ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរថា គ្មាននយោបាយធ្វើអមិត្ត ជាមួយប្រទេសជាតិណាមួយទេ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការបំផុត នូវសន្តិភាព…
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការបំផុត នូវសន្តិភាព…
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជា គ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយ នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំ ហ្វឹកហ្វឺន និងបណ្តុះបណ្តាល នូវជំនាញវិជ្ជាជីវៈ កងរាជអាវុហត្ថ និងជំនាញយោធា ដូច្នេះកងរាជអាវុធហត្ថមានតួរនាទីយ៉ាងសំខាន់នៅក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដែលជាខឿនការពារជាតិ និងឃឿនសន្តិសុខជាតិ ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ថ្លែងបញ្ជាក់ថា កិច្ចការពារជាតិ គឺអទិភាពមួយ ក្នុងចំណោមអទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាល តែងតែគិតគូ យកចិត្តទុកដាក់ ដើម្បីធានានូវសន្តិភាព ស្ថេភាព និងសន្តិសុខ និងលើកតម្កើនកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ទៅលើឆាកអន្តរជាតិ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សន៍ និងអំពើប្រល័យពូជសាស៍ ត្រូវគេហ៊ុំព័ទ្ធ និងឯកោ ត្រូវគេប្រមាថមើលងាយពីអតីតកាល បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញ ភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ៖ “យើងត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ យើងគ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា” ។
បន្ថែមលើនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពច្រំដែរ នៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុចន្ទៈនៅក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។
សម្តេចក៏បានលើកឡើងថា កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើន ណាស់ហើយ ដោយសារការឈ្លានពានដណ្តើមយកពីបរទេស ដូចនេះ កម្ពុជាប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកពីសម័យអាណានិគមនិយមឱ្យគង់វង្ស ៕
ចែករំលែកព័តមាននេះ