រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការកសាង និងធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺមិនមែន ដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែគឺដើម្បីការពារជាតិពីការឈ្លានពានណាមួយ ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱ កាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ស ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចងចាំ អំពីការតស៊ូ ពលិកម្ម នៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះ ដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា ការធ្វើទំនើបកម្មវិស័យកងទ័ព មានបីយ៉ាង គឺទីមួយ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបី ការធ្វើទំនើបកម្មគ្រឿងបំពាក់, ឧបករណ៍បំពាក់ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ៖ ការកសាង និងធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរ បស់យើងពីការឈ្លានពានរបស់បរទេស ។
ជាថ្មីម្តទៀត ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការពិនិត្យមើលផងដែរ លើការជំរុញក្រុមស្រាវជ្រាវ និងទំនើបកម្មលើទីចាត់ការហ្វឹកហ្វឺនកងទ័ព ខណៈបច្ចុប្បន្នបច្ចេកវិទ្យានៅលើពិភពលោក មានការទំនើប និងជឿនលឿនណាស់។ ហេតុនេះ ការធ្វើទំនើបកម្ម គឺជាគ្រឹះសំខាន់ ដែលអាចឈានទៅធ្វើការពង្រឹងបន្ថែមលើវិស័យយោធា និងការពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំថែមទៀត ៕



ចែករំលែកព័តមាននេះ