មនុស្សឆ្លាតជាអ្នកចេះធ្វើចរិយាបត់បែនទៅតាមកាលៈទេសៈដូចពាក្យបាលីថា «កាលញ្ញុតា» ភាពជាអ្នកស្គាល់កាលវេលាដែលគួរ និងមិនគួរប្រកបកិច្ចការនោះៗ ហើយបត់បែនទង្វើទៅតាមតថភាពជាក់ស្តែង ។
គុណធម៌នេះជាបច្ច័យនាំឱ្យការប្រព្រឹត្តធ្វើការងារអ្វីៗបានទទួលផលបរិបូណ៌ព្រោះកិច្ចការទាំងពួងច្រើនជាប់ជំពាក់ទៅដោយពេលវេលា បើធ្វើយឺតយូរពេកបង្កទៅជាទោសក៏មាន ឬធ្វើលឿនរហ័សពេកក្លាយទៅជាទោសក៏មាន ។ ដូច្នេះគប្បីលៃលកចាត់ចែងកិច្ចការដែលត្រូវធ្វើឱ្យត្រឹមត្រូវសមល្មមតាមកាលវេលា ទើបនឹងទទួលអំណោយគុណប្រយោជន៍ដ៏បរិបូណ៌ និងបាននាមថា ជាអ្នកឆ្លាតក្នុងកិច្ចការទាំងពួង ។ អ្នកឆ្លាតរមែងរួចចាកទុក្ខទោស សមដូចពុទ្ធភាសិតមួយឃ្លានៅក្នុងគម្ពីរមង្គលសូត្រត្រាស់ថា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ បុគ្គលបានស្តាប់ធម៌តាមកាលជាមង្គលដ៏ឧត្តម ។
កាលនៃការស្តាប់ធម៌មាន៤យា៉ងគឺ កាលដែលបុគ្គលគួរសម្តែងធម៌ហៅថា កាលេន ធម្មទេសនា១ កាលដែលបុគ្គលគួរស្តាប់ធម៌ទេសនាហៅថា កាលេន ធម្មស្សវនំ១ កាលដែលបុគ្គលគួរសាកសួរធម៌ឬសន្ទនាធម៌គ្នាហៅថា កាលេន ធម្មសាកច្ឆា១ និងកាលដែលបុគ្គលគួរពិចារណាធម៌ហៅថា កាលេន វិបស្សនា១ រួមជា៤ ។
ក្នុងទីនេះសូមលើកយកចំណុចត្រង់ពាក្យថា ស្តាប់ធម៌តាមកាលដែលបុគ្គលគួរស្តាប់ធម៌មកបង្ហាញ ។ ពេលវេលាដែលគួរស្តាប់សំដៅយកកាលនៃឧបោសថសីលក្នុង១ខែមាន៦ដង តាមជើងគម្ពីរប្រាប់ថា គីថ្ងៃ៨កើត ៨រោច ១៤កើត ១៤រោច ១៥កើត ១៥រោច រួមជា៦ថ្ងៃ ។ បើតាមអដ្ឋកថាបញ្ជាក់ថា ក្នុង១ខែមានរហូតដល់ទៅ៨ដងឯណោះ គឺថ្ងៃ៥កើត ៥រោច ៨កើត ៨រោច ១៤កើត ១៤រោច ឬ១៣រោចបើខែខ្វះ និង១៥កើត ១៥រោច (រួមជា៨ថ្ងៃ) ។
ប៉ុន្តែបច្ចុប្បន្ននេះ ឧបាសកឧបាសិកាដែលភាគច្រើនបំផុតបានប្រតិបត្តិចំពោះថ្ងៃសីលបានតែ៤ដងប៉ុណ្ណោះ ក្នុង១ខែគឺថ្ងៃ៨កើត ៨រោច ១៥កើត និង១៥រោច រីឯថ្ងៃសីលក្រៅពីនេះមានអ្នកប្រតិបត្តិតិចតួចណាស់ ស្របទៅតាមកាលៈទេសៈ ។
ចែករំលែកព័តមាននេះ