ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ចល័ត​យន្ត​ហោះ​ជា​បន្ទាន់​នៅ​ពេល​រុស្ស៊ី​លុក​លុយ​ដែន​អាកាស​របស់​កូន​ចៅ​ខ្លួនជា​ថ្មី

3 ម៉ោង មុន

ទី​ក្រុងប្រ៊ុច​សែល​៖ ប៉ូឡូញ​ និង​អង្គ​ការ​ណាតូ​ប្រញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជា​បន្ទាន់​នៅ​ក្នុង​​ស្ថាន​ភាព​អាសន្ន​​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ភាគ​ខាង​លិច​ខ្លាំង​ៗជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​បារម្ភ​ថា​ស្រួល​មិន​ស្រួល​យន្ត​ហោះ​ ឬ​ដ្រូន​របស់​រុស្ស៊ី​អាច​នឹង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​ទៀត​។ ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​ណាតូ និង​អេស្តូនី​ចោទ​ប្រកាន់​ថា​រុស្ស៊ី​រំលោភ​ដែន​អាកាស​របស់​ខ្លួន​។ ​ភាព​តាន​តឹង​រវាង​ណាតូ និង​រុស្ស៊ី​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​មាន​ករណី​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​បី​គ្រឿង​ជា​ប្រភេទ​យន្ត​ហោះ​មិច (MiG) បាន​ហោះ​ចូល​ដែន​អាកាស​អេស្តូនី​ដែល​អេស្តូនី​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏​កម្រោល​។…

ទី​ក្រុងប្រ៊ុច​សែល​៖ ប៉ូឡូញ​ និង​អង្គ​ការ​ណាតូ​ប្រញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជា​បន្ទាន់​នៅ​ក្នុង​​ស្ថាន​ភាព​អាសន្ន​​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ភាគ​ខាង​លិច​ខ្លាំង​ៗជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​បារម្ភ​ថា​ស្រួល​មិន​ស្រួល​យន្ត​ហោះ​ ឬ​ដ្រូន​របស់​រុស្ស៊ី​អាច​នឹង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​ទៀត​។ ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​ណាតូ និង​អេស្តូនី​ចោទ​ប្រកាន់​ថា​រុស្ស៊ី​រំលោភ​ដែន​អាកាស​របស់​ខ្លួន​។

​ភាព​តាន​តឹង​រវាង​ណាតូ និង​រុស្ស៊ី​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​មាន​ករណី​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​បី​គ្រឿង​ជា​ប្រភេទ​យន្ត​ហោះ​មិច (MiG) បាន​ហោះ​ចូល​ដែន​អាកាស​អេស្តូនី​ដែល​អេស្តូនី​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏​កម្រោល​។ ដូច្នេះ មាត្រា​៤​នៃ​ធម្ម​នុញ្ញ​របស់​អង្គ​ការ​ណាតូ​បាន​យក​មក​ប្រើ​ប្រាស់​រហូត​ដល់​ទៅ​២​ដង​នៅ​ក្នុង​ខែ​កញ្ញា​នេះ​។ ករណី​ប៉ូឡូញ​ចល័ត​យន្ត​ហោះ​ចម្បាំង​ជា​ថ្មី​ម្ដង​ទៀត​រឹត​តែ​ធ្វើ​ឱ្យ​​គេ​បារម្ភ​ថា​រុស្ស៊ី​ចាប់​ផ្ដើម​បង្ក​ការ​គំរាម​កំហែង​ចំពោះ​យោធ​ភូមិ​ភាគ​ខាង​កើត​របស់​អង្គ​ការ​ណាតូ​។​

កង​ទ័ព​ប៉ូឡូញ​ថ្លែង​ថា​ខ្លួន​ចាប់​ផ្ដើម​ស្ទុះ​ស្ទា​ចល័ត​យន្ត​ហោះ​ភ្លាម​​ៗ។ ចំណែក​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​​ និង​ប្រព័ន្ធ​រ៉ាដា​ក៏​ត្រូវ​ដាក់​ឱ្យ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់​ផង​ដែរ​កាល​ពី​យប់​មិញ​​​។ អង្គ​ការ​ណាតូ​ឥឡូវ​នេះ​ចាប់​ផ្ដើម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ទាប់​ពី​ប្រទេសអេស្តូនី​ដែល​ជា​សមាជិក​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​មាត្រា​៤​របស់​ណាតូ​ដើម្បី​ពិគ្រោះ​យោ​បល់​ជា​មួយ​រដ្ឋ​ជា​សមាជិក​ណាតូ​ដទៃ​ទៀត​ព្រោះ​តែ​សកម្ម​ភាព​យោធា​របស់​រុស្ស៊ី​ថ្មី​ៗ​នេះ​។

