ខេត្តកំពង់ចាម ៖ សំឡេងទូងស្គរបានឮកងរំពង នៅសាលាខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងអង្គភាពនានាជុំវិញខេត្តទីអារាមចំនួន៣៧៩វត្ត បានបន្លឺឡើងព្រមៗគ្នា វេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអបអរសាទរការចុះបញ្ជីទីតាំងមណ្ឌលឧក្រិដ្ឋកម្ម៣កន្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

លោកព្រឹទ្ធាចារ្យ ស្រី កានឿន មានប្រសាសន៍រំលឹកថា: ក្នុងគ្រាដែលប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ និង២០ថ្ងៃ ដោយសារមានការយកចិត្តទុកដាក់ក្នុងការតស៊ូរំដោះជាតិពីសំណាក់សម្ដេចតេជោ ព្រមទាំងឥស្សរជនមួយចំនួនទៀតបានរំដោះប្រទេស នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ គ្រានោះហើយដែលយើងត្រូវបានកសាងចេញពីបាត់ដៃទទេ រហូតមកដល់សព្វថ្ងៃ បានអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យមានសន្តិភាពគ្រប់ទីកន្លែង បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទិសទីមិនថា យប់ ឬថ្ងៃឡើយ ។

លោកព្រឹទ្ធាចារ្យ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោមការផ្ដួចផ្ដើមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ក្នុងការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុងប៉ារីសសាធារណរដ្ឋបារាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។

ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
តាមរយៈការយកចិត្តទុកដាក់ពីសំណាក់តេជោជាបិតាសន្តិភាព នៅកម្ពុជា គឺពិតជាមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ។ ក្នុងនោះ ដើម្បីបង្ហាញពីការចងចាំមេរៀនដ៏ជូរចត់ដែលធ្វើឲ្យកម្ពុជាបែកបាក់ទឹកភ្នែកហូរជាស្ទឹងឆ្អឹងគរជាភ្នំជាមួយនោះការផ្ដាច់ជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍វិលមកកម្ពុជាជាលើកទី២ទៀតឡើយ ។
ក្នុងការស្ដារអភិវឌ្ឍប្រទេសជាតិរយៈពេលជាង៤០ឆ្នាំនេះបានធ្វើឲ្យកម្ពុជាមានការរីកចម្រើនគ្រប់វិស័យដូចប្រទេសជិតខាង និងបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាពុំមែនមានតែមណ្ឌលប្រល័យពូជសាសន៍បីខាងលើនេះទេ គឺមានពាសពេញប្រទេសតែម្ដង ក្នុងនោះនៅភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមក៏មានកន្លែងពិឃាតមនុស្សយកមកពីគ្រប់ទិសទីផងដែរ ។
ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩-១៩៨០ រូបលោកក៏ស្ថិតក្នុងជួរគណៈកម្មការម្នាក់ ដោយបានរាប់ឆ្អឹងរលាដ៏ក្បាលមនុស្សឃើញមានចំនួនរហូតដល់ជិត២ម៉ឺនឯណោះ ដែលជាចំនួនមួយដ៏ច្រើន ។
ហើយជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអង្គភាពនានាជុំវិញខេត្ត តែងតែប្រារព្ធពិធីចងចាំ ២០ ឧសភា មិនដែលអាក់ខានម្ដងណាឡើយ ។ ក្រៅពីនេះ នៅតាមស្រុកក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម ក៏មានកន្លែងពិឃាតមនុស្សនៃរបបអាវខ្មៅនេះផងដែរ ៕



ចែករំលែកព័តមាននេះ