សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសម្រេចបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ការណ៍នេះធ្វើឡើង ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាន នូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត
ឯកសារនោះ បាបញ្ជាក់ថា ១- បិទការចេញ-ចូលរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លើកលែងការធ្វើដំណើរដោយទោចក្រយាន (កង់) និងអ្នកថ្មើរជើង (គំនូសពណ៌ ក្រហមក្នុងផែនទី) ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។ និង ២- អ្នកបើកបររថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អាចប្រើប្រាស់ផ្លូវវាងថ្មី ភ្ជាប់ពីកសិណខាងត្បូងប្រាសាទអង្គរវត្ត ឆ្ពោះទៅវិថីព្រះនរោត្តមសីហមុនី (គំនូសពណ៌ខៀវក្នុងផែនទី)៕

ចែករំលែកព័តមាននេះ