ខេត្តព្រះសីហនុ ៖ ឪពុកម្តាយសពបុរសម្នាក់ បានធ្វើតាមបណ្តាំសព ដែលសរសេរលិខិតសំណូមពរថា ក្រោយពេលរូបគេស្លាប់ សូមពុក-ម៉ែជួយចាក់ភ្លេងការ និងហ្គាំងណាំស្តាយ… ឥឡូវចាក់ជូនតាមសំណូមពរនៃបណ្តាំហើយ ខណៈធ្វើបុណ្យសពបុរសនោះ។
សូមបញ្ជាក់ថា សពខាងលើ គឺជាបុរសវ័យ២៤ឆ្នាំម្នាក់បានលេបថ្នំាសម្លាប់ខ្លួន ហើយសពត្រូវបានក្រុមគ្រួសារប្រទះឃើញនៅគុម្ពោតព្រៃចម្ងាយពីផ្ទះ៥០ម៉ែត្រ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៣ ស្ថិតក្នុងភូមិស្រែចារក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា មូលហេតុដែលបុរសឈ្មោះសុខ ឧត្តម អាយុ២៤ឆ្នាំនេះ ដាច់ចិត្តសម្លាប់ខ្លួន គឺដោយសារខឹងឪពុកស្តីបន្ទោស និងវាយ១រំពាត់ ក្រោយពេលប្រៀនប្រដៅ ។អ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ មុនពេលលេបថ្នាំសម្លាប់ខ្លួន បុរសខាងលើបានសរសេរបណ្តាំដោយសុំឲ្យក្រុមគ្រួសារធ្វើបុណ្យឱ្យត្រឹមត្រូវ ប៉ុន្តែកុំចាក់ភ្លេងស្មូត្រ គឺចាក់បទភ្លេងការ និងចាក់បទចម្រៀងហ្គាំងណំាស្តាយ ។
តាមអ្នកចូលរួមបុណ្យសពច្រើននាក់ បានឱ្យដឹងថា ឪពុកម្តាយធ្វើជូនកូនតាមសំណូមពរនៃបណ្តាំប្រាកដមែន ប៉ុន្តែមិនមែនចាក់បទភ្លេងការ និងហ្គាំងណាំស្តាយរហូតនោះទេ គឺធ្វើបុណ្យតាមប្រពៃណីធម្មតា ចប់កិច្ចមួយ ចូលកិច្ចមួយអុីចឹងទៅ ក៏ចាក់បទភ្លេងការ និងចម្រៀងហ្គាំងណាំស្តាយជូនសព ដើម្បីឱ្យព្រលឹងសពទៅកាន់សុគតិភពដោយស្ងប់ចិត្ត ៕
ចែករំលែកព័តមាននេះ