ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​ដោយ​សម្លេង​១១២ នៃ​សមាជិក​សភា​ទាំងមូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដើរ​តាម​ស្ថានការណ៍​សង្គម​នា​ពេល​បច្ចុប្បន្ន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១១២​រូប​បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​ដែល​មាន​ចំនួន​១០​ជំពូក និង​៣៨​មាត្រា ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០​នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា និង​សមាជិក​សភា​ចូលរួម​ទាំងអស់​១១២​រូប ក្នុង​ចំណោម​សមាជិក​ទាំងអស់​១២៣​រូប…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដើរ​តាម​ស្ថានការណ៍​សង្គម​នា​ពេល​បច្ចុប្បន្ន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១១២​រូប​បាន​លើកដៃ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​ដែល​មាន​ចំនួន​១០​ជំពូក និង​៣៨​មាត្រា ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០​នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា និង​សមាជិក​សភា​ចូលរួម​ទាំងអស់​១១២​រូប ក្នុង​ចំណោម​សមាជិក​ទាំងអស់​១២៣​រូប ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​សភា​ពេញ​អង្គនា​ព្រឹក​ថ្ងៃ​ទៅ​៣១ ខែឧសភា ឆ្នាំ​២០១៨​ថា ការ​បង្កើត​ច្បាប់​សញ្ជាតិ​នេះ ដោយសារ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​បាន​អនុវត្ត​មក​២០​ឆ្នាំ​មកនេះ មិន​បាន​ស្រប​នឹង​ស្ថានភាព​នា​ពេល​ប​ច្ច​ប្បុ​ន្ន​នោះ​ទេ ។

សម្តេច​បន្ត​ថា សញ្ជាតិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ និង​នយោបាយ​ដែល​ភ្ជាប់​បុគ្គល​នៅ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តាម​រយៈ​ចំណង​នេះ​រូបវន្តបុគ្គល​ត្រូវ​បាន​ចាត់ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ ។

សម្តេច​ក្រឡាហោម ស ខេ​ង​ក៏​បាន​បញ្ជាក់​ថា «​ស្ថានភាព​សង្គម​បច្ចុប្បន្ន​នេះ​មិន​ស្រប​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​សញ្ជាតិ​ឆ្នាំ​១៩៩៦ ។ អី​ញ្ចឹ​ង​ហើយ​បានជា​យើង​មិន​យក​ច្បាប់​នោះ​មក​អនុវត្ត​តទៅ​ទៀត ដែល​ចាំបាច់​យក​ច្បាប់​ចាស់​នោះ​មក​សិក្សា ដោយ​រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​ខ្ញុំ​ជា​ប្រធាន ។ នៅ​ពេល​សិក្សា​រួច​មក​យើង​រក​ឃើញ​ថា មាន​ចំណុច​ផ្សេង​ៗ​ជា​ច្រើន​ត្រូវ​ធ្វើការ​កែប្រែ​ក្នុង​នោះ​ការ​កំណត់​ពី​ទឹកប្រាក់ ដើម្បី​សុំ​ចូលសញ្ជាតិ​តាម​រយៈ​ការ​វិនិយោគ ឬ​ហៅ​ថា សញ្ជាតិ​តូប​នី​យ​កម្ម នោះ​ត្រូវ​បាន​លុប​ចេញ​ដាក់​ក្នុង​អនុក្រឹត្យ​វិញ ដើម្បី​ងាយស្រួល​កែប្រែ​តាម​ស្ថានការណ៍​សង្គម​» ។

យ៉ាងណា​ក្តី បើ​តាម​សេចក្តី​ថ្លែង​ហេតុ​បាន​ឲ្យ​ដឹង​សេចក្តីព្រាងច្បាប់​សញ្ជាតិ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​បី គឺ​១- រក្សា​ទុក​នូវ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ឆ្នាំ ១៩៩៦ ដែល​នៅ​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការ​អនុវត្ត ។ ២- កែសម្រួល ឬ​លុប​ចោល​នូវ​បទ​ប្ប​ញ្ញ​តិ្ត​ទាំងឡាយ​ណា​ដែល​លែង​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការ​អនុវត្ត និង​៣- បន្ថែម​បទ​ប្បញ្ញត្តិ​ថ្មី​ឲ្យ​ស្រប​តា​មកា​រវិ​វត្ត​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប​ច្ច្​ុ​ប្បន្ន ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​កិច្ចការ​សញ្ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សំដៅ​ធានា​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ ។

