សាលាបឋមសិក្សាជ័យជំនះប្រារព្ធទិវាកុមារអន្តរជាតិ1 មិថុនា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាកុមារអន្តរជាតិ១ មិថុនា តែងបានធ្វើ ឡើងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។ ជាមួយនេះ…
រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាកុមារអន្តរជាតិ១ មិថុនា តែងបានធ្វើ ឡើងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។ ជាមួយនេះ…
រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាកុមារអន្តរជាតិ១ មិថុនា តែងបានធ្វើ
ឡើងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។ ជាមួយនេះ តាមអង្គការនានាដែលធ្វើការងារជាមួយកុមារ ក៏បានរៀបចំកម្មវិធីនេះរៀងៗខ្លួនដែរ ។
ដោយឡែក សាលាបឋមសិក្សាជ័យជំនះដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក៏បានចាត់តាំងកម្មវិធីនេះដែរ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដោយមានការចូលរួមពីលោកចៅសង្កាត់បឹងកេងកងទី៣ ប្រធានអង្គការមាតានិងទារក និងតំណាងអង្គការផ្ទះបាយកុមារ ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ ។
លោកស្រី ទឹម សុខា នាយិកាសាលាបានថ្លែងថា សាលាបឋមសិក្សាជ័យជំនះចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី៦៩សម្រាប់ឆ្នាំ២០១៨ នេះដោយទឹកចិត្តសោមនស្សរីករាយ ។ លោកស្រីមិនភ្លេចក្នុងការថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់ ដែលតែងតែរួមសហការនិងគាំទ្ររាល់សកម្មភាពនានារបស់សាលា ។ នេះជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់គួរជាទីមោទនៈ រួមជាមួយអង្គការសង្គមនានាដែលបានចូលរួម ។
លោកស្រីនាយិកាឱ្យដឹងថា សាលាបឋមសិក្សាជ័យជំនះ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នេះ មានសិស្សសរុប៨៣៦នាក់ ក្នុងនោះកុមារី៣៩៩នាក់ និងមានថ្នាក់រៀនចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ចំនួន៣៥ថ្នាក់ បុគ្គលិកសិក្សាទាំងអស់៥៤នាក់(ស្រី៤៤នាក់) ។ ចំពោះស្ថិតិសិស្សជួបការលំបាកមានចំនួន១៥៧នាក់ (ស្រី៥៥នាក់) ក្នុងនោះសិស្សក្រីក្រ៩១នាក់ កុមារកំព្រា៣៤នាក់ និងកុមារពិការ២៣នាក់ ។
លោកស្រី ទឹម សុខា ក៏បានឱ្យដឹងបន្ថែមថា ជារឿយៗសាលាបានទទួលការជួយឧបត្ថម្ភពីអង្គការផ្ទះបាយកុមារ ដែលបានផ្តល់ជាអំណោយផ្សេងៗដល់សិស្សក្រីក្រមាន សៀវភៅ ប៊ិក និងម្ហូបអាហារ បន្លែ ផ្លែឈើ ។ អំណោយទាំងនេះពិតជាជួយរំលែកនូវទុក្ខលំបាកនានាបានមួយកម្រិត ។
ក្រោយពីលោក ព្រំ សុខឿន ចៅសង្កាត់បឹងកេងកងទី៣ ឡើងអានសារលិខិតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលរួចមក តំណាងសហគមន៍មាតាបិតាសិស្ស ក៏បានថ្លែងមតិមួយចំនួនអបអរក្នុងពិធីនេះដែរ ។
ក្នុងការប្រារព្ធពិធីនេះ សាលាក៏បានទទួលការឧបត្ថម្ភពីសាលាសង្កាត់ មានសៀវភៅ៣០០ក្បាល ប៊ិក៣០០ដើម ខ្មៅដៃ៣០០ដើម ។
អង្គការផ្ទះបាយកុមារឧបត្ថម្ភសៀវភៅ១០០ក្បាល ប៊ិក៥០ដើម ហើយសហគមន៍ក្នុងសង្កាត់ជួយឧបត្ថម្ភនំ១.៥១២កញ្ចប់ផងដែរ ។ សៀវភៅ ប៊ិក និងនំ ត្រូវបានចែកដល់សិស្សគ្រប់ៗគ្នា ។
ក្នុងទិវាដ៏រីករាយនេះ សាលាក៏បានបង្កើតនូវកម្មវិធីល្បែងកម្សាន្តសម្រាប់សិស្សានុសិស្សចូលរួមលេងជាច្រើនប្រភេទទៀតផង ៕
ចែករំលែកព័តមាននេះ