រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ការបង់ពន្ធប្រថាប់ត្រាចំពោះ
ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបន្ដគ្នាច្រើនដង ត្រូវបានលើកលែង ឲ្យបង់តែ១ដងប៉ុណ្ណោះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ។
ការអះអាងបែបនេះធ្វើឡើងនៅក្នុងពិធីផ្សាព្វផ្សាយបន្ត ស្តីពី ការផ្តល់អនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយពិនិត្យឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិអចលន ទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាលនៃការផ្ទេរអចលនទ្រព្យ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដងប៉ុណ្ណោះលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមថ្នាក់សង្កាត់ឬខណ្ឌ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើការផ្សាព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ។
លោកអភិបាលរាជធានីបានថ្លែងថា ៖« អាជ្ញាធរសង្កាត់ ខណ្ឌ ត្រូវបើកការប្រជុំតាមភូមិ ហើយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើលិខិតជំនួយស្មារតីទៅភូមិ ដើម្បីផ្សព្វផ្សាទៅប្រជាពលរដ្ឋ សំខាន់កុំជះទឹកដាក់គ្នា ត្រូវតែរួមគ្នាធ្វើការងារនេះឲ្យបានល្អ ហើយការផ្សព្វផ្សាយឲ្យប្រជាជនបានដឹងឮដល់កម្រិតណានោះ អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍មកក្រុងវិញ ដើម្បីរាយការណ៍បន្តទៅក្រសួងមហាផ្ទៃ »។
លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងមក មានមន្ត្រីសុរិយោដីនៅខណ្ឌ វាស់វែងដីជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ហើយមានមន្ត្រីខ្លះបានទារលុយពីពលរដ្ឋថែមទៀត ។
លោកសង្កត់ធ្ងន់ថា ៖« សូមឲ្យប្រយ័ត្នប្រយែងខ្លួន សូមកុំបង្កការលំបាកឲ្យប្រជាពលរដ្ឋទៀត ។ ចៅសង្កាត់ត្រូវចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ។ យើងត្រូវជួយប្រជាពលរដ្ឋឲ្យចំគោលដៅដែលពួកគាត់ចង់បាន »។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារលោក កែម សម្បត្តិ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធដើម្បីផលប្រយោជន៍ថ្នាក់ក្រោមជាតិ ។ ដូច្នេះ ថ្នាក់ក្រោមជាតិត្រូវប្រឹងប្រែង ដើម្បីបានលុយមកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។
លោកបន្តថា ៖« អគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានភាពងាយស្រួលដល់អ្នកបង់ពន្ធ ដូចជាការបង់ពន្ធតាមធនាគារជាដើម ដែលសម្រេចបានជោគជ័យអស់រយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយ ដេលធ្វើឲ្យការប្រមូលពន្ធមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅភ្នំពេញ ចំណូលពន្ធបានច្រើនជាងគេរហូតទៅដល់៩៣ទៅ៩៤% »៕
ចែករំលែកព័តមាននេះ