សូម​ជម្រាប​ថា អង្គ​សភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​មួយ​ជំពូក​ម្តង​ៗ​ដែល​មាន​លទ្ធផល​ដូច​ខាងក្រោម អង្គ​សភា​បាន​អនុម័ត​យល់ព្រម​ទទួលយក​សេចក្តីព្រាងច្បាប់​មក​ពិចារណា​មាន​ចំនួន​១១១​សំឡេង ។

បន្ទាប់​ពី​ពិភាក្សា​រួច​អង្គ​សភា​បាន​អនុម័ត​យល់ព្រម​លើ​ជំ​ពួក​ទី​១​មាន​ចំនួន​១១១​សំឡេង ជំពូក​ទី​២ មាន​ចំនួន​១១១​សំឡេង ជំពូក​ទី​៣​មាន​ចំនួន​១១១​សំឡេង ជំពូក​ទី​៤​មាន​ចំនួន​១១១​សំឡេង ជំពូក​ទី​៥ មាន​ចំនួន​១១១​សំឡេង ជំពូក​ទី​៦​មាន​ចំនួន​១១២​សំឡេង ជំពូក​ទី​៧ មាន​ចំនួន​១១២​សំឡេង ជំពូក​ទី​៨ មាន​ចំនួន​១១២​សំឡេង ជំពូក​ទី​៩ មាន​ចំនួន​១១២​សំឡេង ជំពូក​ទី​១០ មាន​ចំនួន​១១២​សំឡេង ជា​ចុងបញ្ចប់​អង្គ​សភា​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់ ទាំងមូល​មាន​ចំនួន​១១២ សំឡេង ។

សូម​ជម្រាប​ថា ជំពូក​ទី​១​បាន​ចែង​អំពី​បទ​ប្បញ្ញត្តិ​ទូទៅ​មាន​៤​មាត្រា​ដែល​ជំពូក​នេះ​ចែង​អំពី​គោលបំណង​គោលដៅ​វិសាលភាព​នៃ​ច្បាប់ និង​ការ​កំណត់​និយម​ន័យ​នៃ​វាក្យ​ស័ព្ទ​សំខាន់​ៗ​។
ជំពូក​ទី​២​ចែង​អំពី​ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​១​មាត្រា (​មាត្រា​៥) ជំពូក​នេះ​ចែង​អំពី​ក្រសួង មហាផ្ទៃ​ដែល​មាន​សមត្ថកិច្ច​ដឹកនាំ​អនុវត្ត​ច្បាប់​ស្តី​ពី​សញ្ជាតិ ។ ជំពូក​៣​ចែង​អំពី​គោលការណ៍​ទូទៅ​មាន​៣​មាត្រា ជំពូក​នេះ​ចែង​អំពី​ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ជា​ប្រជាពលរដ្ឋ​ខ្មែរ សិទ្ធិ​ទទួល និង​កាន់កាប់​អត្ថ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជំពូក​នេះ​ក៏​បាន​ចែង​ផង​ដែរ អំពី​ការ​ហាមឃាត់​កា​រដក​សញ្ជាតិ​ការ​និរទេស​ខ្លួន ឬ​ចាប់​បញ្ជូន​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​ក្រៅ​ការ​គាំពារ គ្រប់​មធ្យោបាយ​ការទូត និង​ការ​មិន​អាច​បាត់​សញ្ជាតិ​ដោយ​ឯកឯង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ឯ​បរទេស ។

