ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិត​អាមេរិក​ទៅ​ដល់​អ៊ុយ​ក្រែន​និយាយ​ពី​ជំនួ​យ​យោធា​ និង​ទណ្ឌ​កម្ម​រុស្ស៊ី

6 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រេសិត​ពិសេស​​អាមេរិក​​​ លោក​ខេត​ ខេ​ឡក់ (Keith Kellogg) បាន​​​ទៅ​ដល់​រដ្ឋ​ធានី​កៀវ ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិ​សុខ​ជាតិ និង​ការ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។ ខាង​លើ​នេះ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​​​។…

ទី​ក្រុង​កៀវ៖ ប្រេសិត​ពិសេស​​អាមេរិក​​​ លោក​ខេត​ ខេ​ឡក់ (Keith Kellogg) បាន​​​ទៅ​ដល់​រដ្ឋ​ធានី​កៀវ ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិ​សុខ​ជាតិ និង​ការ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​។ ខាង​លើ​នេះ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​​​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី យេម៉ាក់ (Andriy Yermak) បាន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​អ្វី​ដែល​ជា​របៀប​វារៈ​សំខាន់​ៗ​នៅ​ក្នុង​ទស្សន​កិច្ច​នេះ​មាន​ដូច​ជា​បញ្ហា​ការ​ពារ​ជាតិ, ការ​ពង្រឹង​សន្តិ​សុខ​ជាតិ​, ការ​ផ្ដល់​អាវុធ​, ការ​ដាក់​ទណ្ឌ​កម្ម​ (ទៅ​លើ​រុស្ស៊ី​), ការ​ការ​ពារ​ប្រជា​ជន​របស់​យើង​, ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អ៊ុយ​ក្រែន និង​អាមេរិក។ល។​

ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន ​លោក​ហ្សេឡិន​ស្គី ថ្លែង​នៅ​ក្នុង​សុន្ទរ​នៅ​ពេល​រាត្រី​ថា​លោក​បាន​ណែនាំ​ទៅ​អគ្គ​បញ្ជា​ការ​ និង​នាយ​អគ្គ​សេនា​​​​រាយ​ការណ៍​អំពី​សមត្ថ​ភាព​យោធា​របស់​អ៊ុយ​ក្រែន​ និង​អ្វី​​ដែល​​អ៊ុយ​​ក្រែន​ចង់​បាន​​ពី​អា​មេរិក​។ លោក​ហ្សេឡិនស្គី​ថ្លែង​បន្ត​ទៀត​ថា​លោក​ខេ​ត​ ខេ​ឡក់​ក៏​នឹង​ជួប​សេវា​សន្តិ​សុខ​ជាតិ និង​ស៊ើប​ការណ៍​សម្ងាត់​ផង​ដែរ​។​ លោកថ្លែង​ថា​នៅ​សប្ដាហ៍​នេះ អ៊ុយ​ក្រែន និង​អាមេរិក​នឹង​ចរ​ចា​គ្នា​ដើម្បី​ស្នើ​សុំ​ជំនួយ​។ លោក​ចង់​ឱ្យ​អាមេរិក​​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ថា​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ខំ​ឱ្យ​រុស្ស៊ី​ទទួល​យក​ការ​ចរ​ចា​សន្តិ​ភាព​។

ក្រឡេក​ទៅ​មើល​ស្ថាន​ការណ៍សឹក​វិញ​ម្ដង​។ កាល​ពី​យប់​មិញ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​ដ្រូន​ និង​មីស៊ីល​។ តំបន់​ស៊ូមី (Sumy) និង​មីកូឡាយ​ (Mykolaiv) រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​។​ ​ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​នៅតំបន់​ទាំង​២​រាយ​ការណ៍​ថា​ដ្រូន​របស់​រុស្ស៊ី​វាយ​ប្រហារទៅ​លើ​អគារ​ជា​ច្រើន និង​បង្ក​ជា​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ជា​ច្រើន​​កន្លែង​។ ​ប៉ុន្តែ​សំណាង​ល្អ​ គ្មាន​នរណា​ម្នាក់​រង​របួស ឬ​ស្លាប់​ទេ​។

នៅ​ក្នុង​ស្ថាន​ភាព​នេះ លោក​ត្រាំ​ប្រហែល​ជា​ទ្រាំ​មើល​ការ​វាយ​ប្រហារ​នេះ​ត​ទៅ​ទៀត​មិន​កើត​ទេ​។ ជា​ពិសេស បើ​អ៊ុយ​ក្រែន​ចាញ់​ប្រៀប​ខ្លាំង​នៅ​ក្នុង​សង្គ្រាម​នេះ ការ​ចរ​ចា​គ្នា​ក៏​ពិបាក​នឹង​និយាយ​លក្ខ​ខណ្ឌ​ជា​មួយ​នឹង​ភាគី​ម្ខាង​ទៀត​ផង​ដែរ​។ ដូច្នេះ លោក​សម្រេច​ថា​នឹង​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​ (Patriot) ទៅ​ឱ្យ​អ៊ុយ​ក្រែន​នៅ​ក្នុង​ចំនួន​ប៉ុន្មាន​ពិត​ប្រា​កដ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ត្រាំ​យល់​ថា​ខែល​ការ​ពារ​ដែន​អាកាស​ជា​របស់​សំខាន់​សម្រាប់​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។

​លោក​ត្រាំ​ចាប់​ផ្ដើម​ដាក់​ចម្ងល់​​។ លោក​​មិន​យល់​​​ទាល់​តែ​សោះ​ថា​តើ​​លោក​ពូទីន​កំពុង​គិត​អ្វី​សព្វ​ថ្ងៃ​នេះ? លោក​ទាំង​២​សន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​បណ្ដើរៗ រី​ឯ​កង​ទ័ព​រុស្ស៊ិ​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​​​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​ឥត​លស់​ថ្ងៃ​។ លោក​ត្រាំ​ថា​លោក​​ពូទីន​និយាយ​ល្អ​ៗ​តែ​នឹង​មុខ​លោក​។ រួច​ហើយ​ គាត់​បន្ត​បាញ់​កាំ​ភ្លើង​ចូល​អ៊ុយ​ក្រែន​ជា​រៀង​រាល់​យប់​។ ត្រាំ​ថា​គាត់​ខក​ចិត្ត​ណាស់​ជា​មួយ​ពូទីន​។​

សូម​ជម្រាប​ថា​ផែន​ការ​បញ្ជូន​ខែល​ការ​ពារដែន​អាកាស​ម៉ាក​ផេ​ទ្រាត​នេះ​ខាង​សហ​ភាព​អឺរ៉ុប​ជា​អ្នក​ចេញ​លុយ​១០០%​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ត្រាំ​។ ​លោក​ថា​​ធ្វើ​បែប​​​ទើប​ត្រូវ​ចិត្ត​របស់​លោក​។ លោក​គ្រោង​ជួប​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​នៅ​​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អ៊ុយ​ក្រែន​ និង​បញ្ហា​ដទៃ​ទៀត​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