡើងប្រកួតក្នុងព្រឹត្តិការណ៍ធំៗដែរ ។ អ្នកស្រីថា គិតមកដល់ពេលនេះ អេ យ៉ានុត ទើបតែរៀនដល់ថ្នាក់ទី១១ប៉ុណ្ណោះ ហើយម្យ៉ាងនៅក្មេងឡិកឡក់ៗមិនទាន់ចេះគិតផង ទើបអ្នកស្រីចេះតែតាមការពារ និងមិនទាន់ចង់ឱ្យគិតគូរគ្រួសារ ដោយអ្នកស្រីប្រកាសថា ហេតុផលដែលខ្លួនហាមប្រាម មិនមែនជាការឃាត់ឃាំងកូនស្រីនោះទេ ប៉ុន្តែជាការរៀបចំដើម្បីឱ្យអេ យ៉ានុត បាននឹងនរ និងចាស់ចិត្តចាស់គំនិតបានបន្តិច ទើបបើកផ្លូវឱ្យនាងមានស្នេហា ។
អ្នកស្រីមានគម្រោងឱ្យអ្នកដែលតាមស្រឡាញ់នាង មិនជាបុរសដែលគេផ្គូផ្គង ឬជាអ្នកណាដែលទទួលយកលក្ខខណ្ឌ២ មុននឹងចង់បានអេ យ៉ានុត ធ្វើជាអនាគត ដោយទី១ត្រូវរង់ចាំរហូតដល់រៀនមហាវិទ្យាល័យចប់ និងទី២ត្រូវបើកសិទ្ធិឱ្យនាងបានបន្តក្នុងអាជីពកីឡា ដើម្បីកុំឱ្យគ្រួសាររបស់អ្នកស្រីដាច់ពូជអ្នកប្រដាល់ ។
អ្នកស្រីថា ខ្លួនមិនមែនជាអ្នកមានបានទេ ប៉ុន្តែខ្លួនមានបំណងតស៊ូឱ្យកូនស្រីរៀនដល់ចប់មហាវិទ្យាល័យ ដោយសារតែអ្នកស្រីចង់ឱ្យកូនស្រីមានការងារមួយល្អបន្ថែមពីលើអាជីពកីឡាកុំឱ្យពិបាកពឹងផ្អែកតែលើស្វាមី ។ អ្នកស្រីថា អេ យ៉ានុត មិនខុសពីក្មេងឡិកឡក់នោះទេ ហើយអ្នកស្រីប្រឆាំងដាច់ខាតសម្រាប់ការស្ដីដណ្ដឹងទុកដោយមិនព្រមរង់ចាំឱ្យនាងបានរៀនចប់ ។ ដោយសារអ្នកស្រីមិនចង់ឱ្យកូនបែកអារម្មណ៍សិក្សាមិនបានល្អនោះផងទើបអ្នកស្រីចេះតែចេញមុខការពារ ។ អ្នកស្រីថា ខ្លួននឹងឱ្យអេ យ៉ានុត ចូលរោងការក្នុងរង្វង់៥ទៅ៦ឆ្នាំទៀត ដោយសារអ្នកស្រីយល់ថា កូនស្រីគួរតែដល់ពេលនោះទើបសមល្មមនឹងមានគ្រួសារ។
អ្នកស្រីសាំង សុម៉ាលី បន្តថា កូនស្រីរបស់ខ្លួនមកទល់ពេលនេះ មិនទាន់មានអ្នកណាស្រឡាញ់ពេញចិត្ត ឬចែចូវនៅឡើយទេ បន្ទាប់ ពីអ្នកស្រីប្រកាសជាមុនថា កូនស្រីអ្នកស្រីទាល់តែដល់អាយុ២៥ឆ្នាំទើបឱ្យមានគូ ។ យ៉ាងណា មិញអ្នកស្រីបញ្ជាក់ថា បើកូនស្រីក្រោយពេលរៀនចប់ក៏មានការងារច្បាស់លាស់ ហើយអនាគតស្វាមីរបស់នាងក៏មានជីវភាពល្អ នោះអ្នកស្រីក៏មិនឱ្យកូនស្រីបន្តអាជីពកីឡានោះដែរ ដោយសារតែអាជីពមួយនេះក៏មិនអាចឱ្យនាងមានបានទៅបាន។
