មេរោគកូវីដ១៩ ប្រភេទថ្មី XFG ត្រូវបានស្ថាប័នជំនាញនៅក្នុងប្រទេសថៃអះអាងថា វាពិតជាបានបង្ហាញខ្លួននៅក្នុងប្រទេសថៃហើយនៅពេលនេះ ។ ដូច្នេះយើងគប្បីមានការប្រុងប្រយ័ត្នបន្តទៀត ។
រូបតំណាងដោយ AI តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បានឲ្យដឹងថា មេរោគកូវីដ១៩ ប្រភេទថ្មីនេះត្រូវបានអគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររាយការណ៍ កាលពីថ្ងៃសៅរ៍ ជាមេរោគដែលអាចបង្កការឆ្លងរហ័ស ហើយខ្លួនបានរកឃើញករណីឆ្លងចំនួន២៣នាក់នៅក្នុងប្រទេសតែម្តង ។
លោកវេជ្ជបណ្ឌិត យុងយូស ថាម៉ាវុឌ្ឍ អគ្គនាយកនៃស្ថាប័នជំនាញនេះ បានអះអាងថា វាគឺជាប្រភេទមេរោគដែលអង្គការសុខភាពពិភពលោក កំពុងតែដាក់នៅក្រោមការត្រួតពិនិត្យ ដោយសារតែវាមានសមត្ថភាពឆ្លងខ្លាំង ។
ពាក់ព័ន្ធនឹងមេរោគរោគនេះ អង្គការសុខភាពពិភពលោកបានអះអាងថា XFG គឺជាប្រភេទមេរោគកូវីដ១៩ ដែលខ្លួនបានដាក់នៅក្រោមការត្រួតពិនិត្យកាលពីថ្ងៃទី២៥ ខែមិថុនា ហើយមកដល់ពេលនេះ វាបានបង្ហាញវត្តមាននៅក្នុងប្រទេស៣៨ ហើយនៅលើពិភពលោក ។

អង្គការនេះបានអះអាងថា បច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថា XFG បណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងការប្រែប្រួលផ្សេងទៀតនោះទេ ប៉ុន្តែការប្រុងប្រយ័ត្នគួរតែយកចិត្តទុកដាក់ដោយសារតែ XFG គឺជាត្រកូលរងនៃមេរោគ Omicron ដែលកើតចេញពីការផ្សំឡើងវិញនៃកោសិកាមេរោគកូវីដផ្សេងៗ ។ XFG នេះមានកោសិកាដែលមានការផ្លាស់ប្តូរប្រូតេអ៊ីនលឿន ដូច្នេះហើយវាអាចបង្កើនសមត្ថភាពនៃការចម្លងរបស់វា និងអាចគេចចេញពីភាពស៊ាំ ។
សូមប្រុងប្រយ័ត្ន ខណៈពេលនេះ កម្ពុជានៅតែបន្តមានពលករចំណាកស្រកនៅតែបន្តវិលត្រឡប់មកមាតុប្រទេសវិញ ខណៈដែលប្រទេសថៃ និងកម្ពុជាកំពុងតែមានអរិភាពព្រំដែន ។
ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា មេរោគកូវីដ១៩ នៅក្នុងប្រទេសក៏បានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ដែរគ្រាន់តែកណីបាត់បង់ជីវិតនៅមិនទាន់មាន ។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ១៩ ថ្មី២បន្ថែម ដូច្នេះករណីឆ្លងសរុបនៅកម្ពុជាមានសរុប១៣៩.៦២១ ករណីហើយប៉ុន្តែករណីស្លា.ប់ គឺមានតែ ៣.០៥៦ដដែលប៉ុណ្ណោះ ។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា អង្គការសុខភាពពិភពលោកបានអះអាងថា មេរោគកូវីដ១៩ បានឆ្លងសរុបមនុស្សជា៧៧៨ លាននាក់ នៅក្នុងនោះវាបានសម្លា.ប់មនុស្សជាង៧លាននាក់ ដោយឡែកអ្នកស្លា.ប់នៅរយៈពេល២៨ថ្ងៃចុងក្រោយ គឺមានជាង១០០០នាក់ដែរ ៕
ចែករំលែកព័តមាននេះ