អ្នក​វិភាគ​អំពី​ស្ថាន​ការណ៍​សឹក​យល់​ថា​រុស្ស៊ី​កំពុង​ធ្វើ​តេស្ត​​អង្គ​ការ​ណាតូ​ដើម្បី​ចង់​ដឹង​ថា​តើ​ពួក​គេ​មាន​ប្រតិ​កម្ម​បែប​ណា​។ យោធា​ប៉ូឡូញ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​នៅ​វេលា​ម៉ោង​៣:៣០​ទៀប​ភ្លឺ រុស្ស៊ី​វាយ​ប្រហារ​ពី​ចម្ងាយ​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​។ ដូច្នេះ ប៉ូឡូញ​ក៏​ចល័ត​យន្ត​ហោះ​ចម្បាំង​ដើម្បី​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​។ យោធា​អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​៥៥២​គ្រឿង និង​មីស៊ីល​បណ្ដែត​២៩​គ្រាប់​កាល​ពី​យប់​មិញ​។

រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​ទើប​សភាព​ការណ៍​ស្ងប់​ស្ងាត់​ឡើង​វិញ​។ ​គួរ​កត់​សម្គាល់​ថា​មូល​ហេតុ​ដែល​ប៉ូឡូញ​ប្រុង​ប្រយ័ត្ន​ដល់​ថ្នាក់​នេះ​បន្ទាប់​ពី​អេស្តូនី​រាយ​ការណ៍​ថា​យន្ត​ហោះ​មិច​៣១ (MiG-31) របស់​រុស្ស៊ី​បី​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​នៅ​លើ​ឈូង​សមុទ្រ​ហ្វាំង​ឡង់​រយៈពេល​​១២​នាទី​។ ​ម៉្យាង​ទៀត​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប៉ូឡូញ​ខ្លួន​ឯង​ក៏​រង​ការ​បំពាន​ដែន​អា​កាស​ផង​ដែរ​ពី​សំណាក់​ដ្រូន​របស់​រុស្ស៊ី​ជាង​ម្ភៃ​គ្រឿង​។

ប្រតិ​កម្ម​ចំពោះ​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​យន្ត​ហោះ​របស់​ខ្លួន​មិន​បាន​ហោះ​ចូល​ដែន​អាកាស​អេស្តូនី​ទេ​។ ក្រសួង​អះ​អាង​ថា​យន្ត​ហោះ​មិច​៣១​ទាំង​នោះ​គ្រាន់​តែ​ហោះ​តាម​ធម្ម​តា​ពី​​ការ៉េ​លី​យ៉ា​ (Karelia) ឆ្ពោះ​ទៅ​កាលីនីន​ក្រាត (Kaliningrad) និង​អនុវត្ត​ត្រឹម​ត្រូវ​ទៅ​តាម​បទ​បញ្ញត្តិ​ជា​ធរ​មាន​របស់​អាកាស​ចរណ៍​អន្តរ​ជាតិ​។

បន្ទាប់​ពី​អេស្តូនី​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​នោះ លោក​ត្រាំ​ក៏​បាន​បញ្ចេញ​ប្រតិ​កម្ម​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ លោក​ថា​លោក​មិន​ចង់​ឃើញ​ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ទេ​។ លោក​យល់ថា​បើ​បណ្ដោយ​បែប​នេះ​ត​ទៅ​ទៀត​អាច​នឹង​មាន​រឿង​ធំ​ជា​មិន​ខាន​។ អ្នក​ជំនាញ​យល់​ថា​បើ​ក្រុម​បស្ចិម​ប្រទេស​មិន​ប្រើ​ធម៌​ក្ដៅ​លើ​រុស្ស៊ី​ដោយ​ដាក់​ទណ្ឌ​កម្ម​ឱ្យ​បាន​ខ្លាំង​ក្លា​​​ទេ​ រុស្ស៊ី​​​​នឹង​រំលោភ​ចូល​ដែន​អាកាស​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​​ជា​បន្ត​ទៀត​។ នេះ​បើ​​តាម​ប្រភព​ពី​ញូស្វីក (Newsweek) និង​ប្រ​ភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