មុនពេលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ ដែលជាពេលដែលកូនចៅត្រូវទៅជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនដូនតា តែបែរជាមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ៗបានកើតឡើង ។ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មនុស្សដល់ទៅ១២នាក់ បានបាត់បង់ជីវិត និង ២០នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
របាយការណ៍ដែលផ្សាយដោយលោក ខៀវ កញារីទ្ធ បានបង្ហាញថា គិតចាប់ពីម៉ោង២រសៀល ថ្ងៃទី១៨ ដល់ម៉ោង២រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១៤ ករណី នៅទូទាំងប្រទេស។ ក្នុងចំណោមករណីទាំងនោះ ៨ករណីបានកើតឡើងនៅពេល
យប់។
មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់គឺ៖
• ល្បឿនលឿន: ៨ ករណី
• មិនប្រកាន់ស្តាំ: ២ ករណី
• មិនគោរពសិទ្ធិ: ១ ករណី
• ប្រជែង: ១ ករណី
• ស្រវឹង: ១ ករណី
• ងងុយដេក: ១ ករណី
គួរឱ្យកត់សម្គាល់ ខេត្តមួយចំនួនដែលមានអ្នកស្លាប់ច្រើនជាងគេរួមមាន៖
• ខេត្តត្បូងឃ្មុំ: មានគ្រោះថ្នាក់ ២ ករណី បណ្តាលឲ្យស្លាប់ ៣ នាក់ និងរបួស ៤ នាក់។
• ខេត្តក្រចេះ: មានគ្រោះថ្នាក់ ៣ ករណី បណ្តាលឲ្យស្លាប់ ៣ នាក់ និងរបួស ៤ នាក់។
មរណភាពទាំងនេះ មិនត្រឹមតែបានឆក់យកជីវិតអ្នកស្លាប់ប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវទុក្ខសោកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារដែលបានត្រៀមខ្លួនទៅធ្វើបុណ្យភ្ជុំបិណ្ឌជាមួយគ្នា។ ពួកគេមិនបានទៅជួបជុំសាច់ញាតិ និងដូនតាដូចការគ្រោងទុកទេ។
សូមទាំងអស់គ្នាបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ភ្ជុំបិណ្ឌជាពេលនៃការជួបជុំ មិនមែនជាពេលនៃសោកនាដកម្មនោះទេ។
ចែករំលែកព័តមាននេះ