រាជធានីភ្នំពេញ ៖ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យក្រសួងការពារជាតិ ធ្វើការពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលច្បាប់នេះ នឹងធ្វើឲ្យកម្ពុជាមានទ័ពច្រើន ។
ថ្លែងក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)” នៅខេត្តកំពង់ឆ្នាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំចង្អៀតកន្លងមក សម្តេចបវរធិបតី បានស្នើសុំឲ្យមានគោលការណ៍ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦ ត្រូវរៀបចំពិនិត្យធ្វើឲ្យ ដើម្បីឈានដល់ការអនុវត្ត នៅឆ្នាំ២០២៦ ។
សម្តេចបវរធីបតី បានបញ្ជាក់ថា ៖ «ឆ្នាំ២០២៦ ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវអនុវត្តន៍ ដែលនេះជាការប្តេជ្ញាចិត្តរបស់យើង«…» ច្បាប់នេះ យើងធ្វើតាំងពីឆ្នាំ២០០៦ អ៊ីចឹង វាមានរយៈពេល២០ឆ្នាំគត់ ។ ខ្ញុំឲ្យកែច្បាប់នេះ ឲ្យពិនិត្យចំណុចមួយចំនួនថា ស្របតាមនឹងស្ថានភាពបច្ចុប្បន្ន ឬយ៉ាងណា ? ច្បាប់ចាស់ដាក់ឲ្យអនុវត្ត១៨ខែ ប៉ុន្តែនៅពេលធ្វើការហ្វឹកហ្វាត់ អស់រយៈពេលច្រើនខែ អ៊ីចឹងមានពេលណាអនុវត្តន៍ ដូច្នេះខ្ញុំស្នើឲ្យពិនិត្យបន្ថែមដល់២៤ខែ ទើបសមស្រប» ។
សម្តេចបវរធិបតី បានអះអាងថា ច្បាប់កាតព្វកិច្ចយោធានេះ នឹងជួយឲ្យកម្ពុជា មានបរិមាណកងទ័ពមានចំនួនច្រើន ។ ច្បាប់នេះ ធ្វើឲ្យមានភាពងាយស្រួល ក្នុងការជ្រើសរើសទ័ព មានភាពទូលំទូលាយ ជាងការជ្រើសរើសទ័ពអាជីព។ លើសពីនេះ បានបង្កើនប្រសិទ្ធិភាពក្នុងការជ្រើសរើសសាច់ទ័ព។ ទ័ពដែលរើសមកត្រូវធ្វើការហ្វឹកហ្វឺនរួចហើយ ត្រូវបំពេញការងារ ។
សម្តេចបវរធិបតី បានបញ្ជាក់ ៖ «អ៊ីចឹងច្បាប់នេះយើងនឹងត្រូវអនុវត្តន៍ ហើយទ័ព ដែលទើបនឹងចូលមកថ្មី គឺជាប់កាត្វកិច្ចរយៈពេល២ ឆ្នាំ គាត់គឺជាទ័ពកាតព្វកិច្ច» ។
សម្តេចបវរធិបតី បានបន្ថែមថា ចំពោះឋានន្តរស័ក្តិ គឺមិនត្រូវព្រួយបារម្មណ៍នោះទេ គឺបំពេញសាច់ទ័ព។ ដូច្នេះយើង មានយោធិនសម្រាប់រយៈពេល២ឆ្នាំហើយ ធ្វើការចល័តរហូតរាល់ឆ្នាំ ដូច្នេះចំនួនសាច់ទ័ព ពិសេសពលទាហានថ្នាក់ក្រោម គឺមិនខ្វះនៅថ្ងៃអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប្រសិទ្ធភាព ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចនេះ ដែរនឹងធ្វើឲ្យជ្រើសរើសកងទ័ពកាន់តែមានប្រសិទ្ធិភាព ដោយសារមានហ្វឹកហ្វាត់ បណ្តុះបណ្តាលបានល្អផងដែរ៕




ចែករំលែកព័តមាននេះ