ជំពូក​ទី​៤​បាន​ចែង​អំពី​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​ពី​ការ​ស្មុំ​កូន​ពេញលេញ​មាន​២​មាត្រា ដែល​ជំពូក​នេះ​ចែង​អំពី​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ដោយ​ការ​កើត​ពី​ឪពុក​ម្តាយ​មាន​សញ្ញា​តិ​ខ្មែរ និង​ដោយ​ការ​កើត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​អំពី​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ ។ ជំពូក​៥ ចែង​អំពី​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍​មាន​៧​មាត្រា​ជំពូក​នេះ​ចែង​អំពី​ការ​អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​ពី​របស់​ស្ត្រី ឬ​បុរស​បរទេស​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​ដែល​ជនបរទេស​នោះ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​បាន​កំណត់ និង​សិទ្ធិ​ប្តឹង​តវ៉ា​ក្នុង​ករណី​មានការ​បដិសេធ​ការ​ទាមទារ​សញ្ជាតិ ។ ជំពូក​នេះ​ក៏​បាន​ចែង​ផង​ដែរ​ពី​ការ​បាត់​សញ្ជាតិ​ខ្មែរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយសារ​ការ​រៀប​អា​ពា​ហ៍​ពា​ហ៍​ជាមួយ​ជនបរទេស ។

ជំពូក​៦ ចែង​អំពី​សញ្ជាតិ​តូប​នី​យ​កម្ម​មាន​១០​មាត្រា​ដោយ​ជំពូក​នេះ​បាន​ចែង​ពី​អំពី​លក្ខខណ្ឌ​ផ្សេង​ៗ​ដែល​ជនបរទេស​ត្រូវ​បំពេញ ដើម្បី​ស្នើ​សុំ​ចូលសញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតិ​តូ​នី​យ​កម្ម​ដែល​លក្ខខណ្ឌ​មាន​ដូច​ជា ការ​ស្នាក់​នៅ ការ​វិនិយោគ ការ​ធ្វើ​អំណោយ​ជា​សាច់ប្រាក់​ដល់​ថវិកាជាតិ ឬ​វិស័យ​មនុស្សធម៌ និង​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស ។ ជំពូក​៧​ចែង​អំពី​ការ​បាត់​សញ្ជាតិ​ខ្មែរ មាន​២​មាត្រា ដោយ​ជំពូក​នេះ​ចែង​អំពី​ការ​អនុញ្ញាត​ឲ្យ​ជន​ណា​ដែល​មាន​សញ្ជាតិ​ខ្មែរ​ហើយ​មាន​អាយុ​១៨​ឆ្នាំ​យ៉ាងតិច​អាច​សុំ​លះបង់​សញ្ជាតិ​ខ្មែរ​បាន​ក្នុង​ករណី​ដែល​ជន​នោះ​មាន​សញ្ជាតិ​ផ្សេង​ទៀត និង​ការ​អនុញ្ញាត​ឲ្យ​មានការ​សុំ​លះបង់​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​ជា​ម្តាយ ឬ​ឪពុក ដែល​មានកូន​ជា​អនីតិជន ។

នៅ​ក្នុង​ជំពូក​៨ នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ដែល​ចែង​អំពី​ទោស​ប្បញ្ញតិ មាន​៦​មាត្រា ដោយ​ជំពូក​នេះ​បាន​ចែង​អំពី​ការ​ផ្តន្ទាទោស​ជនបរទេស​ណា​ដែល​កាន់កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្តន្ទាទោស​ដូច​គ្នា​ចំពោះ​មន្ត្រី ភ្នាក់ងាររាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ជន​ណា​ម្នាក់​ដែរ​មិន​មាន​សញ្ជាតិ​ខ្មែរ ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​នោះ​ដែរ​អង្គប្រជុំ​សភា​ក៏​បាន​អនុម័ត
សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្ក​ការ​សហ​ប្រ​តិ​ប​តិ្ត​ការ​ព្រៃឈើ​អាស៊ី ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា ៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ដោយ​ព្រះរាជក្រម​លេខ​ន​ស​/ រកម​/ ០៧០១/០៩ ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០០១ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