លោក អេ ភូថង ជាឪពុកក៏បានប្រកាសថា ករណីភ្ជាប់ពាក្យ ឬគម្រោងភ្ជាប់ពាក្យ គឺលុះត្រាតែពេល អេ យ៉ានុត រៀបចប់ថ្នាក់ទី១២យ៉ាងហោច ប៉ុន្តែសម្រាប់រូបលោកមិនទាន់ចង់ឱ្យកូនស្រីមានពាក់ព័ន្ធនឹងបុរសណាទេ ទើបលោក និងភរិយាការពារធ្វើឱ្យកូនស្រីមូលអារម្មណ៍តែនឹងការសិក្សាត្រៀមប្រឡងបញ្ចប់ថ្នាក់ទី១២នៅឆ្នាំក្រោយ និងយូរៗម្ដងឡើងប្រកួតតំណាងប្រទេស ។ លោកថា មិនចង់ឃើញកូនស្រីមានប្ដីសីទេ ដរាបណាកូនស្រីមិនទាន់មានសមត្ថភាពធ្វើការបន្ថែមពីលើអាជីពកីឡាច្បាស់លាស់ ហើយលោកមិនត្រូវការទេសម្រាប់ស្ថានភាពអនាគតកូនប្រសាប្រកាសចិញ្ចឹមកូនស្រីដោយមិនឱ្យធ្វើការរកលុយ ក្រោយពេលពិធីរៀបការត្រូវបានកើតឡើងនោះ ។ លោកនិយាយថា«សម្រាប់កូនស្រី យើងអត់ដឹងថា ស្វាមីគាត់ជាអ្នកមានឬមនុស្សប្រភេទយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំ និងភរិយានៅតែចង់ឱ្យកូនរៀនចប់សិនបានឱ្យមានប្ដី អត់ចង់ឱ្យកូនទៅស៊ីលើគេ ហើយស្អីក៏មិនមានក្នុងខ្លួននោះទេ!»។
អ្នកស្រី សាំង សុម៉ាលី បន្តថា សម្រាប់កូនស្រី អ្នកស្រីអត់មានត្រូវការបង្ខាំងទុកនោះទេ គឺត្រូវតែឱ្យមានអនាគត ប៉ុន្តែបើរៀបចំដោយឆិនឆៃ ហើយមិនបានគិតគូរឱ្យបានវែងឆ្ងាយ គឺអ្នកស្រីសុខចិត្តជំទាស់ ជាពិសេសសម្រាប់អ្នកចង់បានកូនស្រីរបស់ខ្លួនហើយមានគំនិតចង់រៀបការឆាប់ៗឬចង់ឱ្យនាងបោះបង់ទាំងស្រុងពីការប្រដាល់ ឬពីជាកីឡាការិនីជម្រើសជាតិ ។ អ្នកស្រីថា ការប្រកួតកីឡាកូនស្រីរបស់ខ្លួនរវល់តែអំឡុងពេលត្រូវប្រកួតថ្នាក់ជាតិ និងក្រៅស្រុកម្ដងៗប៉ុណ្ណោះ ដូច្នេះបើទោះជានាងត្រូវរៀនថ្នាក់ទី១២ ឬមានស្វាមីហើយ ក៏អាចបន្តបានដែរ ទើបអ្នកស្រីចង់ឱ្យនាងបន្តកសាងកេរ្តិ៍ឈ្មោះសិន ចាំដល់អាយុរាងជ្រេបន្តិចឱ្យនាងធ្វើជាគ្រូបង្វឹក ឬឱ្យលាឈប់ដាច់ក៏មិនថ្វីនោះដែរ៕
ចែករំលែកព័តមាននេះ